ដានីយ៉ែល

1 2 3 4 5 6 7 8 9 10 11 12


ជំពូក 2

នៅ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​បាន​សុបិន​និមិត្ត ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង បាន​ជា​ទ្រង់​ផ្ទំ​មិន​លក់​ឡើយ
2 រួច​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ និង​គ្រូ​អាប‌ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សប្តិ​នោះ​ថ្វាយ​ទ្រង់ គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច
3 រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា អញ​បាន​យល់​សប្តិ ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង ដោយ​ចង់​ដឹង​ន័យ​ក្នុង​សប្តិ​នោះ
4 ដូច្នេះ ពួក​ខាល់ដេ​គេ​ទូល​ឆ្លើយ​ដល់​ស្តេច​ជា​ភាសា​អារ៉ាម​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ​ជា​បាវ​បម្រើ​ចុះ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប
5 តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល ដល់​ពួក​ខាល់ដេ​ថា សេចក្ដី​នោះ​យើង​បាន​ភ្លេច​ទៅ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​សប្តិ​នោះ ហើយ​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាប់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​បន្ទោ​លាមក
6 តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន និង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ
7 គេ​ទូល​ឆ្លើយ​ម្តង​ទៀត​ថា សូម​តែ​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌បន្ទូល​ប្រាប់​សប្តិ​នោះ​ដល់​យើង​ខ្ញុំ ជា​បាវ​បម្រើ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប
8 ស្តេច​ទ្រង់​តប​ឡើង​ថា យើង​បាន​ដឹង​ពិត​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ចង់​បាន​ពេល​វេលា ដោយ​ឃើញ​ថា យើង​បាន​ភ្លេច​សេចក្ដី​ទៅ​ហើយ
9 បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រាប់​សប្តិ​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​១​ប៉ុណ្ណោះ​សម្រាប់​អ្នក​ទាំង​អស់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត‌ភរ ហើយ​ឆ‌បោក​សម្រាប់​ឆ្លើយ​មក​យើង ចាំ​ទំរាំ​តែ​គ្រា​នេះ​បាន​ផ្លាស់​ប្រែ​ទៅ ដូច្នេះ ចូរ​ប្រាប់​សប្តិ​នោះ​ដល់​យើង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​អាច​នឹង​កាត់​ស្រាយ​បាន​មែន
10 តែ​ពួក​ខាល់ដេ​គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា​ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ
11 ការ​ដែល​ព្រះ‌ករុណា​ទ្រង់​បង្គាប់​នេះ ជា​ការ​កម្រ​មាន​ណាស់ គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ
12 ហេតុ​ដូច្នេះ ស្តេច​ទ្រង់​ក៏​ខ្ញាល់ ហើយ​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ទៅ
13 យ៉ាង​នោះ មាន​ព្រះ‌រាជ‌ឱង្ការ​ចេញ​ទៅ បង្គាប់​ឲ្យ​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​បង់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល និង​ពួក​គូ‌កន​លោក ដើម្បី​យក​ទៅ​សម្លាប់​ដែរ។
14 គ្រា​នោះ ដានី‌យ៉ែល​ឆ្លើយ​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ ដែល​បាន​ចេញ​ទៅ ដើម្បី​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ដែល​នៅ​ក្រុង​បាប៊ី‌ឡូន
15 លោក​សួរ​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជ‌ឱង្ការ​នៃ​ស្តេច​ប្រថំ​អី​ម៉្លេះ នោះ​អើយ៉ុក​ក៏​ពន្យល់​ប្រាប់​ដានី‌យ៉ែល
16 រួច​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច នោះ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប។
17 នោះ​ដានី‌យ៉ែល​ក៏​វិល​ទៅ​ឯ​ផ្ទះ ប្រាប់​រឿង​នោះ​ដល់​ហាណានា មីសា‌អែល និង​អ័សារា ជា​គូ‌កន​របស់​លោក
18 ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ទ្រង់​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​សេចក្ដី​អាថ៌‌កំបាំង នោះ​ប្រយោជន៍​ឲ្យ​ដានី‌យ៉ែល និង​គូ‌កន​លោក​មិន​ត្រូវ​វិនាស​ជា​មួយ​នឹង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀត ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ឡើយ
19 ដូច្នេះ សេចក្ដី​អាថ៌‌កំបាំង​នោះ បាន​សម្ដែង​មក​ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​ការ​ជាក់‌ស្តែង​នៅ​វេលា​យប់ នោះ​លោក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌
20 ហើយ​ទូល​ថា សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា និង​តេជា‌នុភាព​ជា​របស់​ផង​ទ្រង់
21 គឺ​ទ្រង់​ដែល​បំផ្លាស់​បំប្រែ​ពេល​កំណត់ និង​រដូវ​កាល ទ្រង់​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង​ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់
22 ទ្រង់​ក៏​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ទ្រង់​ជ្រាប​សេចក្ដី​ដែល​នៅ​ទី​ងងឹត ហើយ​មាន​ពន្លឺ​នៅ​ជា​មួយ​នឹង​ទ្រង់
23 ឱ​ព្រះ​នៃ​ពួក​អយ្យកោ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ ហើយ​ក៏​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​អំណាច ហើយ​ឥឡូវ​នេះ ទ្រង់​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ​ដឹង​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​សូម​ពី​ទ្រង់​ដ្បិត​ទ្រង់​បាន​សម្ដែង ឲ្យ​យើង​ខ្ញុំ​ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច
24 ដូច្នេះ ដានី‌យ៉ែល​ក៏​ចូល​ទៅ​ឯ​អើយ៉ុក ជា​អ្នក​ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ក្រុង​បាប៊ី‌ឡូន​បង់ នោះ​គឺ​បាន​ទៅ​និយាយ​ដូច្នេះ​ថា សូម​កុំ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​នៅ​ក្រុង​បាប៊ី‌ឡូន​ឡើយ សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ដល់​ស្តេច​ចុះ នោះ​ខ្ញុំ​នឹង​កាត់​ស្រាយ​សេចក្ដី​ថ្វាយ​ទ្រង់​ជ្រាប​វិញ។
25 ដូច្នេះ អើយ៉ុក​ក៏​នាំ​ដានី‌យ៉ែល​ចូល​ទៅ​ចំពោះ​ស្តេច​ដោយ​ប្រញាប់‌ប្រញាល់ ហើយ​ទូល​ថា ទូល‌បង្គំ​រក​បាន​មនុស្ស​ម្នាក់ ក្នុង​កូន​ចៅ​នៃ​ពួក​ឈ្លើយ ជា​សាសន៍​យូដា​ដែល​នឹក​កាត់​ស្រាយ​សេចក្ដី ថ្វាយ​ព្រះ‌ករុណា ឲ្យ​ទ្រង់​ជ្រាប​បាន
26 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ជា បេល‌ថិស្សាសារ ថា តើ​អ្នក​អាច​នឹង​ប្រាប់​សប្តិ​ដែល​យើង​បាន​ឃើញ​នោះ ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង​បាន​ឬ
27 នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា​ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ
28 តែ​មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​សម្ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​បាន ហើយ​ទ្រង់​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ សុបិន​របស់​ទ្រង់ និង​ការ​ជាក់​ស្តែង​ដែល​ទ្រង់​បាន​ឃើញ​កំពុង​ផ្ទំ​លក់ គឺ​យ៉ាង​នេះ
29 ឯ​ត្រង់​ទ្រង់ ឱ​ព្រះ‌ករុណា​អើយ ទ្រង់​កើត​មាន​គំនិត កាល​ទ្រង់​កំពុង​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ ហើយ​ព្រះ​ដែល​ទ្រង់​សម្ដែង​ឲ្យ​បាន​យល់​ការ​អាថ៌‌កំបាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​ដល់
30 តែ​ចំណែក​ទូល‌បង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សម្ដែង​មក​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សម្ដែង​មក​ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។
31 បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​១​យ៉ាង​ធំ​រូប​នោះ​ដែល​ធំ​សម្បើម ហើយ​ភ្លឺ​យ៉ាង​អស្ចារ្យ ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ មាន​ភាព​គួរ​ស្ញែង‌ខ្លាច
32 ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ជា​ប្រាក់ ពោះ និង​ភ្លៅ​ជា​លង្ហិន
33 ជើង​ជា​ដែក ហើយ​ប្រអប់​ជើង​ជា​ដែក​លាយ​នឹង​ដី​ឥដ្ឋ
34 ទ្រង់​បាន​ទត​ឃើញ ដរាប​ដល់​មាន​ថ្ម​១​ដាប់​ផ្តាច់​ចេញ ឥត​ដៃ​អ្នក​ណា​ធ្វើ មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ
35 រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​និង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។
36 សេចក្ដី​នោះ​ហើយ ជា​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា​ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ ថ្វាយ​ព្រះ‌ករុណា​ជ្រាប
37 បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច គឺ​ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ​ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ​ទាំង​នេះ
38 ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ‌ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ
39 ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត​ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល
40 ឯ​នគរ​ទី​៤​នឹង​មាន​កម្លាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង
41 ហើយ​ដែល​ទ្រង់​បាន​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង​នោះ​មាន​១​ចំណែក​ជា​ដី​របស់​ជាង​ស្មូន ហើយ​១​ចំណែក​ទៀត​ជា​ដែក​វិញ នោះ​គឺ​ថា នគរ​នោះ​នឹង​ញែក​បែក​គ្នា តែ​ក្នុង​នគរ​នោះ​នឹង​មាន​កម្លាំង​ដូច​ជា​ដែក ដ្បិត​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​នោះ
42 ហើយ​ដែល​ម្រាម​ជើង​ជា​ដែក និង​ជា​ដី​ឥដ្ឋ លាយ​គ្នា​ជា​យ៉ាង​ណា នគរ​នោះ​នឹង​មាន​កម្លាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​យ៉ាង​នោះ​ដែរ
43 ហើយ​ដែល​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​ជា​យ៉ាង​ណា នោះ​គឺ​គេ​នឹង​លាយ​ខ្លួន​នឹង​អស់​ទាំង​ពូជ​មនុស្ស​ផង​យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់​ជិត​គ្នា​នឹង​គ្នា​ទេ ដូច​ជា​ដែក​ដែល​មិន​លាយ​ជាប់​នឹង​ដី​ដែរ
44 រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច
45 គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។
46 ដូច្នេះ ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ក្រាប​ផ្កាប់​ព្រះ‌‌ភ័ក្ត្រ​ថ្វាយ‌បង្គំ​ដល់​ដានី‌យ៉ែល ក៏​បង្គាប់​ឲ្យ​គេ​យក​គ្រឿង​បូជា និង​គ្រឿង​ក្រអូប​មក​គោរព​ដល់​លោក
47 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដានី‌យ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សម្ដែង ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​នេះ​បាន
48 នោះ​ស្តេច​ទ្រង់​ក៏​តាំង​ដានី‌យ៉ែល​ឡើង​ជា​ធំ ទ្រង់​ប្រទាន​អំណោយ​ទាន​យ៉ាង​វិសេស​ជា​ច្រើន​ដល់​លោក ព្រម​ទាំង​តាំង​លោក ឲ្យ​ត្រួត​លើ​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ឲ្យ​បាន​ជា​អធិបតី​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន នៅ​ក្រុង​បាប៊ី‌ឡូន​ផង
49 ឯ​ដានី‌យ៉ែល លោក​សូម​ដល់​ស្តេច ហើយ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ឡើង​ជា​អ្នក​ត្រួត​លើ​ក្រសួង​ការ​ទាំង​ពួង នៅ​ខេត្ត​បាប៊ី‌ឡូន​តែ​ដានី‌យ៉ែល​លោក​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​វិញ។