ពង្សាវតារក្សត្រ ទី ២
ជំពូក 8
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រីដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា ចូរអ្នក និងគ្រួរបស់អ្នកទាំងប៉ុន្មាន រៀបចំឡើង ចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់៧ឆ្នាំ
2 ដូច្នេះ ស្ត្រីនោះក៏រៀបចំឡើង ធ្វើតាមពាក្យនៃអ្នកសំណប់របស់ព្រះ នាងនាំយកគ្រួរបស់នាង ទៅនៅឯស្រុកភីលីស្ទីនអស់៧ឆ្នាំ
3 កាលគ្រប់៧ឆ្នាំហើយ នោះនាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ
4 រីឯនៅគ្រានោះ ស្តេចទ្រង់កំពុងតែមានព្រះបន្ទូលនឹងកេហាស៊ី ជាអ្នកបម្រើនៃអ្នកសំណប់របស់ព្រះថា ចូរប្រាប់យើងពីការយ៉ាងធំទាំងពួង ដែលអេលីសេបានធ្វើ
5 កាលគាត់កំពុងតែថ្លែងទូលស្តេចពីរឿង ដែលលោកបានធ្វើឲ្យកូនដែលស្លាប់បានរស់ឡើងវិញ នោះមើល ស្ត្រីនោះឯងដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញ ក៏មកថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ កេហាស៊ីក៏ទូលថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះឯង ហើយនេះគឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ
6 កាលស្តេចបានសួរដល់ស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់តម្រូវពួករាជការម្នាក់សម្រាប់ជួយនាង ដោយបង្គាប់ថា ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចម្ការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះផង។
7 ឯអេលីសេ លោកបានទៅឯក្រុងដាម៉ាស នៅគ្រានោះបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា មើល អ្នកសំណប់របស់ព្រះបានមកទីនេះហើយ
8 ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែល ថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ
9 ដូច្នេះ ហាសែលក៏យកជំនូនជារបស់ប្រសើរនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋ៤០ចេញទៅ ដើម្បីជួបនឹងលោក ក៏ទៅឈរនៅមុខលោកជម្រាបថា បេន-ហាដាឌ់ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ឲ្យខ្ញុំមកសួរលោកថា តើទ្រង់នឹងបានជាពីជំងឺនោះឬទេ
10 អេលីសេក៏តបថា ចូរទៅទូលទ្រង់វិញថា នឹងបានជាៗពិត ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងជាក់ថា ទ្រង់ត្រូវស្លាប់ជាប្រាកដវិញ
11 នោះអ្នកសំណប់របស់ព្រះក៏ផ្តោតភ្នែក សម្លឹងមើលមុខ ហាសែល ទាល់តែខ្មាស រួចលោកក៏យំ
12 នោះហាសែលសួរលោកថា ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ លោកឆ្លើយថា ពីព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺទីមាំមួនរបស់គេ នោះអ្នកនឹងដុតចោល ពួកកំលោះៗរបស់គេ អ្នកនឹងសម្លាប់ដោយដាវ អស់ទាំងកូនតូចៗរបស់គេ អ្នកនឹងបោកសម្លាប់ចោល ហើយពួកស្រីៗមានទំងន់ នោះអ្នកនឹងវះពោះគេ
13 នោះហាសែលឆ្លើយតបថា ខ្ញុំប្របាទ ដែលទុកដូចជាឆ្កែ តើជាអ្វីដែលនឹងធ្វើការយ៉ាងធំនេះបាន តែអេលីសេឆ្លើយថា ព្រះយេហូវ៉ាទ្រង់បានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី
14 លោកក៏ចេញពីអេលីសេ ត្រឡប់ទៅឯចៅហ្វាយវិញ ដល់ហើយទ្រង់សួរថា តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច រួចលោកទូលទ្រង់ថា លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាៗពិត
15 ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភ័ក្ត្រនៃស្តេច ឲ្យទ្រង់សុគតទៅ រួចហាសែលបានសោយរាជ្យឡើងជំនួសទ្រង់។
16 នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
17 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៨ឆ្នាំ
18 ទ្រង់បានដើរតាមផ្លូវនៃពួកស្តេចអ៊ីស្រាអែល ដូចជាជំនួរវង្សអ័ហាប់ ដែរ ពីព្រោះទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
19 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌ ជាអ្នកបម្រើទ្រង់ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀង១ភ្លឺ សម្រាប់ពួកជំនួរវង្សរបស់ទ្រង់តទៅ ។
20 នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដុមបានបះបោរ ដោះខ្លួនពីក្នុងកណ្តាប់ដៃនៃសាសន៍យូដា ហើយក៏តាំងស្តេច១អង្គ ឲ្យសោយរាជ្យលើខ្លួនគេ
21 គ្រានោះ យ៉ូរ៉ាមទ្រង់យាងទៅឯក្រុងសាអ៊ារ នាំទាំងរទេះចម្បាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទាំងយប់ទៅវាយពួកអេដុម ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចម្បាំងផង ហើយបណ្តាទ័ពទាំងឡាយក៏រត់ទៅឯទីលំនៅរបស់គេវិញ
22 ប៉ុន្តែ សាសន៍អេដុមគេបះបោរ ដោះខ្លួនពីអំណាចនៃពួកយូដា ដរាបដល់សព្វថ្ងៃនេះ នៅគ្រានោះឯង ក្រុងលិបណាក៏បះបោរដែរ
23 រីឯដំណើរឯទៀតពីយ៉ូរ៉ាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
24 យ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
25 នៅឆ្នាំទី១២ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ស្តេចអ៊ីស្រាអែល នោះអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាមស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
26 កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១ឆ្នាំ មាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល
27 ទ្រង់បានដើរតាមផ្លូវនៃជំនួរវង្សរបស់អ័ហាប់ ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាជំនួរវង្សអ័ហាប់ដែរ ដ្បិតទ្រង់បានចងព័ន្ធនឹងជំនួរវង្សអ័ហាប់
28 ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងយ៉ូរ៉ាម ជាបុត្រអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយ៉ូរ៉ាមមានរបួស
29 រួចស្តេចយ៉ូរ៉ាមទ្រង់ត្រឡប់ទៅឯក្រុងយេសរាល ដើម្បីនឹងរក្សារបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់ នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ឯអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅឯក្រុងយេសរាល ដើម្បីនឹងសួរយ៉ូរ៉ាម ជាបុត្រអ័ហាប់ ពីព្រោះទ្រង់ប្រឈួន។