សុភាសិត
ជំពូក 9
ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ គឺបានចាំងសសរទាំង៧ស្រេច
2 ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយ
3 បានទាំងចាត់ពួកស្រីបម្រើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា
4 អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់ នោះក៏ប្រាប់ថា
5 ចូរមកបរិភោគអាហាររបស់អញ ហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយ
6 ចូរលះចោលសេចក្ដីខ្លៅល្ងង់ចេញនោះនឹងបានរស់នៅ រួចឲ្យដើរក្នុងផ្លូវនៃយោបល់វិញចុះ។ អ្នកប្រាជ្ញ និងអ្នកវាយឫកខ្ពស់
7 អ្នកណាប្រដៅតម្រង់ដល់មនុស្សដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ
8 កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង
9 ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចម្រើនឡើងដែរ
10 សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
11 ដ្បិតដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ
12 បើឯងមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។ ដំណើរលេលា
13 ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូៗ ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ
14 គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង
15 ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរតម្រង់តាមផ្លូវទៅ ដោយពាក្យថា
16 នែ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ នាងនិយាយបបួលអស់អ្នកដែលគ្មានយោបល់ថា
17 ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់
18 តែគេមិនដឹងថា ពួកអ្នកស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះ សុទ្ធតែនៅក្នុងទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។