វិវរណៈ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 6

កាល​កូន​ចៀម​បក​ត្រា​ទី​១ នោះ​ខ្ញុំ​ក៏​ឃើញ រួច​ខ្ញុំ​ឮ​តួ​មាន​ជីវិត​១ បន្លឺ​សំឡេង​ដូច​ផ្គរ‌លាន់​ថា ចូរ​មក​មើល​ចុះ
2 ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ស​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ‌ជម្នះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ។
3 លុះ​បក​ត្រា​ទី​២ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​២​ថា ចូរ​មក​មើល​ចុះ
4 នោះ​មាន​សេះ​១​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម ហើយ​គេ​ឲ្យ​អ្នក​ដែល​ជិះ មាន​អំណាច​អាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សម្លាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ ដល់​អ្នក​នោះ​ដែរ។
5 លុះ​បក​ត្រា​ទី​៣ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៣​ថា ចូរ​មក​មើល​ចុះ ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ខ្មៅ​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ជញ្ជីង​១​នៅ​ដៃ
6 រួច​ខ្ញុំ​ឮ​សំឡេង​១​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​៤ ពោល​ដូច្នេះ​ថា អង្ករ​ស្រូវ‌សាលី​១​នាលិ ថ្លៃ​២​កាក់ ហើយ​អង្ករ​ស្រូវ​ឱក​៣​នាលិ ថ្លៃ​២​កាក់ តែ​កុំ​ឲ្យ​បង្ខូច​ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ។
7 លុះ​បក​ត្រា​ទី​៤ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៤​ថា ចូរ​មក​មើល​ចុះ
8 ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​សេះ​១​សម្បុរ​ស្លាំង ឯ​អ្នក​ដែល​ជិះ​មាន​ឈ្មោះ​ថា «សេចក្ដី​ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​តាម​អ្នក​នោះ​ទៅ គេ​ឲ្យ​ទាំង​២​នោះ​មាន​អំណាច​លើ​ផែនដី​១​ភាគ​ក្នុង​៤ ដើម្បី​នឹង​សម្លាប់​ដោយ​ដាវ អំណត់​អត់ និង​សេចក្ដី​វេទនា ហើយ​ដោយ​សត្វ​ព្រៃ នៅ​ផែនដី​ផង។
9 លុះ​បក​ត្រា​ទី​៥ នោះ​នៅ​ក្រោម​អាសនៈ ខ្ញុំ​ក៏​ឃើញ​មាន​អស់​ទាំង​ព្រលឹង​របស់​មនុស្ស ដែល​គេ​បាន​សម្លាប់ ដោយ​ព្រោះ​កាន់​តាម​ព្រះ‌បន្ទូល និង​សេចក្ដី​បន្ទាល់
10 ឯ​ព្រលឹង​ទាំង​នោះ​ក៏​បន្លឺ​សំឡេង​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់ ជា​ព្រះ​បរិសុទ្ធ ហើយ​ពិត​ប្រាកដ​អើយ តើ​ទ្រង់‌ចាំ​ដល់​កាល​ណា​ទៀត​បាន​ជំនុំ​ជម្រះ ហើយ​សង‌សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​យើង​ខ្ញុំ​រាល់​គ្នា
11 នោះ​មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ ហើយ​ក៏​ប្រាប់​ឲ្យ​ឈប់​សម្រាក​បន្តិច​សិន ទាល់​តែ​ពួក​បាវ​បម្រើ ជា​គូ‌កន ហើយ​ជា​បង​ប្អូន ដែល​ត្រូវ​សម្លាប់​បែប​ដូច​គ្នា បាន​គ្រប់​ចំនួន។
12 លុះ​បក​ត្រា​ទី​៦ នោះ​ខ្ញុំ​ក្រឡេក​ទៅ ឃើញ​មាន​កក្រើក​ដី​ជា​ខ្លាំង ថ្ងៃ​ក៏​ត្រឡប់​ទៅ​ជា​ខ្មៅ​ដូច​សំពត់​រោម​ខ្មៅ ហើយ​ខែ​ក៏​ត្រឡប់​ប្រែ​ទៅ​ដូច​ជា​ឈាម
13 ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​មក​លើ​ផែនដី ដូច​ជា​ដើម​ល្វា​ដែល​ត្រូវ​ខ្យល់​ធំ គ្រវាត់​បណ្តាច់​ផ្លែ​ខ្ចី​ចោល​ចេញ​ដែរ
14 ផ្ទៃ​មេឃ​ក៏​បាត់​ទៅ ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទៅ​វិញ ហើយ​គ្រប់​ទាំង​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​រើ​ចេញ​ពី​កន្លែង​ផង
15 អស់​ទាំង​ស្តេច​នៅ​ផែនដី និង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​ទាំង​បាវ​បម្រើ និង​អ្នក​ជា​ទាំង​ប៉ុន្មាន គេ​ពួន​នៅ​ក្នុង​រអាង ហើយ​ក្នុង​ក្រហែង​ភ្នំ​ទាំង​អស់​គ្នា
16 គេ​អង្វរ​ទៅ​ភ្នំ ហើយ​ទៅ​ថ្ម​ថា សូម​ធ្លាក់​មក​លើ​យើង ដើម្បី​បំបាំង​យើង ពី​ព្រះ‌‌ភ័ក្ត្រ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចេញ
17 ដ្បិត​ថ្ងៃ​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន។