ពង្សាវតារក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25


ជំពូក 16

នៅ​ឆ្នាំ​ទី​១៧ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា នោះ​អ័ហាស ជា​បុត្រ​យ៉ូថាម ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង
2 កាល​អ័ហាស​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​១៦​ឆ្នាំ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​អយ្យកោ​ទ្រង់​ទេ
3 គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ
4 ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ
5 នៅ​គ្រា​នោះ រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល បាន​ឡើង​មក​ច្បាំង​នឹង​អ័ហាស ក៏​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម តែ​ពុំ​អាច​នឹង​ឈ្នះ​ទ្រង់​បាន​ទេ
6 នៅ​វេលា​នោះ រេស៊ីន ជា​ស្តេច​ស៊ីរី ទ្រង់​ចាប់​យក​ក្រុង​អេឡាត បង្វិល​ឲ្យ​ទៅ​ខាង​ពួក​ស៊ីរី​វិញ ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ពី​ក្រុង​អេឡាត​ចេញ រួច​ពួក​សាសន៍​ស៊ីរី គេ​មក​តាំង​ទី​លំនៅៗ​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
7 ដូច្នេះ អ័ហាស​ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ទី​កាឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ​ថា ទូល‌បង្គំ​នេះ​ជា​អ្នក​បម្រើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះ សូម​ទ្រង់​ឡើង​មក​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ស៊ីរី និង​ស្តេច​អ៊ីស្រា‌អែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូល‌បង្គំ​ផង
8 អ័ហាស​ក៏​យក​មាស​នឹង​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ផ្ញើ​ទៅ​ថ្វាយ​ជា​តង្វាយ ដល់​ស្តេច​ស្រុក​អាសស៊ើរ
9 ឯ​ស្តេច​អាសស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​ចាប់​យក​បាន ហើយ​ដឹក‌នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។
10 រួច​មក ស្តេច​អ័ហាស​ទ្រង់​យាង​ទៅ​ឯ​ក្រុង​ដាម៉ាស ដើម្បី​ជួប​នឹង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ អ័ហាស​ទ្រង់​ឃើញ​អាសនៈ​១ ដែល​នៅ​ក្រុង​ដាម៉ាស​នោះ រួច​ទ្រង់​ផ្ញើ​គំរូ និង​ទ្រង់‌ទ្រាយ​នៃ​អាសនៈ​នោះ តាម​របៀប​រចនា​គ្រប់​យ៉ាង​ទៅ​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ
11 រួច​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ​ក៏​ស្អាង​អាសនៈ​១ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ អ៊ូរីយ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ស្តេច​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ
12 កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាសនៈ​នោះ ដើម្បី​នឹង​ថ្វាយ​តង្វាយ
13 ទ្រង់​ក៏​ដុត​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នៅ​លើ​អាសនៈ​នោះ ព្រម​ទាំង​ច្រួច​តង្វាយ​ច្រួច ហើយ​ប្រោះ​ឈាម​នៃ​តង្វាយ​មេត្រី​ផង
14 ឯ​អាសនៈ​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្តាល​អាសនៈ​ទ្រង់ ហើយ​និង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង​នៃ​អាសនៈ​របស់​ទ្រង់​វិញ
15 ស្តេច​អ័ហាស​ក៏​បង្គាប់​ដល់​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ​ថា ត្រូវ​ដុត​តង្វាយ​ដុត​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​តង្វាយ​ដុត​របស់​ស្តេច និង​តង្វាយ​ម្សៅ​ទ្រង់ ហើយ​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាសនៈ​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​តង្វាយ​ដុត និង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាសនៈ​លង្ហិន​នោះ ត្រូវ​ទុក​សម្រាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ
16 អ៊ូរីយ៉ា​ជា​សង្ឃ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​បង្គាប់​របស់​ស្តេច​អ័ហាស។
17 ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កម្រាល​ថ្ម​វិញ
18 ឯ​បាំង‌សាច​ដែល​គេ​បាន​ធ្វើ​នៅ​ឯ​ព្រះ‌វិហារ សម្រាប់​ថ្ងៃ​ឈប់​សម្រាក និង​ទ្វារ​នៃ​ស្តេច​ខាង​ក្រៅ នោះ​ទ្រង់​ក៏​រើ​ចេញ ដោយ​ព្រោះ​ស្តេច​ស្រុក​អាសស៊ើរ
19 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាស ជា​ការ​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ
20 អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​អយ្យកោ រួច​ហេសេគា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។