ពង្សាវតារក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25


ជំពូក 21

លុះ​កាល​ម៉ាន៉ាសេ​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១២​ឆ្នាំ​ហើយ ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៥៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ហែប‌ស៊ី‌បា
2 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ
3 ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់ បាន​បំផ្លាញ​ចេញ​នោះ​ឡើង​វិញ ក៏​ដំឡើង​អាសនៈ​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​រូប​ព្រះ​ដូច​ជា​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវា​នៅ​លើ​មេឃ​ផង
4 ទ្រង់​ក៏​ស្អាង​អាសនៈ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្រុង​យេរូ‌សាឡឹម​នោះ
5 ទ្រង់​ធ្វើ​អាសនៈ​សម្រាប់​អស់​ទាំង​ពួក​ពល​បរិវារ ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
6 ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ
7 ទ្រង់​ក៏​យក​រូប​ព្រះ​ឆ្លាក់ ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​និង​សាឡូ‌ម៉ូន ជា​បុត្រ​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​អញ​បាន​រើស​ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ
8 ហើយ​និង​មិន​ដែល​ឲ្យ​ជើង​សាសន៍​អ៊ីស្រា‌អែល ដើរ​សាត់‌ព្រាត់​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​គេ​ទៀត​ឡើយ ឲ្យ​តែ​គេ​បាន​ប្រយ័ត​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​គេ ហើយ​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​ដែល​ម៉ូសេ ជា​អ្នក​បម្រើ​អញ បាន​បង្គាប់​ដល់​គេ​ផង
9 តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។
10 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ពួក​ហោរា ជា​អ្នក​ពួក​បម្រើ​ទ្រង់​ថា
11 ដោយ​ព្រោះ​ម៉ាន៉ាសេ​ជា​ស្តេច​យូដា បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប​តាម​រូប​ព្រះ​ខ្លួន​ផង
12 នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តា​ឲ្យ​កើត​មាន​សេចក្ដី​អាក្រក់ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​នៅ​ស្រុក​យូដា ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ដែល​ឮ​និយាយ នោះ​ត្រចៀក​គេ​ទាំង​សង​ខាង​នឹង​ខ្ទរខ្ទ័រ
13 អញ​នឹង​វាស់​ក្រុង​យេរូ‌សាឡឹម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​កូន​តឹង​នៃ​ជំនួរ​វង្ស​អ័ហាប់ អញ​នឹង​ជូត​ក្រុង​យេរូ‌សាឡឹម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង
14 អញ​នឹង​បោះ‌បង់​ចោល​សំណល់​នៃ​មរដក​របស់​អញ​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ត្រឡប់​ជា​រំពា និង​របឹប ដល់​អស់​ទាំង​ពួក​ខ្មាំង​សត្រូវ​គេ
15 គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ភ្នែក​អញ ព្រម​ទាំង​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​អយ្យកោ​គេ បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​ថ្ងៃ​នេះ។
16 មួយ​ទៀត ម៉ាន៉ាសេ​ទ្រង់​បាន​កម្ចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ពេញ​ដោយ​ឈាម​នោះ ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា
17 រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ហើយ​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ
18 ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
19 កាល​អាំម៉ូន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ថា មស៊ូ‌លេ‌មេត បុត្រី​របស់​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា
20 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​ទ្រង់​ដែរ
21 ទ្រង់​បាន​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌បិតា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​អស់​ទាំង​រូប​ព្រះ​របស់​ព្រះ‌បិតា
22 ទ្រង់​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ ឥត​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​ឡើយ
23 ពួក​អ្នក​បម្រើ​របស់​អាំម៉ូន​គេ​គិត​ក្បត់ ហើយ​ក៏​ធ្វើ​គុត​ទ្រង់​នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ
24 តែ​បណ្តា‌ជន​នៅ​ស្រុក​នោះ គេ​សម្លាប់​អស់​អ្នក​ដែល​បាន​ក្បត់​នឹង​ស្តេច​អាំម៉ូន​វិញ រួច​គេ​លើក​យ៉ូសៀស​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា
25 រីឯ​ដំណើរ​ឯ​ទៀត​ពី​អាំម៉ូន ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ
26 គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ច្បារ​របស់​អ៊ូសា រួច​យ៉ូសៀស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។