ពង្សាវតារក្សត្រ ទី ២
ជំពូក 15
នៅឆ្នាំទី២៧ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៦ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៥២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយេកូលា ជាអ្នកក្រុងយេរូសាឡឹម
3 ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់ បានធ្វើដែរ
4 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
5 ព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់១ដោយខ្លួន ឯយ៉ូថាម ជាព្រះរាជបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្តាជននៅស្រុកនោះផង
6 រីឯដំណើរឯទៀតពីអ័សារា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ
7 អ័សារាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់នៅក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ រួចយ៉ូថាមជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
8 នៅឆ្នាំទី៣៨ ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះសាការី ជាបុត្រយេរ៉ូបោម ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៦ខែ
9 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាពួកអយ្យកោទ្រង់បានធ្វើដែរ ទ្រង់មិនបានលះបង់លែងតាមអំពើបាបរបស់យេរ៉ូបោម ជាកូនរបស់នេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
10 គ្រានោះ សាលូម ជាកូនយ៉ាបេស បានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួសទ្រង់
11 រីឯដំណើរឯទៀតពីសាការី នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
12 នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងយេហ៊ូវថា គឺពួកកូនចៅឯងនឹងបានសោយរាជ្យលើពួកអ៊ីស្រាអែល ដរាបដល់៤តំណ ការនោះក៏កើតមកដូច្នោះមែន។
13 ឯសាលូម ជាកូនយ៉ាបេស ទ្រង់ចាប់តាំងសោយរាជ្យ នៅឆ្នាំទី៣៩ ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១ខែ
14 រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅឯក្រុងសាម៉ារី សម្លាប់សាលូម ជាកូនយ៉ាបេសបង់ នៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួសទ្រង់
15 រីឯដំណើរឯទៀតពីសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
16 គ្រានោះ មណាហិមទ្រង់វាយក្រុងធីពសា និងមនុស្សទាំងអស់ដែលនៅក្នុងក្រុងនោះ ព្រមទាំងស្រុកនៅជុំវិញ ចាប់តាំងពីធើសាទៅ ពីព្រោះគេមិនបានបើកទ្វារក្រុងទទួលទ្រង់ទេ បានជាទ្រង់ប្រហារជីវិតគេ ហើយវះពោះពួកស្រីៗដែលមានទំងន់ទាំងប៉ុន្មានផង។
17 នៅឆ្នាំទី៣៩ ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះមណាហិម ជាកូនកាឌី ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១០ឆ្នាំ
18 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គឺដរាបដល់អស់ព្រះជន្មទ្រង់ នោះទ្រង់មិនបានវៀរបង់លែងតាមអំពើបាបដែលយេរ៉ូបោម ជាកូននេបាតបានធ្វើ ទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើតាមនោះឡើយ
19 នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់១ពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន
20 ឯមណាហិម ទ្រង់ទារប្រាក់នោះពីពួកសាសន៍អ៊ីស្រាអែលវិញ គឺពីពួកអ្នកមាន ក្នុងម្នាក់ៗ៥០រៀល សម្រាប់នឹងថ្វាយដល់ស្តេចស្រុកអាសស៊ើរ ដូច្នេះ ស្តេចអាសស៊ើរ ទ្រង់ក៏ថយចេញទៅវិញ មិនបាននៅជាប់ក្នុងស្រុកនោះទេ
21 រីឯដំណើរឯទៀតពីមណាហិម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
22 មណាហិមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចពេកាហ៊ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
23 នៅឆ្នាំទី៥០ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ា ជាបុត្រមណាហិម ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន២ឆ្នាំ
24 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
25 ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ និងអើកុប ហើយអើរីយេ ក៏ក្បត់ធ្វើគុតទ្រង់ នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារីទៅ ក៏មានពួកកាឡាត៥០នាក់ នៅជាមួយនឹងលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួសទ្រង់
26 រីឯដំណើរឯទៀតពីពេកាហ៊ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
27 នៅឆ្នាំទី៥២ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកា ជាកូនរេម៉ាលា ក៏ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបាន២០ឆ្នាំ
28 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទ្រង់មិនបានវៀរបង់ លែងតាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
29 នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយដល់ស្រុកអាសស៊ើរ
30 នោះហូស៊ា ជាកូនអេឡា បង្កើតការកម្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ទៅ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទី២០នៃរាជ្យយ៉ូថាម ជាបុត្រអ័សារា
31 រីឯដំណើរឯទៀតពីពេកា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
32 នៅឆ្នាំទី២ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាម ជាបុត្រអ័សារា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
33 កាលទ្រង់ឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា បុត្រីសាដុក
34 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលអ័សារា ជាបិតាទ្រង់បានធ្វើ
35 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ គឺស្តេចនេះហើយ ដែលធ្វើទ្វារកំផែងខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា
36 រីឯដំណើរឯទៀតពីយ៉ូថាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ។
37 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងចាត់រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ឲ្យទៅទាស់នឹងពួកយូដា
38 យ៉ូថាមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់ជាមួយនឹងពួកអយ្យកោ នៅក្នុងក្រុងដាវីឌ ជាអយ្យកោ រួចអ័ហាស ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។