សុភាសិត
ជំពូក 28
មនុស្សអាក្រក់គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
2 កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ ហើយនិងតម្រិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។
3 មនុស្សក្រដែលពានលើមនុស្សកំសត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។
4 ពួកអ្នកដែលបោះបង់ចោលបញ្ញត្តច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់វិញ នោះតែងតែតតាំងនឹងគេ។
5 មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។
6 មនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
7 អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។
8 អ្នកណាដែលចម្រើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសម្រាប់មនុស្សដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។
9 អ្នកណាដែលបែរត្រចៀកចេញមិនព្រមស្តាប់បញ្ញត្តច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
10 អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់នឹងគ្រងបានសេចក្ដីល្អជាមរដក។
11 មនុស្សអ្នកមានគេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញា តែមនុស្សក្រដែលមានយោបល់នឹងស្ទង់មើល ឲ្យស្គាល់គេបាន។
12 កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្តាជនមានសេចក្ដីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
13 អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
14 សប្បាយហើយ អ្នកណាដែលមានចិត្តកោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។
15 មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។
16 ចៅហ្វាយណាដែលខ្វះយោបល់ នោះតែងតែសង្កត់សង្កិនជនជាយ៉ាងខ្លាំង តែអ្នកណាដែលស្អប់សេចក្ដីលោភ នោះនឹងបានចម្រើនអាយុយឺនយូរវិញ។
17 ឯមនុស្សដែលមានទោសជាអ្នកកម្ចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
18 អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
19 អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សចោលម្សៀត នោះនឹងបានសេចក្ដីកំសត់យ៉ាងឆ្អែតវិញ។
20 មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
21 ការដែលយោគយល់ខាងមនុស្សណា នោះមិនល្អទេ ហើយដែលប្រព្រឹត្តរំលងច្បាប់ឲ្យតែបានអាហារបន្តិចបន្តួច នោះក៏មិនល្អដូចគ្នា។
22 អ្នកណាដែលមានភ្នែកអាក្រក់ នោះកំពុងតែរួសរាន់ដេញតាមទ្រព្យសម្បត្តិ ឥតដឹងឡើយថា សេចក្ដីខ្វះខាតនឹងតាមខ្លួនទាន់។
23 អ្នកណាដែលបន្ទោសដល់មនុស្ស នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន ជាជាងអ្នកដែលបញ្ចើចដោយអណ្តាតទៅទៀត។
24 អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា មិនមែនជាបាបទេ អ្នកនោះឯងជាសំឡាញ់នឹងពួកអ្នកបំផ្លាញហើយ។
25 អ្នកណាដែលមានចិត្តធំ នោះបណ្តាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
26 អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ នោះនឹងបានប្រោសឲ្យរួច។
27 អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ នោះនឹងត្រូវពាក្យប្រទេចផ្តាសាជាច្រើន។
28 បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។