សុភាសិត
ជំពូក 26
ការដែលហិមៈធ្លាក់នៅរដូវក្តៅ ហើយភ្លៀងធ្លាក់នៅរដូវចម្រូូតមិនសមយ៉ាងណា កិត្តិយសក៏មិនសមនឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ
2 ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះសេចក្ដីបណ្តាសាឥតហេតុ មិនទំជាប់ឡើយក៏យ៉ាងនោះដែរ
3 មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។
4 កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចម្កួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ
5 ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា
6 អ្នកណាដែលប្រើមនុស្សល្ងីល្ងើឲ្យនាំដំណឹងទៅ នោះឈ្មោះថា កាប់ផ្តាច់ជើងរបស់ខ្លួន ហើយក៏ផឹកស្រូបសេចក្ដីអន្តរាយដែរ
7 ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
8 អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់ជាយ៉ាងណា នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
9 បន្លាមុតចូលក្នុងដៃរបស់មនុស្សស្រវឹងជាយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
10 ពលធ្នូ ម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ជាយ៉ាងណា អ្នកដែលជួលមនុស្សល្ងីល្ងើ និងមនុស្សដែលដើរតាមផ្លូវក៏យ៉ាងនោះដែរ
11 មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចម្កួតរបស់វាច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកំអួតវាវិញ
12 ឯងដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើជាជាងអ្នកនោះទៅទៀត។
13 មនុស្សខ្ជិលច្រអូសតែងតែថា មានសិង្ហ១នៅកណ្តាលថ្នល់ មានសិង្ហ១នៅត្រង់ផ្លូវ
14 មនុស្សខ្ជិលច្រអូសចេះតែបំរាសននៀលនៅលើគ្រែ បែបដូចទ្វារដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ
15 មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយដែលដកមកបញ្ចុកមាត់វិញនោះក៏រួយដៃដល់គេណាស់
16 មនុស្សខ្ជិលច្រអូសគេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញាជាជាងមនុស្ស៧នាក់ដែលតបឆ្លើយដោយវាងវៃ។
17 អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ
18 មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា អញគ្រាន់តែធ្វើលេងទេតើ
19 នោះប្រៀបដូចជាមនុស្សឆ្កួតដែលបោះកម្ចាយអង្កត់ឧសកំពុងឆេះ ព្រមទាំងព្រួញ និងសេចក្ដីស្លាប់ផង
20 ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ
21 មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ
22 ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាចំណីដែលឆ្ងាញ់ពិសា ក៏ចុះទៅដល់ខាងក្នុងរបស់មនុស្ស
23 មានបបូរមាត់ហៃនិយាយ ហើយចិត្តអាក្រក់ នោះធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។
24 អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ
25 កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើម៧មុខ
26 ទោះបើសេចក្ដីសំអប់របស់គេបានគ្របបាំងដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេនឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខនៃពួកជំនុំដែរ
27 អ្នកណាដែលជីករណ្តៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលប្រមៀលថ្ម ថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញ
28 ឯអណ្តាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នកដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើចតែងតែបណ្តាលឲ្យវិនាស។