ហូសេ
ជំពូក 1
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី នៅក្នុងរាជ្យអូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា ហើយក្នុងគ្រាដែលយេរ៉ូបោម ជាកូនយ៉ូអាស បានធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល
2 កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានព្រះបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានព្រះបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង
3 ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ឲ្យលោក
4 ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «យេសរាល» ទៅ ដ្បិតនៅតែបន្តិចទៀត អញនឹងសងសឹកដល់ពួកវង្សយេហ៊ូវដោយព្រោះឈាមយេសរាលនោះហើយ ក៏នឹងធ្វើឲ្យរាជ្យនៃពួកវង្សអ៊ីស្រាអែលផុតទៅដែរ
5 នៅគ្រានោះ អញនឹងបំបាក់ធ្នូរបស់ពួកអ៊ីស្រាអែល នៅក្នុងច្រកភ្នំយេសរាល
6 នាងមានទំងន់ម្តងទៀត ហើយបង្កើតបានកូនស្រី១ នោះព្រះទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «ឡូ-រូហាម៉ា» ចុះដ្បិតអញនឹងមិនអាណិតមេត្តា ដល់ជំនួរវង្សអ៊ីស្រាអែល ដើម្បីនឹងអត់ទោសដល់គេតទៅទៀតឡើយ
7 តែអញនឹងអាណិតមេត្តាដល់ពួកវង្សយូដា ហើយនិងជួយសង្គ្រោះគេមិនមែនដោយធ្នូ ដាវ ការតស៊ូ សេះ ឬពលសេះទេ គឺនឹងជួយសង្គ្រោះគេ ដោយសារព្រះយេហូវ៉ាជាព្រះនៃគេវិញ
8 រីឯកាលនាងបានផ្តាច់ដោះឡូ-រូហាម៉ាហើយ នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុស១
9 ព្រះទ្រង់បង្គាប់ថា ចូរឲ្យឈ្មោះថា «ឡូ-អាំមី»ចុះ ដ្បិតឯងរាល់គ្នាមិនមែនជារាស្ត្ររបស់អញទេ អញក៏មិនព្រមធ្វើជាព្រះរបស់ឯងដែរ។
10 ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក និងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេនោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ
11 គ្រានោះ ពួកកូនចៅយូដា និងពួកកូនចៅអ៊ីស្រាអែលនឹងបានរួបរួមគ្នា ក៏នឹងតាំងឲ្យមានអ្នកជាប្រមុខតែ១លើពួកខ្លួន ហើយនិងឡើងចេញពីស្រុកទៅ ដ្បិតថ្ងៃនៃយេសរាលនឹងបានជាថ្ងៃយ៉ាងសម្បើម។