ពង្សាវតារក្សត្រ ទី ២
ជំពូក 18
នៅឆ្នាំទី៣ ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលទ្រង់សោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ប៊ីយ៉ា បុត្រីសាការី
3 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលដាវីឌ ជាអយ្យកោទ្រង់បានធ្វើដែរ
4 ទ្រង់បំបាត់អស់ទាំងទីខ្ពស់ចេញ ក៏បំបាក់បំបែកបង្គោលដែលសម្រាប់គោរព រំលំរូបព្រះទាំងប៉ុន្មានចោល ហើយបំបែកកម្ទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញាន ថ្វាយដល់រូបពស់នោះ ដរាបដល់គ្រានោះក៏ឲ្យឈ្មោះថា នេហ៊ូសថាន់
5 ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដល់ម៉្លេះបានជាក្នុងពួកស្តេចយូដាក្រោយមក នោះគ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់គ្មានដែរ
6 ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ
7 ព្រះយេហូវ៉ាក៏គង់ជាមួយនឹងទ្រង់ដែរ ហើយកន្លែងណាដែលទ្រង់យាងទៅ នោះក៏បានកើតការ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ
8 ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខែត្រដែលនៅជុំវិញ ចាប់ជុំវិញតាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
9 នៅឆ្នាំទី៤ ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទី៧នៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
10 លុះច្បាំងគ្រប់៣ឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទី៦ នៃរាជ្យហេសេគា ដែលត្រូវនឹងឆ្នាំទី៩នៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន
11 ស្តេចស្រុកអាសស៊ើរទ្រង់ក៏ដឹកនាំពួកអ៊ីស្រាអែល ទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
12 ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃគេ គឺបានរំលងសេចក្ដីសញ្ញានៃទ្រង់ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
13 ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
14 ឯហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ឲ្យហេសេគា ជាស្តេចស្រុកយូដា បង់ប្រាក់៣០០ហាប និងមាស៣០ហាប
15 ហេសេគាក៏យកប្រាក់ទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងឃ្លាំងព្រះរាជទ្រព្យទាំងប៉ុន្មាន ទៅថ្វាយដល់ទ្រង់
16 វេលានោះហេសេគាក៏កាត់យកមាសពីទ្វារព្រះវិហារនៃព្រះយេហូវ៉ា និងពីសសរដែលទ្រង់បានស្រោបទៅថ្វាយដល់ស្តេចអាសស៊ើរដែរ។
17 ឯស្តេចអាសស៊ើរទ្រង់ចាត់ថើថាន និងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើនឲ្យទៅឯហេសេគា នៅក្រុងយេរូសាឡឹម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡឹមហើយ នោះគេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក
18 កាលបានហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញទៅឯគេ។
19 រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ដល់ហេសេគាថា ស្តេចដ៏ជាធំ គឺជាស្តេចស្រុកអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ
20 ឯងនិយាយថា យើងមានគំនិត មានកម្លាំង ដើម្បីនឹងច្បាំងបាន (តែពាក្យឯងជាឥតអំពើសោះ) ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ
21 មើល ឯងពឹងដល់ស្រុកអេស៊ីព្ទ ជាដើមត្រែងកំបាក់នោះ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ គឺផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ
22 តែបើឯងរាល់គ្នានិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនៈនៃទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡឹមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនៈ១នេះ នៅក្រុងយេរូសាឡឹមវិញ
23 ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចអាសស៊ើរ ជាចៅហ្វាយអញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន
24 បើដូច្នេះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយអញបាន ហើយទុកចិត្តនឹងស្រុកអេស៊ីព្ទ ឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត
25 តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ។
26 ឯអេលាគីម ជាកូនហ៊ីលគីយ៉ា និងសេបណា ហើយយ៉ូអាក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមលោកមានប្រសាសន៍ជាភាសាអារ៉ាម មកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ
27 តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែនឹងចៅហ្វាយឯង ហើយនិងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញ ឲ្យមកនិយាយនឹងមនុស្ស ដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ
28 នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំឧត្តម គឺស្តេចអាសស៊ើរចុះ
29 ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបណ្តោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាពុំអាចនឹងជួយឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃអញបានទេ
30 ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នា ទុកចិត្តដល់ព្រះយេហូវ៉ាដែរ ដោយថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យយើងរាល់គ្នា រួចជាមិនខាន ហើយទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
31 កុំឲ្យស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរមានព្រះបន្ទូលដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះគ្រប់គ្នានឹងបានស៊ីផលចម្ការទំពាំងបាយជូរ និងផលដើមល្វា ហើយផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
32 ដរាបដល់អញមកនាំយកឯងរាល់គ្នាទៅនៅឯស្រុក១ ដូចជាស្រុករបស់ឯងនេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ហើយនំបុ័ង ព្រមទាំងចម្ការទំពាំងបាយជូរ ចម្ការអូលីវ ហើយនិងទឹកឃ្មុំផង ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅឥតស្លាប់ កុំឲ្យឯងរាល់គ្នាស្តាប់តាមហេសេគា ដែលវាបញ្ចុះបញ្ចូលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចនោះឡើយ
33 តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
34 តើព្រះនៃពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា ហើយព្រះរបស់ពួកក្រុងសេផាវែម ពួកក្រុងហេណា និងពួកក្រុងអ៊ីវ៉ា នោះតើព្រះទាំងនោះនៅឯណា តើបានជួយឲ្យស្រុកសាម៉ារីរួចពីកណ្តាប់ដៃអញបានឬទេ
35 ក្នុងបណ្តាព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្តាប់ដៃអញបានដែរ។
36 ប៉ុន្តែ ពួកបណ្តាជន គេនៅតែស្ងៀម ឥតឆ្លើយអ្វីសោះ ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយទៅគេឡើយ
37 នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។