វិវរណៈ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 19

ក្រោយ​នោះ​មក ខ្ញុំ​ឮ​សំឡេង​យ៉ាង​ខ្លាំង របស់​មនុស្ស​១​ហ្វូង​ដ៏​ធំ នៅ​លើ​ស្ថាន‌សួគ៌​ថា ហាលេ‌លូយ៉ា សេចក្ដី​សង្គ្រោះ សិរី‌ល្អ និង​ព្រះ‌ចេស្តា នោះ​ជា​របស់​ផង​ព្រះ​នៃ​យើង​រាល់​គ្នា​ហើយ
2 ដ្បិត​សេចក្ដី​ជំនុំ‌ជម្រះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សង‌សឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បម្រើ​របស់​ទ្រង់ ដែល​វា​បាន​កម្ចាយ
3 ពួក​នោះ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា ហាលេ‌លូយ៉ា ហើយ​ផ្សែង​វា​ក៏​ហុយ​ឡើង​នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ
4 ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ និង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ចំពោះ​ព្រះ ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​និយាយ​ថា អាម៉ែន ហាលេ‌លូយ៉ា
5 រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បម្រើ​ទ្រង់ និង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ
6 នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ
7 ចូរ​ឲ្យ​យើង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ទ្រង់​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហ‌មង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច
8 ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក‌ពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ត ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ត នោះ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ
9 ទេវតា​ក៏​ប្រាប់​មក​ខ្ញុំ​ថា ចូរ​សរសេរ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិភោគ​ការ​កូន​ចៀម ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ
10 នោះ​ខ្ញុំ​ទម្លាក់​ខ្លួន​ចុះ នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ‌បង្គំ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​បាវ​បម្រើ​ជា​មួយ​នឹង​អ្នក ហើយ​និង​បង​ប្អូន​អ្នក ដែល​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​ដែរ ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ ។
11 ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ និង​ព្រះ‌អង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះ‌នាម​ថា «ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ»ទ្រង់​ជំនុំ‌ជម្រះ ហើយ​ច្បាំង​ដោយ​សុចរិត
12 ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះ‌នាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ
13 ទ្រង់​ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ទ្រង់​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»
14 អស់​ទាំង​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀក‌ពាក់​សំពត់​ទេស ហើយ​ស្អាត​ផង
15 មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត
16 ទ្រង់​មាន​ព្រះ‌នាម​កត់​នៅ​ព្រះ‌ពស្ត្រ ហើយ​នៅ​ព្រះ‌ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។
17 ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ឈរ​នៅ​លើ​ព្រះ‌អាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​គ្រប់​ទាំង​សត្វ​ដែល​ហើរ​លើ​អាកាស​ថា ចូរ​មក​ប្រជុំ​គ្នា និង​ស៊ី​លៀង​ដ៏​ធំ​របស់​ព្រះ​ចុះ
18 ដើម្បី​នឹង​ស៊ី​សាច់​នៃ​ពួក​ស្តេច ពួក​មេ​ទ័ព ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សេះ ហើយ​និង​ពួក​អ្នក​ដែល​ជិះ​ដែរ គឺ​ជា​សាច់​នៃ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា និង​ខ្ញុំ​គេ ទាំង​អ្នក​ធំ និង​អ្នក​តូច​ផង។
19 ខ្ញុំ​ក៏​ឃើញ​សត្វ​នោះ និង​ពួក​ស្តេច​នៅ​ផែនដី ព្រម​ទាំង​ពល​ទ័ព​គេ បាន​ប្រមូល​គ្នា ដើម្បី​ច្បាំង​នឹង​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ​ស​នោះ និង​ពួក​ពល​ទ័ព​របស់​ទ្រង់​ផង
20 សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង‌ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​នឹង​បញ្ឆោត​ពួក​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ និង​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា ហើយ​វា​ទាំង​២​ក៏​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ
21 ហើយ​ពួក​ដែល​សល់​នៅ ក៏​ត្រូវ​ស្លាប់​ដោយ​ដាវ​ព្រះ‌អង្គ ដែល​គង់​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​នៃ​ពួក​ទាំង​នោះ។