ពង្សាវតារក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25


ជំពូក 7

តែ​អេលី‌សេ លោក​មាន​ប្រសាសន៍​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​តែ​១​រៀល និង​ម្សៅ​ឱក​២​រង្វាល់​ថ្លៃ​តែ​១​រៀល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី
2 ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​ទ្រង់​ព្រយុង​អង្គ​លើ​ដៃ​លោក ក៏​ឆ្លើយ​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន អេលី‌សេ​ឆ្លើយ​តប​ថា ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ។
3 រីឯ​នៅ​មាត់​ទ្វារ​ទី​ក្រុង នោះ​មាន​មនុស្ស​ឃ្លង់​៤​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី
4 បើ‌សិន​ជា​យើង​សម្រេច​ថា នឹង​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​ទី​ក្រុង​ក៏​មាន​អំណត់ ហើយ​យើង​នឹង​ស្លាប់​នៅ​ទី​នោះ បើ​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​វិញ នោះ​គង់​តែ​នឹង​ស្លាប់​ដូច​គ្នា ដូច្នេះ ចូរ​យើង​ចូល​ទៅ​ខាង​ឯ​ពួក​ទ័ព​ស៊ីរី​វិញ បើ​គេ​ទុក​ជីវិត​ដល់​យើង នោះ​យើង​នឹង​បាន​រស់​នៅ តែ​បើ​គេ​សម្លាប់ នោះ​យើង​នឹង​គ្រាន់​តែ​ស្លាប់​ទៅ​ដូច​គ្នា
5 ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព​ហើយ នោះ​មិន​ឃើញ​មាន​អ្នក​ណា​សោះ
6 ពី​ព្រោះ​ព្រះ‌អម្ចាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ទ័ព​ស៊ីរី​បាន​ឮ​សូរ​សន្ធឹក​រទេះ​ចម្បាំង និង​សន្ធឹក​ពល​សេះ គឺ​ជា​សូរ​សព្ទ​នៃ​កង‌ទ័ព​យ៉ាង​ធំ​នៅ​ក្នុង​ទី​បោះ​ទ័ព​របស់​គេ ក៏​និយាយ​គ្នា​ថា មើល​ស្តេច​អ៊ីស្រា‌អែល​បាន​ជួល​ពួក​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​អេស៊ីព្ទ​ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ
7 ហេតុ​នោះ គេ​ក៏​ក្រោក​ឡើង រត់​ទៅ​នៅ​ពេល​ព្រលប់​នោះ លះ​ចោល​ទាំង​ត្រសាល និង​សេះ ហើយ​លា​របស់​គេ ទុក​ទី​បោះ​ទ័ព​ឲ្យ​នៅ​ដូច​ដែល ក៏​រត់​យក​តែ​ជីវិត​ឲ្យ​រួច​ទៅ​ប៉ុណ្ណោះ
8 ដូច្នេះ កាល​ពួក​គំលង់​នោះ​បាន​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព នោះ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​មួយ នាំ​គ្នា​ស៊ី​ផឹក​ទៅ រួច​គេ​យក​មាស​ប្រាក់ សំពត់​អាវ ទៅ​លាក់​ទុក ក៏​ត្រឡប់​ទៅ​ចូល​ក្នុង​ត្រសាល​១​ទៀត យក​របស់​ពី​នោះ​ទៅ​លាក់​ទុក​ដែរ។
9 នោះ​គេ​និយាយ​គ្នា​ថា យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​ស្ងៀម​វិញ បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក​ឡើង នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​ចុះ
10 គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​មើល គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះ និង​លា​ដែល​គេ​បាន​ចង​ទុក ហើយ​ទាំង​ត្រសាល​គេ​ក៏​នៅ​ដូច​ដែល
11 អ្នក​ឆ្មាំ​ទ្វារ​ក៏​ហៅ​ពួក​អ្នក​យាម ឲ្យ​គេ​បន្ត​ដំណឹង​នោះ​ដល់​ទៅ​ខាង​ក្នុង​ព្រះ‌រាជ‌វាំង
12 ឯ​ស្តេច​ទ្រង់​តើន​ឡើង​ទាំង​យប់ មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា យើង​នឹង​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ឧបាយ​របស់​ពួក​ស៊ីរី ដែល​គេ​គិត​ធ្វើ​ដល់​យើង គឺ​គេ​ដឹង​ថា យើង​រាល់​គ្នា​អត់‌ឃ្លាន បាន​ជា​គេ​ថយ​ចេញ​ពី​ទី​បោះ​ទ័ព ទៅ​ពួន​នៅ​ឯ​ទី​វាល ដោយ​នឹក​ថា កាល​ណា​យើង​ចេញ​ពី​ក្រុង​នេះ​ទៅ នោះ​គេ​នឹង​ចាប់​យើង​ទាំង​រស់ ហើយ​និង​ចូល​មក​ក្នុង​ទី​ក្រុង​បាន
13 តែ​ពួក​ជំនិត​ម្នាក់​ទូល​ថា សូម​ឲ្យ​គេ​យក​សេះ​៥​ដែល​នៅ​សល់ ដែល​បាន​ទុក​ក្នុង​ទី​ក្រុង (មើល សេះ​ទាំង​នោះ​ក៏​ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​ក្រុង​នៅ​ឡើយ គឺ​ដូច​ជា​ពួក​អ៊ីស្រា‌អែល ដែល​កំពុង​តែ​រោយ‌រៀវ​ទៅ​ហើយ​នេះ) សូម​ចាត់​គេ​ទៅ​មើល​ចុះ
14 ដូច្នេះ គេ​ក៏​យក​រទេះ​ចម្បាំង​២​ទឹម​ដោយ​សេះ ហើយ​ស្តេច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​តាម​ពល‌ទ័ព​ស៊ីរី ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​មើល​ចុះ
15 អ្នក​ទាំង​នោះ​ក៏​ទៅ​តាម​រហូត​ដល់​ទន្លេ​យ័រដាន់ ឃើញ​មាន​សុទ្ធ​តែ​អាវ និង​ភាជនៈ​ផ្សេងៗ ដែល​ពួក​ស៊ីរី​បាន​បោះ​ចោល​រាយ​រហូត​តាម​ផ្លូវ​ទៅ ដោយ​ខំ​រត់​ជា​ប្រញាប់ រួច​ពួក​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​ទូល​ទ្រង់​វិញ។
16 ឯ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ក៏​ចេញ​ទៅ​ចាប់​យក​របឹប​នៅ​ទី​បោះ​ទ័ព​នៃ​ពួក​ស៊ីរី ដូច្នេះ ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល និង​ម្សៅ​ឱក​២​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល​ដែរ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
17 ហើយ​ស្តេច​ទ្រង់​តម្រូវ​មេ‌ទ័ព​ម្នាក់ ដែល​ទ្រង់​បាន​ព្រយុង​លើ​ដៃ​លោក ឲ្យ​ចេញ​ទៅ​ត្រួត‌ត្រា​មើល​ការ​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង តែ​បណ្តា‌ជន គេ​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ ដូច​ជា​អ្នក​សំណប់​របស់​ព្រះ​បាន​ទាយ​ទុក ក្នុង​កាល​ដែល​ស្តេច​យាង​ចុះ​ទៅ​ឯ​លោក​នោះ
18 ហើយ​ក៏​កើត​មាន ដូច​ជា​អ្នក​សំណប់​របស់​ព្រះ បាន​ទូល​ដល់​ស្តេច​ថា លុះ​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​ម្សៅ​ឱក​២​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល​ដែរ នៅ​ត្រង់​ទ្វារ​ក្រុង​សាម៉ារី
19 ឯ​មេ‌ទ័ព​ដែល​បាន​ឆ្លើយ​តប​នឹង​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន ហើយ​អេលី‌សេ​បាន​ឆ្លើយ​ថា មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ
20 នោះ​ក៏​កើត​ដល់​មេ‌ទ័ព​នោះ​ដូច្នោះ​មែន ដ្បិត​បណ្តា‌ជន​ទាំង‌ឡាយ គេ​បាន​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ។