សុភាសិត
ជំពូក 29
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុង១រំពេច ទាល់បើជួយផង។
2 កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្តាជនស្រែកថ្ងូរឡើង។
3 អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលគប់រកស្រីសំផឹង នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
4 ស្តេចរមែងតាំងនគរឲ្យមាំមួន ដោយសារសេចក្ដីយុត្តិធម៌ តែស្តេចណាដែលសង្កត់សង្កិនយកតង្វាយ នោះធ្វើឲ្យស្រុកវិនាសវិញ។
5 អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សម្រាប់ចាប់ជើងគេទេ។
6 មានអន្ទាក់នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតគេច្រៀងដោយអរសប្បាយវិញ។
7 មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។
8 មនុស្សចំអកមើលងាយគេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញាគេបង្វែរបណ្តេញសេចក្ដីក្រោធចេញវិញ។
9 បើអ្នកមានប្រាជ្ញាគេកើតមានរឿងនឹងមនុស្សចម្កួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្ដីសុខវិញឡើយ។
10 ពួកមនុស្សដែលកម្ចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញ។
11 ពួកល្ងីល្ងើសម្ដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។
12 បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបម្រើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។
13 មនុស្សទាល់ក្រ និងមនុស្សដែលសង្កត់សង្កិន គេតែងតែប្រទះគ្នា តែគឺព្រះយេហូវ៉ា ដែលបំភ្លឺភ្នែករបស់អ្នកទាំង២នោះ។
14 ឯស្តេចណាដែលវិនិច្ឆ័យក្តីរបស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះនឹងបានតាំងឲ្យជាប់ជាដរាប។
15 រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។
16 កាលណាមនុស្សអាក្រក់ចម្រើនជាច្រើនឡើង នោះសេចក្ដីរំលងច្បាប់ក៏ចម្រើនឡើងដែរ ប៉ុន្តែ ពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញ។
17 ចូរស្តីប្រដៅកូនឯងចុះ នោះវានឹងឲ្យឯងបានសម្រាកចិត្ត អើ វានឹងឲ្យឯងមានចិត្តរីករាយផង។
18 គ្រាណាដែលឥតមានការបើកសម្ដែង នោះបណ្តាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះសប្បាយហើយ។
19 ខ្ញុំកំដរនឹងរាងចាល ដោយសារតែពាក្យបន្ទោសមិនបាន ដ្បិតទោះបើវាស្តាប់បាន គង់តែមិនយកចិត្តទុកដាក់ឡើយ។
20 ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដីឬមានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
21 អ្នកណាដែលចិញ្ចឹមបាវបម្រើដោយថ្នម តាំងពីតូចមក នោះដល់ជាន់ក្រោយនឹងបានអ្នកនោះដូចជាកូនវិញ។
22 មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។
23 ចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ។
24 អ្នកណាដែលចូលដៃនឹងចោរ នោះឈ្មោះថាស្អប់ដល់ព្រលឹងខ្លួន វាឮគេដាក់បណ្តាសាដល់ខ្លួន ប៉ុន្តែ មិនពោលតបឡើយ។
25 ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ។
26 មានមនុស្សជាច្រើនដែលស្វែងរក ឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រង តែសេចក្ដីវិនិច្ឆ័យដល់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាវិញ។
27 ឯមនុស្សទុច្ចរិតគេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។