វិវរណៈ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 18

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី
2 ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច និង​អស់​ទាំង​សត្វ​ស្លាប​អសោច​គួរ​ខ្ពើម
3 ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺ‌ហារ​របស់​វា​ដែរ។
4 ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ
5 ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ‌ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា
6 ចូរ​សង​វា​តាម​ការ​ដែល​វា​បាន​ធ្វើ​ដល់​ឯង​ចុះ ទាំង​ទ្វេ​១​ជា​២​ឲ្យ​វា​ផង ចូរ​ចាក់​១​ជា​២​ទៅ​ក្នុង​ពែង ដែល​វា​បាន​ចាក់​ឲ្យ​ឯង
7 ដែល​វា​បាន​តម្កើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ
8 ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ទេវនា​របស់​វា នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​១​វិញ គឺ​ជា​សេចក្ដី​ស្លាប់​សោក​សង្រេង និង​អំណត់​អត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជម្រះ​វា ទ្រង់​ខ្លាំង​ពូកែ​ណាស់
9 នោះ​ពួក​ស្តេច​នៅ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ហ៊ឺហា​ជា​មួយ​នឹង​វា គេ​នឹង​យំ​ទួញ ហើយ​សោក​សង្រេង ក្នុង​កាល​ដែល​ឃើញ​ផ្សែង​ហុយ​ឡើង ពី​ភ្លើង​ដែល​កំពុង​តែ​ឆេះ​វា​នោះ
10 គេ​នឹង​ឈរ​ពី​ចម្ងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្ដី​ជំនុំ‌ជម្រះ​ឯង​បាន​សម្រេច​ក្នុង​ខណៈ​តែ​១​ម៉ោង​ទេ។
11 ឯ​ពួក​ជំនួញ​នៅ​ផែនដី គេ​យំ​ទួញ ហើយ​សោក​សង្រេង​នឹង​វា ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ទំនិញ​របស់​គេ​ទៀត​ឡើយ
12 ឯ​ទំនិញ​នោះ គឺ​ជា​មាស ប្រាក់ ត្បូង​មាន​តម្លៃ កែវ‌មុក្តា សំពត់​ទេស ព្រែ ល័ខ​ពណ៌​ស្វាយ ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​តម្លៃ ពី​លង្ហិន ពី​ដែក ហើយ​ពី​ថ្ម​កែវ
13 សម្បុរ​ល្វែង ជ័រ​ល្វីង‌ទេស ទឹក​អប់ កំញាន គ្រឿង​ក្រអូប ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ត ស្រូវ‌សាលី គោ ចៀម សេះ រទេះ ហើយ​ទាំង​ខ្លួន​ប្រាណ និង​ព្រលឹង​មនុស្ស​ផង
14 ឯ​អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន នោះ​បាន​ថយ​ចេញ​ពី​ឯង​ហើយ ព្រម​ទាំង​របស់​ថ្លៃ​វិសេស និង​របស់​ភ្លឺ​រុងរឿង​ដែរ ឯង​នឹង​មិន​ឃើញ​ទៀត​ឡើយ
15 ពួក​ជំនួញ​ដែល​ជួញ​របស់​ទាំង​នោះ ហើយ​បាន​ត្រឡប់​ជា​មាន ដោយ‌សារ​ក្រុង​នោះ គេ​យំ​ទួញ ទាំង​សោក​សង្រេង ហើយ​ឈរ​ពី​ចម្ងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា
16 ក៏​និយាយ​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​តម្លៃ ហើយ​កែវ‌មុក្តា​ផង
17 ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង និង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចម្ងាយ
18 ទាំង​ស្រែក​ឡើង ដោយ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ភ្លើង ដែល​ឆេះ​វា​នោះ​ថា តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ
19 ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង។
20 ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ទី​ក្រុង​នោះ​ឡើង ដ្បិត​ព្រះ‌ទ្រង់​បាន​កាត់​ទោស តាម​សេចក្ដី​ជំនុំ‌ជម្រះ​របស់​ឯង​រាល់​គ្នា​ហើយ
21 នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប​បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ
22 ក៏​នឹង​គ្មាន​ឮ​សំឡេង​នៃ​ពួក​អ្នក​ចាប់​ស៊ុង ច្រៀង​ចម្រៀង ផ្លុំ​ខ្លុយ និង​ត្រែ នៅ​ក្នុង​ឯង​ទៀត​ឡើយ ហើយ​មិន​ឃើញ​មាន​ជាង​ណា ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ឯង ឬ​ឮ​សូរ​ត្បាល់​កិន នៅ​ក្នុង​ឯង​ទៀត​ឡើយ
23 និង​គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង នោះ​ជា​អ្នក​ធំ​នៅ​ផែនដី ពី​ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​ការ​មន្ត‌អាគម​របស់​ឯង
24 រីឯ​នៅ​ក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធ​តែ​ឈាម​នៃ​ពួក​ហោរា និង​ពួក​បរិសុទ្ធ ហើយ​និង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សម្លាប់​នៅ​ផែនដី​ដែរ។