ដានីយ៉ែល

1 2 3 4 5 6 7 8 9 10 11 12


ជំពូក 11

ឯ​យើង នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​នៃ​ដារី‌យុស ជា​សាសន៍​មេឌី នោះ​យើង​បាន​ឈរ​ជា​មួយ ដើម្បី​ចម្រើន​កម្លាំង ហើយ​ទប់‌ទល់​ស្តេច។
2 ឥឡូវ​នេះ យើង​នឹង​សម្ដែង​ឲ្យ​អ្នក​ឃើញ​សេចក្ដី​ពិត មើល ត្រូវ​មាន​ស្តេច​សាសន៍​ពើស៊ី​៣​អង្គ​ទៀត​សោយ‌រាជ្យ​ឡើង រួច​ស្តេច​ទី​៤​នឹង​មាន​ព្រះ‌រាជ​ទ្រព្យ​ច្រើន​ក្រៃ‌លែង​ជា​ជាង​គេ​ទាំង​អស់ កាល​ណា​បាន​ចម្រើន​កម្លាំង ដោយ‌សារ​ព្រះ‌រាជ​ទ្រព្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​នឹង​លើក​មនុស្ស​ទាំង​អស់​ឡើង ទាស់​នឹង​អាណា‌ចក្រ​របស់​សាសន៍​ក្រេក
3 គ្រា​នោះ នឹង​មាន​ស្តេច​១​ខ្លាំង​ពូកែ​សោយ‌រាជ្យ​ឡើង ជា​ស្តេច​ដែល​នឹង​គ្រប់‌គ្រង​ដោយ​អំណាច​យ៉ាង​ខ្លាំង ហើយ​និង​ធ្វើ​តាម​តែ​បំណង​ព្រះ‌ទ័យ
4 កាល​ណា​ស្តេច​នោះ​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​នគរ​ទ្រង់​នឹង​ត្រូវ​បែក‌ខ្ញែក ហើយ​បែង‌ចែក​ទៅ​ឯ​ខ្យល់​លើ​អាកាស​ទាំង​៤​ទិស តែ​មិន​មែន​ចែក​ឲ្យ​ដល់​ពូជ‌ពង្ស​នៃ​ស្តេច​នោះ​ទេ ក៏​មិន​មែន​ដោយ​មាន​អំណាច​ដូច​ជា​ស្តេច​នោះ​ធ្លាប់​គ្រប់​គ្រង​ដែរ ដ្បិត​នគរ​នោះ​នឹង​ត្រូវ​ច្រៀក​ចេញ​ចែក​ដល់​មនុស្ស​ដទៃ​វិញ។
5 ឯ​ស្តេច​ខាង​ត្បូង​នឹង​មាន​កម្លាំង តែ​មេ‌ទ័ព​ម្នាក់​របស់​ទ្រង់​នឹង​មាន​កម្លាំង​ច្រើន​លើស​ជាង ហើយ​និង​មាន​អំណាច​សោយ‌រាជ្យ ឯ​អំណាច​គ្រប់‌គ្រង​របស់​អ្នក​នោះ​នឹង​បាន​ធំ​ទូលាយ
6 ដល់​ក្រោយ​បួន​ដប់​ឆ្នាំ​ទៅ នោះ​គេ​នឹង​ចង​សម្ពន្ធ‌មិត្ត​នឹង​គ្នា​វិញ ដោយ​ព្រះ‌រាជ​បុត្រី​នៃ​ស្តេច​ខាង​ត្បូង​បាន​ទៅ​ឯ​ស្តេច​ខាង​ជើង ដើម្បី​តាំង​សញ្ញា​នឹង​គ្នា តែ​នាង​នឹង​មិន​មាន​អំណាច​នៅ​ជា​យូរ​ទេ ហើយ​បិតា​នាង​ក៏​មិន​ជាប់​នៅ ឬ​កន្សៃ‌វង្ស​របស់​ទ្រង់​ផង គឺ​នាង​នឹង​ត្រូវ​លើក​ចោល ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​នាំ​នាង និង​កូន​ដែល​នាង​បង្កើត ហើយ​អ្នក​ដែល​បាន​គាំពារ​នាង​ក្នុង​គ្រា​នោះ​ដែរ។
7 តែ​នឹង​មាន​លំពង់​១​ពន្លក​ចេញ​ពី​វង្ស​នាង សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ស្តេច​នោះ​នឹង​ទៅ​ច្បាំង​នឹង​ពល​ទ័ព​នៃ​ស្តេច​ខាង​ជើង ហើយ​និង​ចូល​ទៅ​ក្នុង​បន្ទាយ​របស់​គេ ក៏​ត‌យុទ្ធ​នឹង​គេ ព្រម​ទាំង​ឈ្នះ​ផង
8 រួច​នឹង​កៀរ​យក​អស់​ទាំង​ព្រះ និង​រូប​សិត​របស់​គេ ព្រម​ទាំង​ប្រដាប់​ធ្វើ​ពី​ប្រាក់ និង​មាស​ដ៏​មាន​តម្លៃ​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ បន្ទាប់​នោះ នឹង​ខាន​ទៅ​ច្បាំង​នឹង​ស្តេច​ខាង​ជើង​ជា​យូរ​ឆ្នាំ
9 ឯ​ស្តេច​ខាង​ជើង នោះ​នឹង​ទន្ទ្រាន​ចូល​ក្នុង​ព្រំ‌ដែន​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។
10 រួច​មក​ពួក​កូន​ចៅ​របស់​ស្តេច​នោះ​នឹង​ធ្វើ​ចម្បាំង គឺ​នឹង​ប្រមូល​កង‌ទ័ព​យ៉ាង​ធំ​ជា​ច្រើន កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​សាយ​ពេញ‌ពាស ហើយ​ដើរ​កាត់​ស្រុក​ទៅ​ច្បាំង រហូត​ដល់​បន្ទាយ​របស់​គេ
11 គ្រា​នោះ ស្តេច​ខាង​ត្បូង​នឹង​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ឆុរ‌ឆេវ​ឡើង ចេញ​ទៅ​ត‌យុទ្ធ​នឹង​ស្តេច​ខាង​ជើង គឺ​នឹង​ដំរៀប​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ពល​ទ័ព​របស់​គេ​នឹង​ត្រូវ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ខាង​ត្បូង
12 កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ នោះ​ទ្រង់​នឹង​មាន​ព្រះ‌ទ័យ​ប៉ោង​ឡើង រួច​ទ្រង់​នឹង​សម្លាប់​ពួក​គេ​ទាំង​ម៉ឺនៗ តែ​ត​ទៅ​នឹង​ឈ្នះ​មិន​បាន​ទេ
13 ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ នាំ​ទាំង​ពល​ទ័ព​យ៉ាង​សន្ធឹក​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​ក្រោយ​បន្តិច​ទៅ គឺ​ក្រោយ​ប្រមាណ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ទ្រង់​នឹង​នាំ​ពល​ទ័ព​យ៉ាង​ធំ និង​គ្រឿង​ចម្បាំង​យ៉ាង​សន្ធឹក​មក
14 នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​តាំង​ខ្លួន​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ឯ​ក្នុង​សាសន៍​របស់​អ្នក ក៏​នឹង​មាន​ពួក​មនុស្ស​ច្រឡោត​ខ្លះ​លើក​ខ្លួន​ឡើង​ដែរ ដើម្បី​នឹង​សម្រេច​ការ​ជាក់​ស្តែង​នេះ តែ​គេ​នឹង​ត្រូវ​ដួល​ចុះ​ទេ
15 យ៉ាង​នោះ ស្តេច​ខាង​ជើង​នឹង​មក​ជីក​ស្នាម​ភ្លោះ ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ​ជា​បរិបូរ ឯ​ពល​ទ័ព​របស់​ស្រុក​ខាង​ត្បូង និង​ធន់​នៅ​មិន​បាន ព្រម​ទាំង​ពល​ជ្រើស‌រើស​របស់​ស្តេច​នោះ​ផង ក៏​នឹង​គ្មាន​កម្លាំង​ល្មម​ទប់‌ទល់​ឡើយ
16 គឺ​ស្តេច​ដែល​លុក​ចូល​មក​ច្បាំង​នោះ នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ឥត​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ទ្រង់​បាន​ឡើយ ទ្រង់​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​ឧត្តម ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្តាប់​ដៃ​ផង
17 ហើយ​ទ្រង់​នឹង​មាន​គំនិត​គិត​នាំ​កម្លាំង​នៃ​រាជ្យ​ទ្រង់​ទាំង​អស់​មក​ទៀត តែ​ទ្រង់​បែរ​ជា​តាំង​ស្ពាន​មេត្រី​វិញ ហើយ​ក៏​សម្រេច​តាម​នោះ រួច​លើក​បុត្រី​ខ្លួន​ឲ្យ​ដល់​ស្តេច​ខាង​ត្បូង ដើម្បី​នឹង​គិត​បំផ្លាញ​ទ្រង់ តែ​នាង​មិន​ចូល​គំនិត ឬ​សម្រេច​តាម​បំណង​បិតា​ឡើយ
18 ក្រោយ​នោះ​មក​ទ្រង់​នឹង​បែរ​ព្រះ‌‌ភ័ក្ត្រ​ទៅ​ខាង​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន ហើយ​និង​ចាប់​យក​បាន​ជា​ច្រើន​ដែរ តែ​នឹង​មាន​ទ័ព​១​កំចាត់​សេចក្ដី​អាម៉ាស់​ខ្មាស ចំពោះ​ស្តេច​នោះ​ចេញ អើ មួយ​ទៀត នឹង​ទម្លាក់​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ​ទៅ​លើ​ទ្រង់​វិញ
19 នោះ​ទ្រង់​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន តែ​ទ្រង់​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។
20 បន្ទាប់​នោះ​មក នឹង​មាន​ស្តេច​១​សោយ‌រាជ្យ​ឡើង​ជំនួស ជា​អ្នក​ដែល​នឹង​ចាត់​ភ្នាក់‌ងារ ឲ្យ​ដើរ​កាត់​ស្រុក​រុងរឿង​ក្នុង​នគរ ដើម្បី​រ៉ឹង​ទារ​សួយ តែ​ក្រោយ​មក​មិន​យូរ​ថ្ងៃ ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ទៅ មិន​មែន​ក្នុង​ការ​កំហឹង ឬ​ការ​សង្គ្រាម​នោះ​ទេ
21 រួច​នឹង​មាន​ម្នាក់​ដែល​គួរ​ស្អប់​ខ្ពើម​តាំង​ខ្លួន​ឡើង​ជំនួស​ទ្រង់ ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ដល់​អ្នក​នោះ​ឡើយ គឺ​នឹង​ចូល​មក​ក្នុង​គ្រា​សុខ‌សាន្ត ជែង​យក​រាជ្យ​ដោយ​សេចក្ដី​បញ្ចើច​វិញ
22 ឯ​ពល​ទ័ព​ដ៏​មាន​ជ័យ​នឹង​ត្រូវ​ចុះ​ចាញ់​នៅ​ចំពោះ​អ្នក​នោះ ហើយ​និង​ត្រូវ​បាក់​បែក​អស់​ទៅ អើ ទោះ​ទាំង​សម្ដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង
23 ក្រោយ​ដែល​គេ​បាន​តាំង​សញ្ញា​នឹង​អ្នក​នោះ​ហើយ នោះ​វា​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ដ្បិត​វា​នឹង​ឡើង​មក ហើយ​និង​មាន​កម្លាំង​ឡើង ដោយ​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ
24 គឺ​នៅ​ក្នុង​គ្រា​សុខ‌សាន្ត ដែល​វា​នឹង​ឡើង​មក​ឯ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ដែន​ខេត្ត ហើយ​វា​នឹង​ធ្វើ​ការ​ដែល​ពួក​អយ្យកោ​វា​តៗ​មក​មិន​ដែល​ធ្វើ​ឡើយ គឺ​វា​នឹង​យក​របឹប និង​របស់​ដែល​ប្លន់​បាន ហើយ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ កម្ចាយ​ដល់​គេ អើ វា​នឹង​បង្កើត​កិច្ច‌កល​របស់​វា ទាស់​នឹង​ទី​មាំ‌មួន នៅ​រវាង​១​ពេល
25 វា​នឹង​ដាស់​កម្លាំង និង​សេចក្ដី​អង់‌អាច​របស់​វា​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ស្តេច​ខាង​ត្បូង​នឹង​មក​ច្បាំង​នឹង​វា មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង តែ​នឹង​ទប់‌ទល់​មិន​បាន​ទេ ពី​ព្រោះ​នឹង​មាន​គេ​បង្កើត​កិច្ច‌កល​ទាស់​នឹង​ទ្រង់
26 អើ អ្នក​១​ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់ ហើយ​កង‌ទ័ព​របស់​ទ្រង់​នឹង​បែក‌ខ្ញែក​រត់​ទៅ​តែ‌ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ
27 ឯ​ស្តេច​ទាំង​២​អង្គ​នេះ គេ​នឹង​មាន​ចិត្ត​រិះ‌រក​ធ្វើ​តែ​ការ​កំណាច​ទទេ គេ​នឹង​កុហក​ដល់​គ្នា​នឹង​គ្នា ក្នុង​ពេល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ផង តែ​ការ​នោះ​នឹង​មិន​ចម្រើន​ដល់​គេ​ឡើយ ដ្បិត​វេលា​ចុង​បំផុត​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។
28 គ្រា​នោះ វា​នឹង​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ នាំ​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ផង រួច​វា​នឹង​កើត​មាន​ចិត្ត​ទាស់​ទទឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​និង​ធ្វើ​តាម​តែ​បំណង​ចិត្ត រួច​វិល​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ
29 លុះ​ដល់​វេលា​កំណត់ វា​នឹង​ត្រឡប់​មក​ចូល​ក្នុង​ស្រុក​ខាង​ត្បូង​ទៀត តែ​ជាន់​ក្រោយ​នេះ​នឹង​មិន​បាន​ដូច​ជា​ជាន់​មុន​ទេ
30 ពី​ព្រោះ​អស់​ទាំង​នាវា​ពី​ស្រុក​គីទីម​នឹង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​និង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ
31 គ្រា​នោះ ពល​ទ័ព​នឹង​ត្រូវ​ខាង​វា ហើយ​គេ​នឹង​បង្អាប់​ទី​បរិសុទ្ធ គឺ​ជា​ទី​មាំ‌មួន ព្រម​ទាំង​បញ្ឈប់​បំបាត់​ការ​ថ្វាយ​តង្វាយ​ជានិច្ច​ចេញ ហើយ​តាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​ឡើង
32 ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​សេចក្ដី​សញ្ញា នោះ​វា​នឹង​នាំ​បង្ខូច​ចិត្ត​គេ ដោយ​ពាក្យ​បញ្ចើច តែ​ចំណែក​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្គាល់​ព្រះ​នៃ​ខ្លួន គេ​នឹង​មាន​ចិត្ត​រឹង​ប៉ឹង ហើយ​និង​ប្រតិ‌បត្តិ​ត​ទៅ
33 ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​បណ្តា‌ជន គេ​នឹង​បង្រៀន​មនុស្ស​ជា​ច្រើន ប៉ុន្តែ គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ និង​ភ្លើង ព្រម​ទាំង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​ជាន់​ជា​យូរ​ថ្ងៃ​ផង
34 រីឯ​កាល​ណា​គេ​ត្រូវ​ដួល នោះ​គេ​នឹង​មាន​សេចក្ដី​ជំនួយ​បន្តិច​ដែរ ក៏​នឹង​មាន​មនុស្ស​ជា​ច្រើន​ចូល​ខាង​គេ ដោយ​ចិត្ត​ក្រឡេច‌ក្រឡុច
35 ឯ​ពួក​គេ​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល​ចុះ ដើម្បី​ឲ្យ​បាន​សំរង ហើយ​សម្អាត​ពួក​គេ ព្រម​ទាំង​ឲ្យ​គេ​បាន​ស‌ស្គុស ដរាប​ដល់​វេលា​ចុង​បំផុត ដ្បិត​ការ​ទាំង​នោះ​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។
36 ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ក៏​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ វា​នឹង​ពោល​យ៉ាង​អស្ចារ្យ ទាស់​នឹង​ព្រះ​នៃ​អស់​ទាំង​ព្រះ វា​នឹង​ចេះ​តែ​ចម្រើន​ដរាប​ដល់​សេចក្ដី​គ្នាន់‌ក្នាញ់​បាន​សម្រេច ដ្បិត​ការ​ដែល​បាន​សម្រេច​នឹង​ធ្វើ​ហើយ នោះ​ត្រូវ​ធ្វើ​ទៅ
37 វា​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​នៃ​ពួក​អយ្យកោ​វា ឬ​ចំពោះ​បំណង​ចិត្ត​របស់​ពួក​ស្រីៗ​ទេ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ណា​ផង ដ្បិត​វា​នឹង​តម្កើង​ខ្លួន​ជា​ធំ​លើស​ជាង​ទាំង​អស់
38 ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​អយ្យកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ និង​ត្បូង​មាន​តំឡៃ ហើយ​និង​របស់​ថ្លៃ​វិសេស
39 គឺ​ដោយ​ព្រះ​ដទៃ​នោះ ដែល​វា​នឹង​ឈ្នះ​ទី​មាំ‌មួន​របស់​សាសន៍​ផ្សេងៗ ឯ​អ្នក​ណា​ដែល​នឹង​យល់​ខាង​ខ្លួន នោះ​វា​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ​ឡើង ហើយ​និង​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ឲ្យ​ដល់​គេ​ទុក​ជា​រង្វាន់​ផង។
40 លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចម្បាំង ពល​សេះ និង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ
41 វា​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ឧត្តម​ដែរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ផ្តួល​ចុះ តែ​សាសន៍​ទាំង​នេះ​នឹង​បាន​រួច​ពី​កណ្តាប់​ដៃ​វា គឺ​អេដុម ម៉ូអាប់ និង​ពួក​សំខាន់​ក្នុង​កូន​ចៅ​អាំម៉ូន
42 វា​នឹង​លូក​ដៃ​ទៅ​លើ​ប្រទេស​ទាំង​អស់ ហើយ​ស្រុក​អេស៊ីព្ទ​ក៏​មិន​បាន​រួច​ដែរ
43 គឺ​វា​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​ព្រះ‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធីយ៉ូពី គេ​នឹង​ជាប់​តាម‌ដាន​ជើង​វា
44 តែ​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង និង​នាំ​ឲ្យ​វា​វិតក្ក​ព្រួយ ដូច្នេះ វា​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ ហើយ​រំលាង​មនុស្ស​ជា​ច្រើន​បង់
45 វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ‌រាជ​ស្ថាន នៅ​ជា​កណ្តាល​សមុទ្រ ហើយ​និង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែ វា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ