សុភាសិត
ជំពូក 18
អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏មានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្ដីដែលមានទំនង។
2 ចំណែកមនុស្សល្ងីល្ងើគេឥតមានសេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែនឹងសម្ដែងគំនិតក្នុងចិត្តខ្លួនឯងចេញវិញ។
3 កាលណាមនុស្សអាក្រក់មកដល់ នោះសេចក្ដីមើលងាយមានជាប់តាមមកដែរ ហើយសេចក្ដីត្មះតិះដៀលក៏រមែងមកជាមួយនឹងសេចក្ដីអាប់យសផង។
4 ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ ។
5 ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។
6 បបូរមាត់មនុស្សល្ងីល្ងើតែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។
7 មាត់របស់មនុស្សល្ងីល្ងើជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
8 ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។
9 អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន នោះឈ្មោះថាជាបងប្អូននឹងអ្នកដែលបំផ្លាញ។
10 ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
11 ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។
12 មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា នោះរមែងតែនាំមុខកិត្តិយសវិញ។
13 អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង នោះរាប់ជាការចម្កួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
14 វិញ្ញាណនៃមនុស្សនឹងទប់ទល់ខ្លួនក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណានឹងទ្រាំបាន។
15 ចិត្តរបស់មនុស្សវាងវៃតែងតែចម្រើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញាក៏ស្វះស្វែងរកចំណេះដែរ។
16 ជំនូនរបស់មនុស្សរមែងបើកផ្លូវឲ្យដល់ខ្លួន ក៏នាំចូលទៅដល់ចំពោះអ្នកធំផង។
17 អ្នកណាដែលនិយាយមុនគេក្នុងការក្តី នោះមើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកបើកសម្ដែងឲ្យឃើញកំហុសវិញ។
18 ការចាប់ឆ្នោតតែងនឹងធ្វើឲ្យសេចក្ដីទាស់ទែងគ្នាបាត់ទៅ ហើយនិងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរ។
19 បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្ដីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។
20 មនុស្សនឹងបានឆ្អែតពោះ ដោយផលនៃមាត់ខ្លួន គឺនឹងបានស្កប់ចិត្ត ដោយផលចម្រើននៃបបូរមាត់។
21 ទោះទាំងសេចក្ដីស្លាប់ ហើយនិងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។
22 អ្នកណាដែលរកបានប្រពន្ធ នោះឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ។
23 មនុស្សក្រគេពោលពាក្យអង្វរ តែមនុស្សអ្នកមានតបដោយពាក្យគំហកវិញ។
24 អ្នកណាដែលមានមិត្តភក្តិច្រើន នោះនាំឲ្យវិនាសខ្លួនទេ ប៉ុន្តែ មានមិត្តសំឡាញ់ម្យ៉ាងដែលនៅជាប់ជាងបងប្អូនទៅទៀត។