ដានីយ៉ែល
ជំពូក 1
នៅឆ្នាំទី៣ ក្នុងរាជ្យយេហូយ៉ាគីម ជាស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡឹម
2 នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដា ទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន
3 ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ដល់អាសផ្នាស ជានាយលើពួកកំរៀវរបស់ទ្រង់ ឲ្យនាំពូជស្តេច និងពួកមានត្រកូលខ្ពស់ ក្នុងពួកកូនចៅអ៊ីស្រាអែលចូលមក
4 គឺជាមនុស្សកំលោះៗដែលឥតមានខ្ចោះអ្វីសោះ ជាអ្នកដែលមានរូបរាងល្អ ហើយចេះស្ទាត់ក្នុងគ្រប់ទាំងចំណេះ ឆាប់យល់ខាងសេចក្ដីជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានតម្រិះ អាចធ្វើការងារក្នុងដំណាក់ស្តេចបាន ក៏ប្រាប់ឲ្យលោកបង្រៀនគេតាមវិជ្ជានឹងភាសារបស់សាសន៍ខាល់ដេ
5 ស្តេចទ្រង់ក៏តម្រូវឲ្យមានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសម្រេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច
6 រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ និងអ័សារា១
7 ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
8 ប៉ុន្តែ ដានីយ៉ែលបានសម្រេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ
9 ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ
10 ឯចៅហ្វាយលើពួកកំរៀវនោះ ក៏និយាយនឹងដានីយ៉ែលថា យើងខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានតម្រូវអាហារ និងគ្រឿងផឹកដល់អ្នកណាស់ ចង់ឲ្យទ្រង់ទតឃើញមុខអ្នករាល់គ្នា បានអាក្រក់ជាងពួកកំលោះៗស្រករនឹងឯងធ្វើអី យ៉ាងនោះ អ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្តេចហើយ
11 នោះដានីយ៉ែលនិយាយដល់អ្នកតម្រួួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា
12 សូមល្បងលយើងខ្ញុំ ជាអ្នកបម្រើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ
13 រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំលោះៗដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។
14 ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ
15 លុះដល់ផុត១០ថ្ងៃទៅនោះមុខគេបានស្រស់ជាង ហើយគេមានសាច់ល្អជាងពួកកំលោះៗដែលបរិភោគអាហាររបស់ស្តេចទៅទៀត
16 ដូច្នេះ អ្នកតម្រួួតក៏ដកយកអាហារ និងស្រាទំពាំងបាយជូរដែលសម្រាប់ឲ្យគេផឹកចេញទៅ ហើយបានឲ្យតែបន្លែដល់គេវិញ។
17 រីឯមនុស្សកំលោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះ និងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង និងការយល់សប្តិផង
18 លុះដល់កំណត់ពេលដែលស្តេចបានបង្គាប់ឲ្យនាំគេចូលមក នោះចៅហ្វាយលើពួកកំរៀវក៏នាំគេចូលទៅគាល់នេប៊ូក្នេសា
19 ស្តេចទ្រង់ក៏មានព្រះបន្ទូលសន្ទនានឹងគេ ហើយក្នុងពួកអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចជាដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះ អ្នកទាំងនោះបានធ្វើការងារ នៅចំពោះស្តេចទៅ
20 ហើយក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្តេចទ្រង់សួរដល់គេ នោះក៏ឃើញថា គេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគម ហើយនិងគ្រូអង្គុយធម៌ ដែលនៅគ្រប់ក្នុងអាណាខេត្តទ្រង់១ជា១០សួន
21 ហើយដានីយ៉ែលក៏នៅរៀងតទៅ ដរាបដល់ឆ្នាំទី១ក្នុងរាជ្យស្តេចស៊ីរូស។