ដានីយ៉ែល

1 2 3 4 5 6 7 8 9 10 11 12


ជំពូក 12

នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា​ដែល​ដំណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក លោក​នឹង​ឈរ​ឡើង ក៏​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ចាប់​តាំង​ពី​មាន​នគរ​ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី
2 ហើយ​ពួក​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី និង​ភ្ញាក់​ឡើង​វិញ​ជា​ច្រើន គឺ​ខ្លះ​ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប‌ជានិច្ច និង​ខ្លះ​ឲ្យ​បាន​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​ឲ្យ​បាន​ជា​ទី​ខ្ពើម‌ឆ្អើម នៅ​អស់‌កល្ប‌ជានិច្ច​វិញ
3 ឯ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​ភ្លឺ​ដូច​ជា​រស្មី​នៃ​ផ្ទៃ​មេឃ ហើយ​ពួក​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នោះ​នឹង​ភ្លឺ​ដូច​ជា​អស់​ទាំង​ផ្កាយ​នៅ​ជា​ដរាប​ត​ទៅ
4 តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចម្រើន​ឡើង។
5 គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ​ឃើញ​មាន​២​នាក់​ទៀត​ឈរ​នៅ ១​ត្រើយ​ទន្លេ​ខាង‌អាយ ហើយ​១​ត្រើយ​ទន្លេ​ខាង​នាយ
6 ម្នាក់​ក៏​និយាយ​ដល់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា តើ​កាល​ណា​បាន​ដល់​ចុង​បំផុត​នៃ​ការ​អស្ចារ្យ​ទាំង​នេះ
7 ខ្ញុំ​ក៏​ឮ​មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​នោះ ក្នុង​កាល​ដែល​លោក​បាន​លើក​ដៃ​ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​ឯ​លើ ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប‌ជានិច្ច​ថា ការ​នេះ​នឹង​មាន​នៅ​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​កម្ទេច​អំណាច​របស់​សាសន៍​បរិសុទ្ធ​រួច​ជា​ស្រេច នោះ​ការ​ទាំង​នេះ​នឹង​បាន​សម្រេច​ដែរ
8 ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​សោះ ដូច្នេះ ខ្ញុំ​សួរ​ថា ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​យ៉ាង​ណា​ទៅ
9 តែ​លោក​តប​ថា ដានី‌យ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​បំផុត
10 មនុស្ស​ជា​ច្រើន​នឹង​សម្អាត ហើយ​ជម្រះ​ខ្លួន​ឲ្យ​ស‌ស្គុស រួច​នឹង​បាន​សំរង​ជា​ស្រេច ឯ​ពួក​មនុស្ស​អាក្រក់ គេ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ តែ​គ្មាន​មនុស្ស​អាក្រក់​ណា​មួយ​នឹង​បាន​យល់​ទេ ចំណែក​ឯ​ពួក​អ្នក​មាន​ប្រាជ្ញា គេ​នឹង​យល់​វិញ
11 រីឯ​ពេល ចាប់​តាំង​ពី​ការ​ថ្វាយ​តង្វាយ​ជានិច្ច ត្រូវ​បញ្ឈប់​បំបាត់​ទៅ ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​បាន​តាំង​ឡើង នោះ​ត្រូវ​មាន​១២៩០​ថ្ងៃ
12 មាន​ពរ​ហើយ អ្នក​ណា​ដែល​រង់‌ចាំ ទំរាំ​ដល់​គ្រា​១៣៣៥​ថ្ងៃ
13 ត្រូវ​ឲ្យ​អ្នក​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ ដរាប​ដល់​ចុង​បំផុត ដ្បិត​អ្នក​នឹង​ត្រូវ​សម្រាក​ទៅ តែ​នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត។:៚