វិវរណៈ
ជំពូក 15
ញុំក៏ឃើញទីសម្គាល់១ទៀត ដែលធំហើយអស្ចារ្យ នៅលើមេឃ គឺមានទេវតា៧ ដែលកាន់សេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ដ្បិតសេចក្ដីឃោរឃៅរបស់ព្រះបានសម្រេច ដោយសេចក្ដីវេទនាទាំងនោះ។
2 រួចខ្ញុំមើលទៅឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វនោះ និងរូបវា ហើយលេខឈ្មោះវាផង គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា
3 គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបម្រើនៃព្រះ និងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់
4 ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរតម្កើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសម្ដែងមកឲ្យឃើញហើយ។
5 ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្ដីបន្ទាល់ នៅស្ថានសួគ៌ ក៏នៅចំហ
6 ហើយទេវតា៧ដែលកាន់សេចក្ដីវេទនាទាំង៧ ក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់ជាសំពត់ទេសយ៉ាងស្អាត ហើយភ្លឺ មានទាំងខ្សែមាសរឹតនៅដើមទ្រូងផង
7 តួមានជីវិត១ ក៏ឲ្យចានកន្ទោងមាស៧ទៅទេវតាទាំង៧ ដែលចានទាំងនោះពេញទៅដោយសេចក្ដីឃោរឃៅរបស់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ
8 នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្ដីវេទនាទាំង៧ របស់ទេវតា៧នោះបានសម្រេចស្រេច។