សុភាសិត
ជំពូក 20
ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។
2 សេចក្ដីស្ញែងខ្លាចរបស់ស្តេច នោះប្រៀបដូចជាសំឡេងគ្រហឹមនៃសិង្ហ អ្នកណាដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង នោះឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។
3 អ្នកណាដែលមិនព្រមបៀតខ្លួនក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញ។
4 មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូូត ហើយខ្វះខាតវិញ។
5 សេចក្ដីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់គេនឹងដងឡើងបាន។
6 មនុស្សស្ទើរតែទាំងអស់សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន។
7 មនុស្សសុចរិតគេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
8 កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ នោះទ្រង់កំចាត់អស់ទាំងអំពើអាក្រក់ ដោយសារព្រះនេត្រទ្រង់។
9 តើអ្នកណាអាចនឹងនិយាយបានថា ខ្ញុំបានជម្រះចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ។
10 កូនជញ្ជីងឆផ្សេងៗ ហើយរង្វាល់កោងផ្សេងៗទាំង២យ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
11 សូម្បីតែកូនក្មេងក៏សម្ដែងខ្លួនដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។
12 ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។
13 កុំឲ្យល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។
14 អ្នកដែលទិញរមែងថា របស់នេះអាក្រក់ អាក្រក់ណាស់ តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។
15 មាស ហើយត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។
16 ចូរទទួលបញ្ចាំអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យាជំនួសអ្នកក្រៅចុះ។
17 អាហារដែលមនុស្សណាបានដោយការកំភូត នោះរមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
18 អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសម្រេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
19 អ្នកណាដែលដើរចុះឡើងនិយាយដើមគេ នោះជាអ្នកបើកសម្ដែងការលាក់កំបាំងហើយ ដូច្នេះ កុំឲ្យភប់ប្រសព្វនឹងអ្នកណាដែលមានមាត់ប៉ាចរហាចឡើយ។
20 អ្នកណាដែលប្រទេចផ្តាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសុង។
21 ឯមរដកដែលដើមដំបូងបានយ៉ាងរួសរាន់ នោះដល់ចុងក្រោយមិនបានពរទេ។
22 កុំឲ្យថា អញនឹងសងសឹកនោះឡើយ ចូររង់ចាំព្រះយេហូវ៉ាចុះ ទ្រង់នឹងជួយសង្គ្រោះឯងវិញ។
23 កូនជញ្ជីងឆផ្សេងៗជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយត្រាជូក្លែង នោះមិនល្អទេ។
24 ផ្លូវដើររបស់មនុស្ស នោះស្រេចនៅព្រះយេហូវ៉ា ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សយល់ផ្លូវខ្លួនបាន។
25 ការដែលនិយាយឥតបើគិតថា នេះជាតង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
26 ស្តេចដែលមានប្រាជ្ញា ទ្រង់កំចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។
27 វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។
28 សេចក្ដីមេត្តា និងសេចក្ដីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្ដីសប្បុរសដែរ។
29 កម្លាំងកាយជាសេចក្ដីអំនួតរបស់មនុស្សកំលោះ ហើយសក់ស្កូវជាគ្រឿងលំអដល់មនុស្សចាស់។
30 ការវាយដោយរំពាត់ឲ្យត្រូវរបួស នោះនឹងសម្អាតអំពើអាក្រក់ចេញ ហើយការវាយដោយដំបង ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។