វិវរណៈ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 16

ញុំ​ក៏​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទៅ​ទេវតា​ទាំង​៧​ថា ចូរ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែនដី​ទៅ។
2 ទេវតា​ទី​១​ក៏​ចេញ​ទៅ ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ផែនដី នោះ​មនុស្ស​ដែល​មាន​ទី​សម្គាល់​របស់​សត្វ និង​អស់​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា គេ​ក៏​កើត​ដំបៅ​កាច​អាក្រក់​ណាស់។
3 ទេវតា​ទី​២ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។
4 ទេវតា​ទី​៣​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នោះ​ក៏​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​ដែរ
5 រួច​ខ្ញុំ​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំ‌ជម្រះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ
6 ដ្បិត​គេ​បាន​កម្ចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ
7 រួច​ខ្ញុំ​ឮ​អាសនៈ​ទទួល​ថា មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជម្រះ​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់។
8 ទេវតា​ទី​៤​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ព្រះ‌អាទិត្យ រួច​ព្រះ‌អាទិត្យ​បាន​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ខ្លោច ដោយ‌សារ​ភ្លើង
9 មនុស្ស​លោក​ក៏​ត្រូវ​ខ្លោច​ទៅ ដោយ​អំណាច​ក្តៅ​ជា​ខ្លាំង តែ​គេ​មិន​បាន​ប្រែ​ចិត្ត ដើម្បី​នឹង​លើក​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ​ទេ គឺ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដែល​មាន​អំណាច​លើ​សេចក្ដី​វេទនា​ទាំង​នោះ​វិញ។
10 ឯ​ទេវតា​ទី​៥ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​នោះ រួច​នគរ​វា​ត្រឡប់​ទៅ​ជា​ងងឹត​សូន្យ​សុង ហើយ​គេ​ខាំ​អណ្តាត ដោយ​មាន​សេចក្ដី​ទុក្ខ​លំបាក
11 ក៏​ប្រមាថ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ដោយ​ព្រោះ​ទុក្ខ​លំបាក និង​ដំបៅ​របស់​គេ តែ​មិន​បាន​ប្រែ​ចិត្ត​លះ​ចោល​ពី​ការ​ដែល​គេ​ប្រព្រឹត្ត​ឡើយ។
12 ទេវតា​ទី​៦ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត រួច​ទឹក​ទន្លេ​នោះ​ក៏​រីង​ទៅ ដើម្បី​ឲ្យ​បាន​រៀប‌ចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​ថ្ងៃ​រះ
13 រួច​ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​៣ ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ មាត់​សត្វ និង​ពី​មាត់​ហោរា​ក្លែង‌ក្លាយ​មក
14 ដ្បិត​វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​នៃ​ពួក​អារក្ស ដែល​ចេញ​ទៅ​ឯ​អស់​ទាំង​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សម្គាល់ ដើម្បី​នឹង​ប្រមូល​ស្តេច​ទាំង​នោះ​មក​ក្នុង​ចម្បាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត
15 (មើល អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សម្លៀក‌បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្តិ៍​ខ្មាស​ខ្លួន​ឡើយ)
16 រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេ‌ព្រើរ​ហៅ​ថា អើម៉ា‌គេដូន។
17 ទេវតា​ទី​៧ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​អាកាស រួច​មាន​ឮ​សំឡេង​ខ្លាំង ចេញ​ពី​បល្ល័ង្ក ក្នុង​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌ មក​ថា ស្រេច​ហើយ
18 រួច​មាន​ផ្លេក‌បន្ទោរ សូរ​សំឡេង និង​ផ្គរ‌លាន់ ហើយ​មាន​កក្រើក​ដី​ជា​ខ្លាំង​ដែរ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​មាន​មនុស្ស​នៅ​ផែនដី​រៀង​មក នោះ​មិន​ដែល​មាន​កក្រើក​ដី​យ៉ាង​ខ្លាំង ហើយ​សម្បើម​ដូច្នេះ​ឡើយ
19 ទី​ក្រុង​ដ៏​ធំ​ញែក​ចេញ​ជា​៣​ភាគ អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ‌ទ្រង់​នឹក​ចាំ​ពី​ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ ដើម្បី​នឹង​ឲ្យ​ពែង​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​ខ្ញាល់​ទ្រង់​ដល់​គេ
20 នោះ​គ្រប់​ទាំង​កោះ​ក៏​បាត់​ទៅ ហើយ​មិន​ឃើញ​មាន​ភ្នំ​ណា​ទៀត​សោះ​ឡើយ
21 ក៏​មាន​ព្រិល​យ៉ាង​ធំៗ គ្រាប់​១​ទំងន់​១​ហាប ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​មនុស្ស​លោក​ក៏​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​សេចក្ដី​វេទនា និង​ព្រិល​នោះ ពី​ព្រោះ​សេចក្ដី​វេទនា​នោះ​ជា​ខ្លាំង​ក្រៃ‌លែង។