ពង្សាវតារក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25


ជំពូក 20

នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ
2 នោះ​ទ្រង់​ក៏​បែរ​ព្រះ‌‌ភ័ក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា
3 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង
4 ឯ​អេសាយ លោក​បាន​ចេញ​ទៅ មិន​ទាន់​ដល់​ទី‌ធ្លា​កណ្តាល​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា
5 ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេសេគា ជា​មេ​លើ​រាស្ត្រ​អញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ​អយ្យកោ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា រួច​ដល់​ថ្ងៃ​ទី​៣ ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន
6 អញ​នឹង​ចម្រើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​និង​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ រក្សា​ទុក​សម្រាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ​ផង
7 អេសាយ​ក៏​ទូល​ថា សូម​យក​ផ្លែ​ល្វា​១​ផែន​មក នោះ​គេ​ក៏​យក​មក​បិទ​លើ​បូស​នោះ រួច​ទ្រង់​បាន​ជា​ឡើង។
8 ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អេសាយ​ថា តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​ដូច្នេះ
9 អេសាយ​ទូល​តប​ថា នេះ​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សម្រេច​តាម​សេចក្ដី​ដែល​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​១០​ចុច ឬ​ថយ​ក្រោយ​១០​ចុច​វិញ
10 នោះ​ហេសេគា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដែល​ស្រមោល​ជ្រេ​ទៅ​១០​ចុច​នោះ​ស្រណុក​ទេ សូម​ឲ្យ​បាន​ថយ​មក​វិញ​១០​ចុច​ចុះ
11 ដូច្នេះ ហោរា​អេសាយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​ក្រោយ​វិញ​១០​ចុច។
12 គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​តង្វាយ មក​ថ្វាយ​ហេសេគា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ហេសេគា​បាន​ប្រឈួន
13 ហេសេគា​ក៏​ស្តាប់​តាម​គេ គឺ​ទ្រង់​បង្ហាញ​ឃ្លាំង​នៃ​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​ជា​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង​ទ្រង់​ផង គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​ទ្រង់​ទាំង​អស់ ដែល​ហេសេគា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ
14 នោះ​ហោរា​អេសាយ លោក​មក​គាល់​ស្តេច​ហេសេគា ទូល​សួរ​ថា អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​ដូច្នេះ ហេសេគា​ទ្រង់​តប​ថា គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន
15 រួច​លោក​ទូល​សួរ​ទៀត​ថា គេ​បាន​ឃើញ​អ្វី​ខ្លះ នៅ​ក្នុង​ព្រះ‌រាជ‌វាំង ហេសេគា​ឆ្លើយ​ថា គេ​បាន​ឃើញ​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ដំណាក់​យើង ហើយ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​អម្បាល‌ម៉ាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ។
16 ដូច្នេះ អេសាយ​លោក​ទូល​ដល់​ហេ‌សេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន
17 មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
18 ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន
19 ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ រួច​មាន​ព្រះ‌បន្ទូល​ទៀត​ថា បើ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ
20 រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា និង​ពី​អំណាច​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ
21 ហេសេគា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​ម៉ាន៉ាសេ ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។