ដានីយ៉ែល

1 2 3 4 5 6 7 8 9 10 11 12


ជំពូក 9

នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​នៃ​ដារី‌យុស ព្រះ‌រាជ​បុត្រា​អ័ហា‌ស៊ូរុស ជា​ពូជ‌ពង្ស​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច ឲ្យ​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​របស់​សាសន៍​ខាល់ដេ
2 គឺ​ក្នុង​ឆ្នាំ​ដំបូង​នៃ​រាជ្យ​ទ្រង់ នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​មើល​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​នឹង​សម្រេច​ការ​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡឹម គឺ​គ្រប់​៧០​ឆ្នាំ
3 នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់ ដើម្បី​រក​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អត់​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ​ផង
4 ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​អើយ
5 យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន គឺ​បាន​ប្រព្រឹត្ត​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​ផង
6 ក៏​មិន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បម្រើ​ទ្រង់ ដែល​បាន​ទាយ​ដល់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ ពួក​អយ្យកោ​របស់​យើង​ខ្ញុំ និង​បណ្តា‌ជន​ក្នុង​ស្រុក​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ
7 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ផង​ទ្រង់​ហើយ តែ​ខាង​យើង​ខ្ញុំ មាន​តែ​សេចក្ដី​ជ្រប់​មុខ​វិញ ដូច​ជា​សព្វ​ថ្ងៃ​នេះ គឺ​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ នៅ​ក្នុង​អស់​ទាំង​ប្រទេស​ដែល​ទ្រង់​បាន​បណ្តេញ​គេ ដោយ​ព្រោះ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ផង
8 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​ពួក​អយ្យកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់
9 ឯ​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​វិញ ទោះ​បើ​យើង​ខ្ញុំ​បាន​បះ‌បោរ​នឹង​ទ្រង់​ក៏​ដោយ
10 យើង​ខ្ញុំ​ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ដែល​ទ្រង់​បាន​តាំង​នៅ​មុខ​យើង​ខ្ញុំ ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បម្រើ​ទ្រង់​ដែរ
11 អើ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រំលង​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ហើយ ក៏​បែរ​ចេញ ដើម្បី​មិន​ឲ្យ​ត្រូវ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ សេចក្ដី​បណ្តាសា​នេះ​ត្រូវ​ចាក់​មក​លើ​យើង​ខ្ញុំ ព្រម​ទាំង​សេចក្ដី​សម្បថ​ដែល​បាន​កត់​ទុក នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ចំពោះ​ទ្រង់
12 ហើយ​ទ្រង់​បាន​សម្រេច​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​ចៅ‌ក្រម ដែល​ជំនុំ‌ជម្រះ​យើង​ខ្ញុំ ដោយ​បាន​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​កើត​មាន​ការ​អ្វី ដូច​ជា​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡឹម​នោះ​ឡើយ។
13 សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​មក​លើ​យើង​ខ្ញុំ​ដូច​ជា​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ឲ្យ​មាន​គំនិត​វាង‌វៃ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​វិញ​នោះ​ឡើយ
14 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល​អំពើ​អាក្រក់​នោះ ក៏​បាន​ទម្លាក់​មក​លើ​យើង​ខ្ញុំ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ
15 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ ហើយ​បាន​ល្បី​ព្រះ‌នាម​ខ្ចរ‌ខ្ចាយ ដូច​ជា​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ធ្វើ​បាប ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង
16 ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ទ្រង់ នោះ​សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម គឺ​ជា​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡឹម និង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ ហើយ​និង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ​ទេ
17 ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​តាម​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បម្រើ​ទ្រង់ ហើយ​សូម​ធ្វើ​ឲ្យ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​នៅ​ស្ងាត់​ច្រៀប​ចុះ​គឺ​ដោយ​យល់​ដល់​ព្រះ‌អម្ចាស់
18 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទ្រង់​ទត​មើល​សេចក្ដី​ខូច​បង់​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​ដល់​ទ្រង់​ដោយ​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សុចរិត​ទេ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់​វិញ
19 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ផង ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​អង្គ​ទ្រង់ ដ្បិត​ទី​ក្រុង​នៃ​ទ្រង់ និង​រាស្ត្រ​របស់​ទ្រង់ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ហើយ។
20 កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​ព្រម​ទាំង​អធិស្ឋាន និង​លន់‌តួ​បាប​របស់​ខ្លួន​ខ្ញុំ ហើយ​បាប​របស់​ពួក​អ៊ីស្រា‌អែល​ជា​សាសន៍​នៃ​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ​ផង
21 អើ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម​ជា កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង​មុន​ដំបូង លោក​ហោះ​យ៉ាង​លឿន ចូល​មក​ឯ​ខ្ញុំ ក្នុង​រវាង​ពេល​ថ្វាយ​តង្វាយ​ល្ងាច
22 ហើយ​ក៏​ប្រាប់​ខ្ញុំ ព្រម​ទាំង​សន្ទនា​នឹង​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ យើង​បាន​ចេញ​មក​ឥឡូវ ដើម្បី​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា ហើយ​និង​យោបល់
23 កាល​អ្នក​ទើប​នឹង​ចាប់​តាំង​អធិស្ឋាន នោះ​មាន​ចេញ​បង្គាប់​ស្រេច​ហើយ រួច​យើង​បាន​ចេញ​មក ដើម្បី​នឹង​ប្រាប់​ដល់​អ្នក ដ្បិត​អ្នក​ជា​មនុស្ស​សំណប់​យ៉ាង​សំខាន់ ដូច្នេះ ចូរ​ពិចារណា​សេចក្ដី​នេះ​ហើយ​យល់​ការ​ជាក់​ស្តែង​ចុះ។
24 គ្រប់​៧០​អាទិត្យ​បាន​កំណត់​ដល់​សាសន៍​ឯង និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​ឯង ដើម្បី​នឹង​រំលត់​បំបាត់​អំពើ​រំលង និង​ធ្វើ​ឲ្យ​អំពើ​បាប​ផុត​ទៅ ហើយ​ឲ្យ​បាន​ធួន​នឹង​អំពើ​ទុច្ចរិត ព្រម​ទាំង​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ចូល​មក និង​បិទ​ត្រា​ការ​ជាក់​ស្តែង និង​សេចក្ដី​ទំនាយ ហើយ​និង​ចាក់​ប្រេង​តាំង​អ្នក​ដ៏​បរិសុទ្ធ​បំផុត​ឡើង
25 ដូច្នេះ ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូ‌សាឡឹម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្តាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ និង​៦២​អាទិត្យ រួច​នៅ​គ្រា​ជ្រួល‌ច្រាល់ នោះ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ មាន​ទាំង​ផ្លូវ​ធ្លា និង​កំផែង​ផង
26 លុះ​ក្រោយ​ពី​៦២​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង នឹង​ត្រូវ​ផ្តាច់​ចេញ​វិញ ឥត​មាន​ទាក់‌ទង​នឹង​អ្វី​ឡើយ រួច​បណ្តា‌ទ័ព​របស់​ចៅ‌ហ្វាយ​១​ដែល​នឹង​មក គេ​នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ​បង់ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​បាន​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​ដរាប​ដល់​ចុង ហើយ​បាន​សម្រេច​ឲ្យ​មាន​ការ​លាញ​បំផ្លាញ​ដែរ
27 ចៅ‌ហ្វាយ​នោះ​នឹង​តាំង​សញ្ញា​យ៉ាង​ម៉ឺង‌ម៉ាត់​នឹង​មនុស្ស​ជា​ច្រើន​នៅ​រវាង​១​អាទិត្យ តែ​ដល់​ពាក់​កណ្តាល​អាទិត្យ​នោះ នឹង​ធ្វើ​ឲ្យ​ការ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ឈប់​ទៅ ហើយ​នៅ​ក្នុង​ព្រះ‌វិហារ នឹង​មាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​នឹង​បង្ខូច​បំផ្លាញ ក៏​នឹង​មាន​សេចក្ដី​ក្រោធ​ចាក់​ទៅ​លើ​ទី​ខូច​បង់​នោះ ដរាប​ដល់​ចុង​បំផុត ជា​វេលា​ដែល​បាន​កំណត់​ទុក​ហើយ។