វិវរណៈ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 4

ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​ទ្វារ​១​ចំហ នៅ​ស្ថាន‌សួគ៌ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ ដូច​ជា​សូរ​ត្រែ​ជា​មុន​ដំបូង​នោះ ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឡើង​មក​ឯ​ណេះ អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ ដែល​ត្រូវ​មក​ខាង​ក្រោយ​ទៀត
2 ស្រាប់​តែ​ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ ហើយ​ឃើញ​មាន​បល្ល័ង្ក​១ ដាក់​នៅ​លើ​ស្ថាន‌សួគ៌ ក៏​មាន​១​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ
3 ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណី‌ជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទ‌ធនូ​នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។
4 នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់‌ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀក‌ពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល
5 មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង និង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ
6 ឯ​នៅ​ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្តាល និង​ជុំ‌វិញ​នៃ​បល្ល័ង្ក​នោះ ក៏​មាន​តួ​មាន​ជីវិត​៤​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ
7 ឯ​តួ​ទី​១​ស្រដៀង​នឹង​សត្វ​សិង្ហ តួ​ទី​២​ស្រដៀង​នឹង​សត្វ​គោ តួ​ទី​៣​មាន​មុខ​ដូច​ជា​មនុស្ស ហើយ​តួ​ទី​៤​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​ហើរ
8 តួ​មាន​ជីវិត​ទាំង​៤​នោះ មាន​ស្លាប​៦​គ្រប់​រូប ក៏​មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ‌វិញ ហើយ​ទាំង​ខាង​ក្នុង​ដែរ ក៏​ចេះ​តែ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​តែ​ពី​ដើម ក៏​នៅ​ឥឡូវ​នេះ ហើយ​ត្រូវ​យាង​មក​ទៀត
9 កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​នោះ​បាន​ថ្វាយ​សិរី‌ល្អ ល្បី​ព្រះ‌នាម និង​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប‌ជានិច្ច រៀង​រាប​ដរាប​ទៅ​រួច​ហើយ
10 នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប‌ជានិច្ច រៀង​រាប​ត​ទៅ​នោះ ហើយ​ក៏​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​នៅ​មុខ​បល្ល័ង្ក ដោយ​ទូល​ថា
11 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី‌ល្អ កិត្តិ‌នាម និង​ព្រះ‌ចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង។