វិវរណៈ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 20

ញុំ​ក៏​ឃើញ​ទេវតា​១ ចុះ​ពី​ស្ថាន​លើ​មក ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ និង​ច្រវាក់​១​យ៉ាង​ធំ​នៅ​ដៃ
2 ទេវតា​នោះ​ក៏​ចាប់​នាគ​ចង​វា​ទុក​១​ពាន់​ឆ្នាំ គឺ​ជា​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា សាតាំង
3 ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ចប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ ក្រោយ​នោះ​ត្រូវ​តែ​ស្រាយ​វា​លែង​បន្តិច។
4 ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​ពួក​អ្នក​ដែល​អង្គុយ​លើ ហើយ​មាន​អំណាច​បាន​ប្រគល់​ដល់​អ្នក​ទាំង​នោះ ឲ្យ​ជំនុំ‌ជម្រះ នោះ​ព្រលឹង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល​នៃ​ព្រះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ ឬ​រូប​វា ក៏​មិន​បាន​ទី​សម្គាល់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​ឡើយ អ្នក​ទាំង​នោះ​បាន​រស់​វិញ ហើយ​ក៏​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ
5 តែ​មនុស្ស​ស្លាប់​ឯ​ទៀត​មិន​បាន​រស់​វិញ​ទេ ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ នេះ​ហើយ​ជា​ខណៈ​រស់​ឡើង​វិញ​ទី​១
6 មាន​ពរ​ហើយ ក៏​បរិសុទ្ធ​ផង អស់​អ្នក​ណា​ដែល​មាន​ចំណែក ក្នុង​ខណៈ​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​នេះ សេចក្ដី​ស្លាប់​ទី​២​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ​នៃ​ព្រះ និង​ព្រះ‌គ្រីស្ទ ហើយ​និង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ។
7 លុះ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ហើយ ទើប​ទ្រង់​នឹង​ស្រាយ​អារក្ស​សាតាំង​លែង​ពី​គុក​ចេញ
8 នោះ​វា​នឹង​ចេញ​ទៅ ខំ​នាំ​អស់​ទាំង​សាសន៍​ដែល​នៅ​ផែនដី​ទាំង​៤​ទិស ឲ្យ​វង្វេង គឺ​ទាំង​សាសន៍​កុក និង​សាសន៍​ម៉ាកុក ដើម្បី​នឹង​ប្រមូល​គេ​មក​ច្បាំង ចំនួន​គេ​ដូច​ជា​ខ្សាច់​នៃ​សមុទ្រ
9 នោះ​គេ​ក៏​ឡើង​ទៅ​ពេញ‌ពាស​លើ​ផែនដី ទាំង​ឡោម‌ព័ទ្ធ​ទី​ដំឡើង​ត្រសាល​របស់​ពួក​បរិសុទ្ធ ហើយ​និង​ទី​ក្រុង​ស្ងួន‌ភ្ងា​ដែរ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​អំពី​ព្រះ បញ្ឆេះ​គេ​ទាំង​អស់​ទៅ
10 រួច​អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​នោះ និង​ហោរា​ក្លែង‌ក្លាយ​នៅ​ហើយ នោះ​វា​រាល់​គ្នា​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ។
11 ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ស​១​យ៉ាង​ធំ និង​ព្រះ‌អង្គ​ដែល​គង់​លើ ឯ​ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ពី​ចំពោះ​ទ្រង់​ចេញ ឥត​ឃើញ​មាន​កន្លែង​ណា​ឲ្យ​នៅ​ទៀត​ឡើយ
12 នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺ​ជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ‌ជម្រះ ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន
13 ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំ‌ជម្រះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន
14 ចំណែក​សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ នេះ​ជា​សេចក្ដី​ស្លាប់​ទី​២
15 បើ​អ្នក​ណា​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។