សុភាសិត
ជំពូក 13
កូនដែលមានប្រាជ្ញារមែងស្តាប់តាមដំបូន្មានរបស់ឪពុក តែមនុស្សចំអកមើលងាយ មិនព្រមស្តាប់តាមពាក្យបន្ទោសទេ។
2 មនុស្សនឹងបានសេចក្ដីល្អដោយសារផលដែលកើតពីមាត់មក តែព្រលឹងរបស់មនុស្សក្បត់នឹងបានតែសេចក្ដីច្រឡោតវិញ។
3 អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួនតែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
4 ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
5 មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។
6 សេចក្ដីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
7 មានគេដែលខំប្រឹងឲ្យបានជាអ្នកស្តុកស្តម្ភ តែគេគ្មានអ្វីសោះ ក៏មានមនុស្សដែលទៅជាក្រ តែមានទ្រព្យសម្បត្តិច្រើន។
8 ឯទ្រព្យសម្បត្តិនឹងទុកសម្រាប់លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។
9 ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។
10 ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្តាប់តាមសេចក្ដីទូន្មាន។
11 ទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បី នោះនឹងខ្ជះខ្ជាយទៅ តែអ្នកណាដែលសន្សំដោយប្រឹងប្រែងនោះនឹងបានចម្រើនកើនឡើង។
12 សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
13 អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យនោះនឹងបានរង្វាន់វិញ។
14 ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សម្រាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
15 គំនិតឆ្លុះមុត នោះនាំឲ្យគេរាប់អាន តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ។
16 គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយតម្រិះ តែមនុស្សល្ងីល្ងើគេបង្អួតសេចក្ដីចម្កួតរបស់ខ្លួនវិញ។
17 មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចម្រើនសេចក្ដីសុខវិញ។
18 អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាមសេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។
19 ការដែលបានសម្រេចតាមបំណងចិត្ត នោះមានរស់ផ្អែមដល់ព្រលឹងហើយ តែដែលលះចេញពីអំពើអាក្រក់ នោះជាសេចក្ដីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។
20 អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
21 សេចក្ដីអាក្រក់ដេញជាប់តាមមនុស្សមានបាប តែមនុស្សសុចរិតនឹងបានរង្វាន់ជាសេចក្ដីល្អវិញ។
22 មនុស្សល្អ គេតែងតែទុកមរដកដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុកសម្រាប់មនុស្សសុចរិតវិញ។
23 ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែមានគេដែលត្រូវបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។
24 អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា។
25 មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់នឹងត្រូវអត់ឃ្លានវិញ។