សាំយូអែល ទី ១
ជំពូក 11
សម័យនោះ ណាហាស ជាសាសន៍អាំម៉ូន ក៏ឡើងមកបោះទ័ពទាស់នឹងក្រុងយ៉ាបេស-កាឡាត ឯពួកមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន គេនិយាយនឹងណាហាសថា ដូច្នេះ សូមឲ្យតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ នោះយើងខ្ញុំនឹងចំណុះចំពោះលោក
2 តែណាហាសជាសាសន៍អាំម៉ូនឆ្លើយថា លុះត្រាតែឲ្យអញចាក់ភ្នែកខាងស្តាំរបស់ឯងរាល់គ្នាឲ្យខ្វាក់ នោះទើបអញនឹងព្រមតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ដើម្បីនឹងយកការនោះទុកសម្រាប់ជាសេចក្ដីដំណៀលដល់សាសន៍អ៊ីស្រាអែល
3 នោះពួកចាស់ទុំនៅក្រុងយ៉ាបេសក៏អង្វរថា សូមមេត្តាបង្អង់ឲ្យយើងខ្ញុំបាន៧ថ្ងៃសិន ដើម្បីនឹងចាត់គេឲ្យទៅប្រាប់គ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល រួចបើគ្មានអ្នកណានឹងមកជួយយើងខ្ញុំទេ នោះយើងខ្ញុំនឹងចេញមក ចុះចូលនឹងលោក
4 ដូច្នេះ ពួកអ្នកទាំងនោះក៏មកថ្លែងប្រាប់ដល់បណ្តាមនុស្ស នៅត្រង់គីបៀរ ជាស្រុករបស់សូល ឲ្យស្តាប់ នោះគេឡើងសំឡេងយំគ្រប់គ្នា
5 ខណៈនោះ សូលកំពុងតែកៀងហ្វូងគោមកពីវាល ក៏សួរថា តើមានកើតហេតុភេទអ្វី បានជាយំដូច្នេះ នោះគេជម្រាបលោកតាមពាក្យនៃពួកមនុស្សនៅយ៉ាបេសសព្វគ្រប់។
6 កាលលោកបានឮហើយ នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឆេះឡើង
7 លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនិងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់
8 ឯសូលលោករាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួន៣សែននាក់ ហើយពួកយូដា៣ម៉ឺននាក់
9 រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្ដីអំណរឡើងជាខ្លាំង
10 ដូច្នេះ ពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ
11 លុះដល់ថ្ងៃស្អែកឡើង សូលលោករៀបពលទ័ពជា៣កង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ ដរាបដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ។
12 ស្រេចហើយ បណ្តាជនគេជម្រាបដល់សាំយូអែលថា អ្នកណាដែលថា តើត្រូវឲ្យសូលសោយរាជ្យលើយើងឬអី ចូរនាំអ្នកទាំងនោះមក ឲ្យយើងសម្លាប់ចោលចេញ
13 តែសូលប្រកែកថា នៅថ្ងៃនេះ មិនត្រូវឲ្យសម្លាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្ដីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។
14 នោះសាំយូអែលប្រាប់ដល់បណ្តាជនទាំងឡាយថា ចូរឲ្យយើងរាល់គ្នាទៅឯគីលកាល ដើម្បីនឹងតាំងនគរឡើងជាថ្មីទៀត
15 ដូច្នេះ គេក៏ទៅឯគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូល និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្ដីអំណរអរសប្បាយឡើងជាខ្លាំង។