សាំយូអែល ទី ១
ជំពូក 30
លុះដល់ថ្ងៃទី៣ កាលដាវីឌ និងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ
2 ក៏ចាប់យកពួកស្រីៗទាំងតូចទាំងធំដែលនៅទីនោះ នាំទៅជាឈ្លើយ ឥតមានសម្លាប់អ្នកណាឡើយ គ្រាន់តែដឹកនាំទៅប៉ុណ្ណោះ
3 ដូច្នេះ កាលដាវីឌ និងពួកលោកបានមកដល់ នោះក៏ឃើញទីលំនៅបានឆេះអស់ហើយ ឯប្រពន្ធ និងកូនប្រុសកូនស្រីក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ផង
4 នោះដាវីឌ និងពួកមនុស្សដែលនៅជាមួយក៏ឡើងសំឡេងយំជាខ្លាំង ដរាបដល់គ្មានកម្លាំងនឹងយំទៀត
5 ឯប្រពន្ធដាវីឌទាំង២ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលដែលជាអ្នកស្រុកកើមែល នោះគេក៏បាននាំទៅជាឈ្លើយដែរ
6 ចំណែកដាវីឌ លោកច្របល់ក្នុងចិត្តជាខ្លាំង ដ្បិតបណ្តាពួកលោកគិតចោលនឹងថ្ម ពីព្រោះគ្រប់គ្នាមានសេចក្ដីទំនាស់ចិត្តជាខ្លាំង ដោយព្រោះកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ាជាព្រះនៃលោកវិញ។
7 គ្រានោះ ដាវីឌនិយាយទៅអ័បៀថើរដ៏ជាសង្ឃ ជាកូនអ័ហ៊ីម៉ាលេកថា សូមយកអេផូឌមកឲ្យខ្ញុំឯណេះ នោះអ័បៀថើរក៏យកអេផូឌមក
8 រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនិងចាប់បានមកវិញទាំងអស់ជាមិនខានផង
9 ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ
10 ដ្បិតមាន២០០នាក់ឈប់នៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន តែឯដាវីឌ និង៤០០នាក់ឯទៀត ចេះតែខំដេញតាមទៅទៀត។
11 រីឯនៅវាល គេប្រទះឃើញសាសន៍អេស៊ីព្ទម្នាក់ ហើយក៏នាំវាមកឯដាវីឌ រួចឲ្យនំបុ័ង និងទឹកបរិភោគ
12 ក៏ឲ្យផ្លែល្វាក្រៀម១ផែន ហើយនិងផ្លែទំពាំងបាយជូរក្រៀម២ចង្កោមដែរ កាលវាបានបរិភោគហើយ នោះក៏មានកម្លាំងឡើង ពីព្រោះមិនបានបរិភោគ ទោះអាហារ ឬទឹកអស់៣ថ្ងៃ៣យប់មកហើយ
13 ដាវីឌសួរវាថា ឯងជាបាវរបស់អ្នកណា ហើយមកពីណា វាឆ្លើយតបថា ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបម្រើរបស់សាសន៍អាម៉ាលេកម្នាក់ ចៅហ្វាយខ្ញុំបានលះចោលខ្ញុំ៣ថ្ងៃមកហើយ ពីព្រោះខ្ញុំឈឺ
14 យើងខ្ញុំបានលុកចូលស្រុកត្បូងរបស់ពួកកេរេធីម និងស្រុករបស់ពួកយូដា ហើយនិងស្រុកត្បូង ជាស្រុករបស់កាលែប ក៏ដុតក្រុងស៊ីកឡាក់ដោយភ្លើង
15 នោះដាវីឌសួរថា ឯងចូលចិត្តនឹងនាំយើងចុះទៅឯពួកនោះឬទេ វាឆ្លើយថា សូមស្បថនឹងខ្ញុំដោយនូវព្រះចុះ ថាលោកមិនសម្លាប់ខ្ញុំឡើយ ក៏មិនប្រគល់ខ្ញុំទៅឲ្យចៅហ្វាយខ្ញុំវិញដែរ នោះខ្ញុំនឹងនាំលោកចុះទៅឲ្យដល់គេ។
16 កាលវាបាននាំចុះទៅដល់ហើយ នោះឃើញគេនៅពាសពេញលើដីកំពុងតែស៊ីផឹក ហើយលោតកញ្ឆេងដោយព្រោះរបឹបជាច្រើន ដែលគេចាប់បាន នាំយកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ
17 ដាវីឌក៏ប្រហារគេចាប់តាំងពីពេលព្រលប់នោះ រហូតដល់ល្ងាចថ្ងៃក្រោយ ឥតមានអ្នកណារត់រួចឡើយ លើកតែពួកកំលោះ៤០០នាក់ដែលជិះសត្វអូដ្ឋរត់ទៅប៉ុណ្ណោះ
18 ដូច្នេះ ដាវីឌចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំង២មកវិញដែរ
19 ឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូច ឬធំ កូនប្រុសកូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ
20 លោកក៏ចាប់យកហ្វូងចៀម និងហ្វូងគោដែរ ហើយពួកអ្នកគង្វាលដែលដេញសត្វទាំងនោះនៅមុខគេក៏និយាយថា នេះជារបឹបនៃដាវីឌ។
21 រួចដាវីឌត្រឡប់មកដល់ពួក២០០នាក់ ដែលឥតមានកម្លាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ កាលដាវីឌចូលមកជិត នោះក៏សួរគេពីសេចក្ដីសុខទុក្ខ
22 ឯបណ្តាមនុស្សកំណាច និងមនុស្សចោលម្សៀត ក្នុងពួកអ្នកដែលបានទៅជាមួយនឹងដាវីឌ គេនិយាយឡើងថា យើងមិនព្រមចែករបឹបដែលយើងបានចាប់យកមកវិញ ឲ្យដល់អ្នកទាំងនេះទេ លើកតែប្រពន្ធកូនគេប៉ុណ្ណោះ នោះឲ្យគេនាំទៅចុះ ពីព្រោះគេមិនបានទៅជាមួយនឹងយើងសោះ
23 តែដាវីឌប្រកែកថា បងប្អូនអើយ កុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយ ដ្បិតទ្រង់បានការពារយើង ហើយប្រគល់ពួកអ្នកដែលបានញាំញីយើង មកក្នុងកណ្តាប់ដៃយើងហើយ
24 តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា
25 នោះក៏បានដូច្នោះ ចាប់តាំងពីថ្ងៃនោះតទៅ ដាវីឌក៏តាំងសេចក្ដីនោះឡើង ទុកជាច្បាប់ ជាបញ្ញត្តសម្រាប់សាសន៍អ៊ីស្រាអែលដរាបដល់សព្វថ្ងៃនេះ។
26 លុះកាលដាវីឌបានត្រឡប់មកដល់ស៊ីកឡាក់វិញហើយ នោះក៏ផ្ញើរបឹបខ្លះទៅជូនដល់ពួកចាស់ទុំនៅស្រុកយូដា ដែលជាមិត្តសំឡាញ់របស់លោក ដោយពាក្យថា នេះជាចំណែករបឹបដែលចាប់ពីពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា ខ្ញុំផ្ញើមកជូនដល់លោករាល់គ្នា
27 គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល រ៉ាម៉ូតខាងត្បូង និងយ៉ាទារ
28 នៅអារ៉ូអ៊ើរ ស៊ីពម៉ូត អែសធេម៉ូរ
29 រ៉ាកាល និងដល់ពួកដែលនៅអស់ទាំងទីក្រុងរបស់ពួកយេរ៉ាម្អែល ហើយនិងពួកដែលនៅអស់ទាំងទីក្រុងនៃពួកកែន
30 ពួកនៅហោម៉ាកោរ-អាសាន អាថាក
31 ហេប្រុន ហើយនៅគ្រប់កន្លែងដែលដាវីឌ និងពួកលោកធ្លាប់ដើរទៅមកផង។