សាំយូអែល ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31


ជំពូក 2

លំដាប់​នោះ ហាណា​ក៏​អធិស្ឋាន​ថា ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​សាទរ​ចំពោះ​ព្រះ‌អង្គ ស្នែង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ដោយ​នូវ​ព្រះ‌យេហូវ៉ា មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់
2 គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯ​ណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ
3 កុំ​ឲ្យ​ពោល​ពាក្យ​អំនួត​ដ៏​លើស‌លុប​ដូច្នេះ​ទៀត កុំ​ឲ្យ​មាន​សេចក្ដី​ឃ្នើស‌ឃ្នង​ចេញ​ពី​មាត់​ឯង​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ជ្រាប​ទាំង​អស់ គឺ​ទ្រង់​ហើយ ដែល​ថ្លឹង​អស់​ទាំង​អំពើ
4 ធ្នូ​នៃ​ពួក​ខ្លាំង​ពូកែ​បាន​បាក់​ហើយ តែ​ពួក​អ្នក​ដែល​ល្វើយ​បាន​ក្រវាត់​ឡើង​ដោយ​កម្លាំង​វិញ
5 ពួក​អ្នក​ដែល​ពី​ដើម​ឆ្អែត គេ​បាន​ទៅ​ជា​ស៊ី​ឈ្នួល​ចិញ្ចឹម​ជីវិត តែ​ពួក​អ្នក​ដែល​ពី​ដើម​អត់‌ឃ្លាន គេ​បាន​ឆ្អែត​វិញ បាន​ជា​នាង​ស្រី​អារ​បង្កើត​កូន​បាន​៧ ហើយ​នាង​ដែល​មាន​កូន​ច្រើន​បាន​រីងរៃ​ទៅ
6 ឯ​សេចក្ដី​ស្លាប់ ហើយ​និង​ជីវិត នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​នាំ​ឡើង​មក​វិញ​ដែរ
7 ឯ​ការ​ក្រ ហើយ​និង​មាន នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ដែល​បន្ទាប​ទៅ ហើយ​គឺ​ទ្រង់​ដែល​លើក​ឡើង​ដែរ
8 ទ្រង់​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កំសត់​ទុរគត​ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មរដក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ដាក់​លោកីយ៍​នៅ​លើ​សសរ​ទាំង​នោះ
9 ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កម្លាំង​បាន​ទេ
10 ឯ​ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ទ្រង់​នឹង​បញ្ចេញ​ផ្គរ‌លាន់​ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជំនុំ‌ជម្រះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​ស្តេច​នៃ​ទ្រង់ ព្រម​ទាំង​តម្កើង​ស្នែង​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង
11 រួច​ពី​នោះ​ហើយ អែល‌កាណា​ក៏​ត្រឡប់​វិល​ទៅ​ឯ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ឯ​កូន​តូច​បាន​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​អេលី​ដ៏​ជា​សង្ឃ។
12 រីឯ​ពួក​សង្ឃ​ជា​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ‌យេហូវ៉ា​ទេ
13 ឯ​ទម្លាប់​ដែល​គេ​ប្រព្រឹត្ត​ចំពោះ​បណ្តា‌ជន នោះ​គឺ​ដូច្នេះ បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បម្រើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​៣​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់
14 ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​ក៏​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ​មក គេ​ធ្វើ​ដូច្នោះ​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ឯ​ស៊ីឡូរ
15 មួយ​ទៀត​មុន​ដែល​គេ​ដុត​ខ្លាញ់ នោះ​អ្នក​បម្រើ​របស់​ពួក​សង្ឃ​ក៏​មក​និយាយ​នឹង​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា ចូរ​ឲ្យ​សាច់​ដែល​សម្រាប់​អាំង​ដល់​ពួក​សង្ឃ​មក ដ្បិត​លោក​មិន​យក​សាច់​ស្ងោរ​ពី​ឯង​ទេ លោក​យក​តែ​សាច់​ឆៅ​វិញ
16 បើ​សិន​ជា​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា ចាំ​ឲ្យ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ នោះ​គេ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ អញ​នឹង​យក​ទាំង​បង្ខំ
17 ដូច្នេះ បាប​របស់​មនុស្ស​កំលោះ​ទាំង​នោះ​មាន​ទំងន់​ខ្លាំង​ណាស់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​តង្វាយ​នៃ​ព្រះ‌យេហូវ៉ា។
18 ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដើម្បី​សម្រេច​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
19 ហើយ​ម្តាយ​ក៏​ធ្វើ​អាវ​តូច​១ យក​មក​ឲ្យ​រាល់​តែ​ឆ្នាំ ក្នុង​កាល​ដែល​នាង​ឡើង​មក​ជា​មួយ​នឹង​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ឆ្នាំ
20 នោះ​អេលី លោក​ឲ្យ​ពរ​ដល់​អែល‌កាណា និង​ប្រពន្ធ​ផង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​បាន​ពូជ‌ពង្ស ដោយ‌សារ​ស្រី​នេះ ជំនួស​កូន​នេះ​ដែល​នាង​បាន​សូម​ពី​ទ្រង់ រួច​គេ​ក៏​ត្រឡប់​វិល​ទៅ​ផ្ទះ​វិញ
21 ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហាណា​ទំងន់ បង្កើត​បាន​កូន​ប្រុស​៣​កូន​ស្រី​២​ទៀត ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
22 រីឯ​អេលី លោក​ចាស់​ណាស់​ហើយ លោក​ក៏​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ខ្លួន​បាន​ប្រព្រឹត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​អំពើ​ដែល​គេ​តែង​ដេក​នឹង​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង
23 ដូច្នេះ លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​ប្រព្រឹត្ត​អំពើ​យ៉ាង​នេះ ដ្បិត​អញ​បាន​ឮ​បណ្តា‌ជន​និយាយ​ពី​អំពើ​អាក្រក់​របស់​ឯង​នេះ
24 កុំ​ឡើយ កូន​អើយ ដ្បិត​សេចក្ដី​ដែល​អញ​ឮ​គេ​និយាយ​នោះ​មិន​ល្អ​ទេ យ៉ាង​នោះ​ឯង​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​រំលង​ហើយ
25 បើ​មនុស្ស​ម្នាក់​ធ្វើ​បាប​នឹង​ម្នាក់​ទៀត នោះ​មាន​ព្រះ‌ទ្រង់​ជំនុំ‌ជម្រះ​ដល់​អ្នក​នោះ តែ​បើ​មនុស្ស​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ នោះ​តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រហារ​ជីវិត​គេ​ចោល
26 ឯ​សាំយូ‌អែល ជា​ក្មេង​នោះ​ក៏​ចេះ​តែ​មាន​វ័យ​ចម្រើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង​ផង។
27 គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​មក​ឯ​អេលី​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ តើ​អញ​មិន​បាន​លេច​មក​ឲ្យ​ពួក​វង្ស​នៃ​អយ្យកោ​ឯង​ឃើញ ពី​កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន នៅ​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី
28 តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនៈ​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​អយ្យកោ​ឯង​ផង​ទេ​ឬ​អី
29 បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​អញ ដោយ​រាប់​អាន​កូន​ឯង​ជា​ជាង​អញ​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ខ្លួន​ធាត់​ធំ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​តង្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​អញ​ដូច្នេះ
30 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​សន្យា​ឲ្យ​ពួក​គ្រួ​ឯង និង​វង្ស​អយ្យ‌កោ​ឯង បាន​ដើរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា សូម​ឲ្យ​គំនិត​នោះ​បាន​ឆ្ងាយ​ចេញ​ពី​អញ​ទៅ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​តម្កើង​អញ នោះ​អញ​នឹង​តម្កើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ
31 មើល នឹង​មាន​គ្រា​មក​ដល់ នោះ​អញ​នឹង​កាត់​អំណាច​របស់​ឯង​ចេញ ព្រម​ទាំង​អំណាច​នៃ​ពួក​វង្ស​អយ្យកោ​ឯង​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ឡើយ
32 នៅ​កណ្តាល​គ្រប់​ទាំង​ការ​ចម្រើន ដែល​ព្រះ​ទ្រង់​នឹង​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រា‌អែល នោះ​ឯង​នឹង​ឃើញ​មាន​ទុក្ខ​វេទនា​កើត​ដល់​ពួក​គ្រួសារ​ឯង​វិញ ហើយ​និង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ជា​ដរាប​ទៅ
33 អញ​មិន​កាត់​ពួក​ឯង​ទាំង​អស់​ចេញ​ពី​អាសនៈ​អញ​ទេ ចំណែក​អ្នក​ដែល​អញ​មិន​កាត់​ចេញ នោះ​នឹង​បាន​សម្រាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​ឯង ហើយ​និង​បញ្ឈឺ​ចិត្ត​ឯង​វិញ ឯ​ពូជ​ដែល​ចម្រើន​នៅ​ក្នុង​គ្រួ​ឯង គេ​នឹង​ស្លាប់​ទៅ​ពី​កាល​កំពុង​នៅ​ពេញ​វ័យ
34 នេះ​ជា​ទី​សម្គាល់​ដល់​ឯង ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី និង​ភីនេ‌ហាស កូន​ឯង​ទាំង​២ គឺ​គេ​នឹង​ស្លាប់​ទៅ​ទាំង​២​នាក់​នៅ​ថ្ងៃ​តែ​១
35 រួច​អញ​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​១​ដែល​ស្មោះ‌ត្រង់​ដល់​អញ ជា​អ្នក​ដែល​នឹង​ធ្វើ​តាម​ចិត្ត​តាម​គំនិត​អញ​វិញ ហើយ​អញ​នឹង​បង្កើត​ឲ្យ​អ្នក​នោះ​មាន​គ្រួ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​អញ​ចាក់​ប្រេង​តាំង​ឲ្យ ជា​រៀង​រាប​ដរាប​ទៅ
36 គ្រា​នោះ ពួក​អ្នក​ដែល​នៅ​សល់​ពី​ពួក​គ្រួ​ឯង គេ​នឹង​មក​លុត​ក្រាប​ចំពោះ​អ្នក​នោះ ដើម្បី​ឲ្យ​បាន​ប្រាក់ ហើយ​និង​នំបុ័ង ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ​ណា​មួយ ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ​ផង។