ពង្សាវតារក្សត្រ ទី ២
ជំពូក 19
លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
2 រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស
3 គេក៏ជម្រាបដល់លោកថា ហេសេគាទ្រង់មានព្រះបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀល ប្រៀបដូចជាកូនគ្រប់ខែហើយ តែគ្មានកម្លាំងនឹងសម្រាលមកសោះ
4 ប្រហែលជាព្រះយេហូវ៉ាជាព្រះនៃលោក ទ្រង់នឹងឮអស់ពាក្យទាំងប៉ុន្មានរបស់រ៉ាបសាកេនេះ ដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយនិងបន្ទោសដល់គេ ដោយព្រោះពាក្យទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះនៃលោក បានឮហើយទេដឹង ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ
5 នោះពួកជំនិតស្តេចហេសេគាក៏មកឯអេសាយ
6 ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយរបស់អ្នកថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដី ដែលឯងបានឮ ជាពាក្យដែលពួកបម្រើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ
7 មើល អញនឹងបណ្តាលគំនិតវាឲ្យសម្រេចនឹងត្រឡប់ទៅស្រុកវាវិញ ដោយបានឮដំណឹងមួយ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។
8 ឯរ៉ាបសាកេក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណាវិញ ដ្បិតលោកឮថា ទ្រង់បានថយពីក្រុងឡាគីសទៅហើយ
9 រួចកាលមានដំណឹងឮមកដល់ទ្រង់ថា ទារហាកា ជាស្តេចស្រុកអេធីយ៉ូពី បានចេញមកច្បាំងនឹងទ្រង់ហើយ នោះទ្រង់ក៏ចាត់សារឲ្យទៅឯហេសេគា ដោយពាក្យថា
10 ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯងដោយថា ក្រុងយេរូសាឡឹមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
11 មើល ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ
12 ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកអយ្យកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ានក្រុងរេសែភ និងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13 តើស្តេចក្រុងហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចនៃក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។
14 ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ
15 ហើយទ្រង់អធិស្ឋាននៅចំពោះព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់គង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី
16 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានផ្ញើមកប្រកួតដល់ទ្រង់ ជាព្រះដ៏មានព្រះជន្មរស់ចុះ
17 ឱព្រះយេហូវ៉ាអើយ ស្តេចអាសស៊ើរបានបំផ្លាញអស់ទាំងសាសន៍ និងស្រុកគេជាប្រាកដមែន
18 ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមកពីឈើ ពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន
19 ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា គឺទ្រង់ ជាព្រះយេហូវ៉ា ដែលជាព្រះតែ១ព្រះអង្គទេ។
20 គ្រានោះ អេសាយ ជាកូនអ័ម៉ូស ក៏ចាត់គេ ឲ្យទៅឯហេសេគាទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ សេចក្ដីដែលឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះអញបានយល់ព្រមហើយ
21 នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡឹមបានគ្រវីក្បាលដល់ឯង
22 តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណាដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
23 ឯងប្រកួតនឹងព្រះអម្ចាស់ដោយពួកអ្នកដែលចាត់មកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងអញ ក៏ដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីលំនៅផុតស្រុករបស់គេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ
24 អញបានជីក ហើយបានផឹកទឹកនៅស្រុកដទៃ ហើយអញនឹងធ្វើ ឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងអញ។
25 តើឯងមិនបានឮថា អញបានគិតជាស្រេច និងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណទេឬអី ឥឡូវនេះ អញបានសម្រេចការនេះ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក
26 ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកម្លាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល និងពន្លកខ្ចី ហើយដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រូវដែលស្វិតក្រៀម មុនដែលដុះពេញកម្លាំង
27 អញដឹងកន្លែងដែលឯងអង្គុយ និងវេលាណាដែលឯងចេញចូល ក៏ស្គាល់សេចក្ដីដែលឯងខឹងក្តៅនឹងអញដែរ
28 ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញនៅច្រមុះឯង និងដែកបង្ខាំងរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯង ឲ្យវិលទៅតាមផ្លូវដែលឯងបានមកនោះវិញ។
29 ការនេះនឹងបានជាទីសម្គាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចម្ការទំពាំងបាយជូរ រួចបរិភោគពីផលទាំងនោះទៅ
30 ឯសំណល់នៃពួកកូនចៅយូដាដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនិងបង្កើតផលទៅលើ
31 ដ្បិតនឹងមានសំណល់ចេញពីក្រុងយេរូសាឡឹមទៅ ព្រមទាំងពួកអ្នកដែលរួចជីវិត ចេញពីក្រុងស៊ីយ៉ូនដែរ សេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងធ្វើការនោះ
32 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ
33 គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
34 ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសម្រាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើអញផង។
35 ដូច្នេះ នៅពេលយប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅប្រហារទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សម្លាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែខ្មោចស្លាប់ទាំងអស់
36 ហេតុនោះ សានហេរីប ជាស្តេចអាសស៊ើរ ក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ
37 រួចកាលទ្រង់កំពុងតែថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរជាបុត្រទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។