វិវរណៈ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 10

ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​ពូកែ​១​ទៀត ចុះ​មក​ពី​លើ​មេឃ មាន​ពពក​ហ៊ុម ហើយ​មាន​ឥន្ទ‌ធនូ​នៅ​លើ​ក្បាល​ទេវតា​នោះ​ដូច​ជា​ថ្ងៃ ហើយ​ជើង​ដូច​ជា​បង្គោល​ភ្លើង
2 មាន​កាន់​ក្រាំង​១​តូច​បើក​នៅ​ដៃ ក៏​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក
3 រួច​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង ដូច​ជា​សំឡេង​នៃ​សត្វ​សិង្ហ​ដែល​គ្រហឹម លុះ​បាន​បន្លឺ​ស្រេច​ហើយ នោះ​ក៏​មាន​ឮ​សំឡេង​ផ្គរ‌លាន់​៧
4 កាល​បាន​ឮ​ផ្គរ‌លាន់​ទាំង​៧​នោះ​រួច​ហើយ នោះ​ខ្ញុំ​រៀប​នឹង​សរសេរ តែ​មាន​សំឡេង​ចេញ​ពី​លើ​មេឃ​ប្រាប់​ខ្ញុំ​ថា ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​៧​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ
5 រួច​ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក ក៏​លើក​ដៃ​ស្តាំ​ទៅ​លើ​មេឃ
6 ទាំង​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បង្កើត​មេឃ ដី សមុទ្រ និង​របស់​ទាំង​ប៉ុន្មាន ដែល​នៅ​ស្ថាន​ទាំង​នោះ​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ
7 តែ​នៅ​គ្រា​ដែល​ឮ​សំឡេង​ទេវតា​ទី​៧ ក្នុង​កាល​ដែល​រៀប​នឹង​ផ្លុំ​ត្រែ នោះ​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ​នឹង​បាន​សម្រេច ដូច​ជា​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ​មក​ប្រាប់​ពួក​ហោរា ជា​ពួក​បាវ​បម្រើ​របស់​ទ្រង់​ដែរ។
8 ឯ​សំឡេង​ដែល​ខ្ញុំ​ឮ​ពី​លើ​មេឃ នោះ​ក៏​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា ចូរ​ទៅ​យក​ក្រាំង​តូច​ដែល​បើក​នៅ​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក​នោះ​ចុះ
9 ខ្ញុំ​ក៏​ទៅ​ឯ​ទេវតា​នោះ និយាយ​ថា សូម​ឲ្យ​ក្រាំង​តូច​នោះ​មក​ខ្ញុំ ទេវតា​ឆ្លើយ​ថា ចូរ​យក​ទៅ​បរិភោគ​ចុះ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​ឯង​ល្វីង តែ​នៅ​ក្នុង​មាត់​នឹង​បាន​ផ្អែម​ដូច​ទឹក​ឃ្មុំ​ទេ
10 នោះ​ខ្ញុំ​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​ទទួល​ទាន​ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក៏​ផ្អែម​ដូច​ទឹក​ឃ្មុំ​មែន តែ​កាល​ខ្ញុំ​បាន​ទទួល​ទាន​រួច​ទៅ​ហើយ នោះ​ពោះ​ខ្ញុំ​បាន​ទៅ​ជា​ល្វីង​វិញ
11 រួច​ទេវតា​ប្រាប់​ខ្ញុំ​ថា ឯង​ត្រូវ​ទាយ​ម្តង​ទៀត គឺ​ទាយ​ពី​ដំណើរ​គ្រួសារ និង​ពី​ពួក​សាសន៍ ពី​ភាសា​ផ្សេងៗ ហើយ​ពី​ស្តេច​ជា​ច្រើន។