សុភាសិត
ជំពូក 22
នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ នោះវិសេសជាងប្រាក់ និងមាសផង។
2 ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នា។
3 មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
4 ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
5 នៅក្នុងផ្លូវរបស់មនុស្សវៀច នោះមានសុទ្ធតែបន្លា ហើយនិងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួននឹងចៀសឆ្ងាយពីនោះចេញ។
6 ចូរបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
7 មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះ។
8 អ្នកណាដែលសាបព្រោះសេចក្ដីទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅ។
9 អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រ។
10 ចូរបណ្តេញមនុស្សដែលចំអកមើលងាយ នោះសេចក្ដីទាស់ទែងគ្នានឹងបាត់ទៅ អើ សេចក្ដីឈ្លោះប្រកែក និងសេចក្ដីត្មះតិះដៀលនឹងស្ងប់ទៅដែរ។
11 ឯអ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធខាងចិត្ត ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ នោះស្តេចនឹងបានជាមិត្តសំឡាញ់របស់អ្នកនោះ។
12 ព្រះនេត្រនៃព្រះយេហូវ៉ារក្សាទុកនូវតម្រិះ តែទ្រង់បំផ្លាញពាក្យសំដីរបស់មនុស្សក្បត់វិញ។
13 មនុស្សខ្ជិលច្រអូសគេថា មានសិង្ហ១នៅខាងក្រៅហើយ បើខ្ញុំចេញទៅ នោះវានឹងសម្លាប់ខ្ញុំនៅនាកណ្តាលផ្លូវ។
14 មាត់របស់ស្រីដទៃជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
15 សេចក្ដីចម្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែ រំពាត់វាយផ្ចាលនឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។
16 អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីនឹងចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
17 ចូរផ្ទៀងត្រចៀកស្តាប់ពាក្យសំដីនៃមនុស្សដែលមានប្រាជ្ញា ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់អញចុះ
18 ដ្បិតបើឯងរក្សាទុកសេចក្ដីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្ដីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង
19 អញបានសម្ដែងឲ្យឯងដឹងសេចក្ដីនោះនៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា
20 អញបានកំណត់ទុកសេចក្ដីដ៏វិសេសសម្រាប់ឯង គឺជាសេចក្ដីទូន្មាន ហើយនិងតម្រិះមិនមែនឬ
21 ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដហើយ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជាជូនពួកអ្នកដែលចាត់ឯងមក។
22 កុំឲ្យកេងយករបស់នៃមនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ
23 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតពួកអ្នកដែលរឹបយករបស់គេដែរ។
24 កុំឲ្យចងជាមិត្តនឹងមនុស្សណាដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
25 ក្រែងឯងទម្លាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។
26 កុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយ
27 បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែពីក្រោមឯងទៅធ្វើអី។
28 កុំឲ្យបន្ថយគោលចារឹកដែលពួកអយ្យកោឯងបោះទុកពីបុរាណឡើយ។
29 ឯងដែលឃើញមនុស្សខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួនឬ អ្នកនោះនឹងបានឈរនៅចំពោះស្តេច មិនត្រូវឈរនៅចំពោះមនុស្សដែលឥតបណ្តាសក្តិឡើយ។