ពង្សាវតារក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25


ជំពូក 14

នៅ​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង
2 កាល​ទ្រង់​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម
3 ទ្រង់​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ដាវីឌ​ជា​អយ្យកោ​ទ្រង់​ទេ ទ្រង់​បាន​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ការ​ដែល​យ៉ូអាស ជា​ព្រះ‌បិតា​បាន​ធ្វើ
4 ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្តា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ
5 កាល​រាជ្យ​បាន​ជាប់​នៅ​ក្នុង​អំណាច​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​សម្លាប់​ពួក​បម្រើ ដែល​បាន​ធ្វើ​គុត​ស្តេច ជា​ព្រះ‌បិតា​ទ្រង់​ទៅ
6 តែ​ឯ​កូន​ចៅ​នៃ​ពួក​អ្នក​ដែល​ធ្វើ​គុត​ស្តេច​នោះ ទ្រង់​មិន​បាន​សម្លាប់​គេ​ទេ តាម​សេចក្ដី​ដែល​ចែង​ទុក​មក ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ថា «ឪពុក​មិន​ត្រូវ​ទោស​ដល់​ស្លាប់ ដោយ​ព្រោះ​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ទោស​ដល់​ស្លាប់ ដោយ​ព្រោះ​ឪពុក​ដែរ គឺ​គ្រប់​មនុស្ស​ត្រូវ​ស្លាប់ ដោយ​ព្រោះ​តែ​អំពើ​បាប​រៀង​ខ្លួន​វិញ»។
7 ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​១​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
8 ក្រោយ​នោះ​មក អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ចាត់​សារ​ទៅ​ឯ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​យេហ៊ូវ ស្តេច​អ៊ីស្រា‌អែល​ទូល​ថា ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល
9 តែ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា​វិញ ទូល​ថា ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន បាន​ចាត់​សារ​ទៅ​ឯ​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ថា ចូរ​លើក​កូន​ស្រី​ឯង​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អញ ក៏​មាន​សត្វ​ព្រៃ​សាហាវ ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ
10 ឯ​ទ្រង់ បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដុម​ពិត​មែន​ហើយ ព្រះ‌ទ័យ​ទ្រង់​បាន​តម្កើង​ទ្រង់​ឡើង ចូរ​អួត​ពី​ដំណើរ​នោះ​ចុះ ហើយ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ តើ​ចង់​រក​រឿង​ដែល​នឹង​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំង​ពួក​យូដា​ផង​ធ្វើ​អី។
11 ប៉ុន្តែ អ័ម៉ា‌ស៊ីយ៉ា ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដូច្នេះ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ក៏​ល្បង‌ល​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ទី​ក្រុង​របស់​ពួក​យូដា
12 ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រា‌អែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ
13 ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស រួច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម រំលំ​កំផែង​ទី​ក្រុង​បង់ ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង អស់​៤០០​ហត្ថ
14 ទ្រង់​ក៏​យក​មាស​ប្រាក់​ទាំង​អស់ និង​គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ព្រះ‌រាជ​ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។
15 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស ដែល​ទ្រង់​បាន​ធ្វើ និង​អំណាច​របស់​ទ្រង់ ហើយ​ពី​ទ្រង់​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ
16 យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រា‌អែល​ទៅ រួច​យេរ៉ូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
17 ក្រោយ​ដែល​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល បាន​សុគត​ទៅ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត
18 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ម៉ា‌ស៊ីយ៉ា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ
19 មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ
20 គេ​ដាក់​សព​ទ្រង់​លើ​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម
21 នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​អ័ម៉ា‌ស៊ីយ៉ា បិតា​ទ្រង់
22 គឺ​ស្តេច​នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​មក ស្តេច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ។
23 នៅ​ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស​ស្តេច​យូដា នោះ​យេរ៉ូ‌បោម ជា​បុត្រា​យ៉ូអាស ស្តេច​អ៊ីស្រា‌អែល ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៤១​ឆ្នាំ
24 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លះ‌បង់​លែង​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ
25 តែ​ទ្រង់​បាន​តាំង​ព្រំ​ស្រុក​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​សមុទ្រ​នៅ​ស្រុក​វាល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ហោរា​យ៉ូណាស ជា​កូន​អ័មី‌ថាយ ជា​អ្នក​បម្រើ​ទ្រង់ ដែល​នៅ​កាថ-ហេភើរ
26 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អ៊ីស្រា‌អែល ថា​ជា​ជូរ​ចត់​ណាស់ ដ្បិត​គ្មាន​អ្នក​ណា​បិទ​បាំង​ទុក ឬ​អ្នក​ណា​ដែល​ឥត​ចំណង​ឡើយ ក៏​គ្មាន​អ្នក​ណា​សម្រាប់​ជួយ​សង្គ្រោះ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែរ
27 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ថា ទ្រង់​នឹង​លុប​ឈ្មោះ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ក្រោម​មេឃ​នោះ​ទេ បាន​ជា​ទ្រង់​ជួយ​សង្គ្រោះ​គេ ដោយ‌សារ​ព្រះ‌ហស្ត​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស​វិញ។
28 រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម និង​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​អំណាច​ទ្រង់ ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត ជា​ទី​ក្រុង​នៃ​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រា‌អែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ
29 យេរ៉ូ‌បោម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ គឺ​ជា​ពួក​ស្តេច​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ទៅ រួច​សាការី ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។