សាំយូអែល ទី ១
ជំពូក 22
ដូច្នេះ ដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅឯរអាងអាឌូឡាម កាលពួកបងប្អូន និងពួកគ្រួរបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅឯលោកនៅទីនោះដែរ
2 ហើយអស់អ្នកណាដែលមានសេចក្ដីវេទនា និងអស់អ្នកណាដែលជាប់បំណុល ហើយនិងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ទៅមូលជុំគ្នានៅឯលោក មានចំនួនប្រហែលជា៤០០នាក់នៅជាមួយនឹងលោក ហើយលោកធ្វើជាមេលើគេ។
3 ពីទីនោះ ដាវីឌក៏ចេញទៅឯមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា សូមទ្រង់អនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំមកនៅអាស្រ័យនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងជាព្រះទ្រង់នឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា
4 លោកក៏នាំយកឪពុកម្តាយទៅគាល់នៅចំពោះស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយនឹងទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងទីពំនួន
5 ឯហោរាកាឌ់ក៏ជម្រាបលោកថា កុំឲ្យនៅក្នុងទីពំនួននេះឡើយ សូមទៅឯស្រុកយូដាវិញទៅ នោះដាវីឌក៏ចេញទៅអាស្រ័យនៅឯព្រៃហោរេក។
6 ឯសូល ទ្រង់ក៏ឮថា មានគេបានឃើញដាវីឌ និងពួកមនុស្សដែលនៅជាមួយនឹងលោក គ្រានោះ សូលទ្រង់កំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិកទ្រង់ឈរព័ទ្ធជុំវិញផង
7 ទ្រង់មានព្រះបន្ទូលទៅពួកមហាតលិក ដែលឈរជុំវិញនោះថា នែ ពួកបេនយ៉ាមីនអើយ ចូរស្តាប់អញ តើកូនអ៊ីសាយនោះនឹងចែកស្រែចម្ការឲ្យដល់ឯងគ្រប់គ្នាឬ តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់ ហើយលើ១០០នាក់ឬអី
8 បានជាឯងទាំងអស់គ្នាបានរួមគំនិតគិតក្បត់អញដូច្នេះ ហើយគ្មានអ្នកណាមួយប្រាប់ឲ្យអញដឹង ក្នុងកាលដែលកូនអញបានចុះសញ្ញានឹងកូនអ៊ីសាយនោះ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងអញសោះ ឬបង្ហាញឲ្យដឹង ជាកូនអញបានពន្យុះអ្នកបម្រើរបស់អញ ឲ្យលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះផង
9 នោះដូអេក ជាសាសន៍អេដុម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា ទូលបង្គំបានឃើញកូនអ៊ីសាយមកឯអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប
10 ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារ និងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង។
11 នោះស្តេចក៏ចាត់គេឲ្យទៅនាំអ័ហ៊ីម៉ាលេក ជាសង្ឃដែលជាកូនអ័ហ៊ីទូប និងពួកគ្រួឪពុកលោកទាំងអស់ដែលនៅត្រង់ណូបមក គេក៏មកឯស្តេចទាំងអស់គ្នា
12 រួចសូលមានព្រះបន្ទូលទៅគេថា ចូរស្តាប់ចុះ កូនអ័ហ៊ីទូបឯង លោកក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះបពិត្រ
13 រួចសូលទ្រង់សួរថា ហេតុអ្វីបានជាឯង និងកូនអ៊ីសាយបានរួមគំនិតទាស់នឹងអញដូច្នេះ ដោយឯងបានឲ្យអាហារ និងដាវដល់វា មកលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះ
14 អ័ហ៊ីម៉ាលេកទូលឆ្លើយថា នៅក្នុងពួកមហាតលិកទ្រង់ទាំងប៉ុន្មាន តើមានអ្នកឯណាដែលស្មោះត្រង់ដូចដាវីឌ ជាកូនប្រសាទ្រង់ ដែលស្តាប់បង្គាប់ទ្រង់ ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងដំណាក់ទ្រង់ផងនោះ
15 ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬអី សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាប្រចាប់ទូលបង្គំ ជាបាវបម្រើរបស់ទ្រង់ ឬអ្នកណាមួយក្នុងពួកគ្រួឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំ ជាបាវបម្រើទ្រង់ មិនបានដឹងអ្វីពីរឿងទាំងនេះ ទោះច្រើន ឬតិចនោះទេ
16 តែស្តេចទ្រង់មានព្រះបន្ទូលថា អ័ហ៊ីម៉ាលេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯង ហើយនិងពួកគ្រួឪពុកឯងទាំងអស់គ្នាផង
17 រួចស្តេចក៏បង្គាប់ដល់ពួកតម្រួួតដែលឈរនៅជុំវិញថា ចូរឯងរាល់គ្នាសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់អញសោះ តែពួកតម្រួួតរបស់ស្តេច គេមិនព្រមលើកដៃទៅសម្លាប់ពួកសង្ឃនៃព្រះយេហូវ៉ាឡើយ
18 នោះស្តេចទ្រង់បង្គាប់ដល់ដូអេកថា ចូរឯងទៅសម្លាប់ពួកសង្ឃទៅ ដូច្នេះ ដូអេក ជាសាសន៍អេដុម ក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ស្លាប់អស់៨៥នាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស
19 ឯក្រុងណូបជាទីក្រុងរបស់ពួកសង្ឃនោះ វាក៏ប្រហារដោយមុខដាវដែរ គឺទាំងប្រុស ទាំងស្រី ទាំងក្មេង និងកូនដែលនៅបៅ ទាំងគោ ទាំងលា ហើយនិងចៀមផង។
20 តែមានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេកដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ
21 ជម្រាបពីដំណើរដែលសូលបានសម្លាប់ពួកសង្ឃនៃព្រះយេហូវ៉ាអស់ហើយ
22 នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដុម នៅទីនោះ ខ្ញុំបានដឹងថា វានឹងទូលពិតដល់សូលជាមិនខាន ដំណើរនេះ ខ្ញុំបាននាំឲ្យពួកគ្រួឪពុកអ្នកត្រូវស្លាប់ទាំងអស់គ្នាហើយ
23 ដូច្នេះ ចូរអ្នកនៅជាមួយនឹងខ្ញុំចុះ កុំភ័យខ្លាចឡើយ ដ្បិតអ្នកដែលស្វែងរកជីវិតខ្ញុំ ក៏រកជីវិតអ្នកដែរ តែនៅជាមួយនឹងខ្ញុំនេះ អ្នកនឹងបានសេចក្ដីសុខវិញ។