សាំយូអែល ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31


ជំពូក 6

រីឯ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​ស្រុក​ភីលីស្ទីន​អស់​៧​ខែ
2 ឯ​ពួក​ភីលីស្ទីន គេ​ហៅ​ពួក​សង្ឃ និង​ពួក​គ្រូ​ទាយ​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នេះ ចូរ​បង្ហាញ​ឲ្យ​យើង​ដឹង​ជា​ត្រូវ​ធ្វើ​ដូច​ម្តេច​ផង ដើម្បី​នឹង​ផ្ញើ​ទៅ​ឯ​កន្លែង​ដើម​វិញ
3 គេ​ឆ្លើយ​ថា បើ​អ្នក​រាល់​គ្នា​ផ្ញើ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ នោះ​កុំ​ឲ្យ​ផ្ញើ​ទៅ​ដោយ​ទទេ​ឡើយ គឺ​ត្រូវ​ផ្ញើ​តង្វាយ​ដោយ​ព្រោះ​ការ​រំលងទៅ​ឯ​ព្រះ​របស់​គេ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ហើយ ក៏​នឹង​ដឹង​ជា​មាន​ហេតុ​អ្វី ដែល​នាំ​ឲ្យ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ
4 គេ​ក៏​សួរ​ថា តើ​តង្វាយ​យ៉ាង​ណា ដែល​យើង​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ទ្រង់​នោះ ពួក​នោះ​ប្រាប់​ថា គឺ​រូប​ឫស​ដូង​បាត​៥ ធ្វើ​ពី​មាស និង​កណ្តុរ​មាស​៥ តាម​ចំនួន​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ពួក​មេ​របស់​អ្នក​រាល់​គ្នា ក៏​កើត​មាន​សេចក្ដី​វេទនា​តែ​១
5 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរសើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ ប្រហែល​ជា​ទ្រង់​នឹង​សម្រាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា និង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង
6 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ កាល​ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ នោះ​តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ​អី
7 ដូច្នេះ ចូរ​ធ្វើ​រទេះ​១​ថ្មី ហើយ​យក​គោ​ញី​២​ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ
8 នោះ​ត្រូវ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដាក់​លើ​រទេះ​ទៅ ហើយ​ដាក់​គ្រឿង​មាស​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នោះ ទៅ​ក្នុង​ប្រអប់​ដាក់​ខាង​ហឹប រួច​លែង​វា​ឲ្យ​នាំ​ទៅ​វិញ​ចុះ
9 ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។
10 គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​២​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ
11 ហើយ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​ដាក់​លើ​រទេះ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្តុរ​មាស និង​រូប​ឫស‌ដូង‌បាត​របស់​គេ​ផង
12 រួច​គោ​នោះ​ក៏​ចេញ​តម្រង់​តាម​ផ្លូវ​ទៅ​ឯ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​១​នោះ​ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន គេ​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ស្រុក​បេត-សេមែស
13 គ្រា​នោះ ពួក​អ្នក​នៅ​បេត-សេមែស គេ​កំពុង​តែ​ច្រូត​ស្រូវ​នៅ​វាល​ច្រក​ភ្នំ លុះ​ងើប​ភ្នែក​ឡើង ក៏​អរ​សប្បាយ ដោយ​ឃើញ​ហឹប​នៃ​ព្រះ​មក​វិញ
14 រទេះ​ក៏​មក​ដល់​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​១​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា
15 ពួក​លេវី​គេ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា និង​ប្រអប់​ដែល​មាន​គ្រឿង​មាស​ទាំង​ប៉ុន្មាន ចុះ​មក​ដាក់​លើ​ថ្ម​ធំ​នោះ រួច​ពួក​បេត-សេមែស​ក៏​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នោះ​ឯង
16 កាល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥​នាក់​បាន​ឃើញ​ហើយ នោះ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​អេក្រុន​វិញ នៅ​ថ្ងៃ​នោះ​ដែរ។
17 ឯ​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស ដែល​ពួក​ភីលីស្ទីន​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​ដោយ​ព្រោះ​ការ​រំលង នោះ​គឺ​១​ពី​ក្រុង​អាស‌ដូឌ ១​ពី​ក្រុង​កាសា ១​ពី​ក្រុង​អាស‌កា‌ឡូន ១​ពី​ក្រុង​កាថ ហើយ​១​ពី​ក្រុង​អេក្រុន
18 ក៏​មាន​រូប​កណ្តុរ​មាស តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលីស្ទីន​ដែល​ជា​របស់​ផង​មេ​ទាំង​៥​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង និង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
19 ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ពួក​បេត-សេមែស​ដែរ ពី​ព្រោះ​គេ​បាន​បើក​មើល​ទៅ​ក្នុង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ជីវិត​គេ​អស់​៧០​នាក់ ក្នុង​៥​ម៉ឺន​នាក់ នោះ​គេ​ក៏​យំ​សោក ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​វាយ​សម្លាប់​គេ​អស់​ជា​ច្រើន​ដូច្នេះ
20 ពួក​បេត-សេមែស​និយាយ​ឡើង​ថា តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន តើ​ទ្រង់​ត្រូវ​ចេញ​ពី​យើង​ខ្ញុំ ឡើង​ទៅ​ឯ​អ្នក​ណា​វិញ
21 រួច​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម​ប្រាប់​ថា ពួក​ភីលីស្ទីន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះ សូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ។