ដានីយ៉ែល
ជំពូក 4
ស្តេចនេប៊ូក្នេសាទ្រង់ប្រកាសដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខកាន់តែច្រើនឡើងចុះ
2 យើងបានឃើញថា គួរនឹងបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានប្រោសដល់យើង
3 ទីសម្គាល់របស់ទ្រង់ធំណាស់ហ្ន៎ ហើយការអស្ចារ្យរបស់ទ្រង់ក៏មានអានុភាពណាស់ដែរ រាជ្យទ្រង់ជារាជ្យដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏នៅគ្រប់ទាំងដំណមនុស្សតរៀងទៅ។
4 យើង នេប៊ូក្នេសា កំពុងនៅជាសុខ នៅក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងព្រះរាជវាំង
5 នោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុត ហើយគំនិតដែលយើងគិតនៅលើដំណេក និងការជាក់ស្តែងនៅក្នុងខួរ ក៏នាំឲ្យយើងបារម្ភព្រួយទៅ
6 ដូច្នេះ យើងបានចេញបង្គាប់ឲ្យនាំអស់ទាំងអ្នកប្រាជ្ញក្នុងក្រុងបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយន័យសុបិននិមិត្តនោះឲ្យយើងដឹង
7 នោះពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងគ្រូទាយក៏មក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនបានកាត់ស្រាយឲ្យយើងយល់ន័យសោះ
8 លុះក្រោយមក ដានីយ៉ែលដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះនៃយើង បានចូលមកចំពោះយើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធ សណ្ឋិតនៅលើខ្លួន យើងក៏ប្រាប់សុបិននោះដល់គាត់ថា
9 ឱបេលថិស្សាសារជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថា មានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក ហើយថាគ្មានការអាថ៌កំបាំងណា ដែលធ្វើឲ្យអ្នកពិបាកចិត្តឡើយ បានជាយើងសូមឲ្យអ្នកប្រាប់ពីការជាក់ស្តែង ដែលយើងបានឃើញក្នុងសុបិន ហើយកាត់ស្រាយឲ្យយើងផង
10 ឯការជាក់ស្តែងដែលយើងឃើញក្នុងខួរនៅលើដំណេក នោះគឺយើងឃើញថា មានដើមឈើ១មានកំពស់យ៉ាងក្រៃលែងនៅកណ្តាលផែនដី
11 ដើមនោះបានដុះធំឡើង ហើយក៏មាំ ឯកំពូលបានលូតដល់ទល់នឹងផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីបំផុត
12 ស្លឹកដើមនោះល្អមើល ហើយផ្លែក៏មានច្រើន ទុកជាអាហារសម្រាប់គ្រប់ទាំងអស់ ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់ និងសត្វហើរលើអាកាសក៏ទំនៅមែក គ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមក
13 ក្នុងការជាក់ស្តែងនៅលើដំណេក នោះយើងបានឃើញក្នុងខួរថា មានពួកពិនិត្យត្រួតមើល១រូប និងពួកបរិសុទ្ធ១ចុះពីស្ថានសួគ៌មក
14 ក៏បន្លឺឡើងជាខ្លាំងថា ចូរកាប់ដើមឈើនោះចុះ ត្រូវឲ្យកាប់ផ្តាច់មែកចេញ ព្រមទាំងអង្រួនជំរុះស្លឹក ហើយកម្ចាត់កម្ចាយផលផង ត្រូវឲ្យសត្វទាំងប៉ុន្មានចេញពីក្រោម ហើយសត្វស្លាបពីមែកវាទៅ
15 ប៉ុន្តែ ត្រូវឲ្យទុកគល់ និងឫសនៅជាប់ក្នុងដីចុះ មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញនៅក្នុងស្មៅខ្ចីនៅវាលដែរ ហើយត្រូវឲ្យបានទទឹកដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកនៅក្នុងស្មៅនៃផែនដី ជាមួយនឹងអស់ទាំងសត្វផង
16 ត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសណ្ឋានចិត្តមនុស្ស ឲ្យទៅជាចិត្តរបស់សត្វវិញ រួចឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប
17 ទោសនេះ គឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យ ហើយសេចក្ដីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ ព្រមទាំងតាំងមនុស្សសណ្ឋានទាបថោកបំផុតឡើង ឲ្យគ្រប់គ្រងផង
18 យើងនេះ ជាស្តេចនេប៊ូក្នេសា បានឃើញសុបិននេះ ដូច្នេះ ឱបេលថិស្សាសារអើយ ចូរកាត់ស្រាយទៅពីព្រោះអស់ទាំងពួកអ្នកប្រាជ្ញក្នុងនគរយើង មិនអាចនឹងកាត់ស្រាយឲ្យយើងបានយល់ទេ តែអ្នកអាចស្រាយបានវិញ ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក។
19 លំដាប់នោះ ដានីយ៉ែលដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានព្រះបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ
20 ឯដើមឈើដែលទ្រង់ទតឃើញថាបានដុះ ហើយក៏មាំនោះ ដែលមានកំពូលលូតឡើង ទល់នឹងផ្ទៃមេឃ ហើយមើលវាឃើញរហូតដល់គ្រប់ទីនៅផែនដី
21 ជាដើមឈើមានស្លឹកល្អមើល ហើយផលក៏មានច្រើនទុកសម្រាប់ជាអាហារដល់គ្រប់ទាំងអស់ ដែលសត្វនៅផែនដីបានជ្រកក្រោម ហើយសត្វហើរលើអាកាសក៏ធ្វើសំបុកនៅ
22 បពិត្រព្រះករុណា ដើមឈើនោះ គឺជាអង្គទ្រង់ ដែលបានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ
23 ហើយដំណើរដែលព្រះករុណាបានឃើញពួកពិនិត្យត្រួតមើល១រូប និងពួកបរិសុទ្ធ១ចុះមកពីស្ថានសួគ៌និយាយថា ចូរកាប់ដើមឈើនេះចុះ ហើយបំផ្លាញទៅ តែត្រូវទុកគល់ និងឫសជាប់នៅក្នុងដី មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញ នៅកណ្តាលស្មៅនៅវាល ហើយត្រូវឲ្យបានទទឹក ដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកជាមួយនឹងអស់ទាំងសត្វនៅផែនដី ទាល់តែបានកន្លងអស់៧ខួបទៅ
24 បពិត្រព្រះករុណា នេះជាសេចក្ដីសំរាយ ហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវមកដល់ទ្រង់ព្រះករុណាជាព្រះអម្ចាស់ជីវិតនៃទូលបង្គំ
25 គឺថា ទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
26 ឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់ និងឫសនៃដើមនោះឲ្យនៅ នោះគឺថា រាជ្យទ្រង់នឹងបានទុកនៅ សម្រាប់កាលណាទ្រង់បានជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង
27 ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសម្ដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។
28 ការទាំងនោះក៏កើតដល់ស្តេចនេប៊ូក្នេសា
29 លុះកន្លងបាន១២ខែហើយ នោះទ្រង់កំពុងយាងក្នុងព្រះរាជវាំងនៅក្រុងបាប៊ីឡូន
30 ខណៈនោះ ស្តេចទ្រង់មានព្រះបន្ទូលថា នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសម្រាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ
31 កាលស្តេចកំពុងតែមានព្រះបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ
32 ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្សលោកទៅ ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដី ឲ្យបានស៊ីស្មៅដូចជាគោ ដរាបដល់បានកន្លងទៅអស់៧ខួប ទាល់តែឯងបានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណា តាមព្រះហឫទ័យ
33 នៅវេលានោះឯងពាក្យនោះបានសម្រេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបណ្តេញចេញពីពួកមនុស្សលោក ហើយក៏សោយស្មៅដូចជាគោ អង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃ ទាល់តែព្រះកេសទ្រង់បានដុះវែង ដូចជាស្លាបឥន្ទ្រី ហើយនខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាប។
34 លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសាយើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
35 ឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេ ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្តាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ
36 នៅវេលានោះឯង សតិស្មារតីរបស់យើងក៏ត្រឡប់មកវិញ ឯសិរីល្អនៃរាជ្យយើង ហើយនិងឥទ្ធានុភាព ព្រមទាំងរស្មីពន្លឺ ក៏មកឯយើងវិញដែរ ពួកប្រឹក្សា និងពួកសេនាបតី គេមករកយើង គឺយើងបានតាំងឡើងនៅក្នុងរាជ្យរបស់យើងវិញ ហើយអំណាចយើងក៏កាន់តែធំថែមឡើង
37 ឥឡូវនេះ នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកតម្កើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងការនៃទ្រង់សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ក៏យុត្តិធម៌ដែរ ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ។