ហូសេ
ជំពូក 9
ឱអ៊ីស្រាអែលអើយ កុំឲ្យរីករាយដោយចិត្តអំណរដូចជាអស់ទាំងសាសន៍ឡើយ ដ្បិតឯងបានប្រព្រឹត្តសេចក្ដីកំផិតចាកចេញពីព្រះរបស់ឯងហើយ ឯងពេញចិត្តនឹងទទួលរង្វាន់ នៅគ្រប់ទាំងទីលានស្រូវ
2 ដូច្នេះ ទីលានស្រូវ និងធុងជាន់ផ្លែទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀត ហើយទឹកទំពាំងបាយជូរនឹងខានមានទៅ
3 គេនឹងលែងអាស្រ័យនៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងស៊ីអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ
4 គេនឹងលែងច្រួចស្រាទំពាំងបាយជូរ ថ្វាយដល់ព្រះយេហូវ៉ា ក៏មិនបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែរ អស់ទាំងយញ្ញបូជារបស់គេនឹងបានដូចជានំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេវិញ អស់អ្នកណាដែលស៊ីទៅ នឹងត្រូវស្មោកគ្រោកហើយ នំបុ័ងរបស់គេនឹងបានសម្រាប់តែចម្អែតពោះគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ
5 នៅថ្ងៃជំនុំមុតមាំ ហើយនៅថ្ងៃបុណ្យនៃព្រះយេហូវ៉ា នោះតើឯងរាល់គ្នានឹងធ្វើដូចម្តេច
6 ដ្បិតមើល គេបានចេញទៅរួចពីការបំផ្លាញហើយ តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេទុក ក្រុងណូពនឹងកប់ខ្មោចគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នោះនឹងទៅជារបស់ដើមកន្ទេចអាលវិញ ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ
7 គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង និងសេចក្ដីសំអប់ដ៏ជាខ្លាំង
8 អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយនឹងព្រះនៃខ្ញុំ តែពួកហោរាសុទ្ធតែជាលប់សម្រាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសំអប់នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន
9 គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនិងតបស្នងចំពោះបាបគេដែរ។
10 អញបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន អញបានឃើញពួកអយ្យកោឯងរាល់គ្នា ដូចជាផ្លែនៅដើមល្វាដែលទុំមុនគេនៅរដូវជាដំបូង តែគេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើមដូចជារបស់ដែលគេស្រឡាញ់នោះ
11 ចំណែកអេប្រាអិម សិរីល្អរបស់គេនឹងហើរបាត់ទៅដូចជាសត្វស្លាប និងឥតមានការសម្រាល ឬមានទំងន់ ឬការចាប់ទុំផ្ទៃទៀតឡើយ
12 ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ
13 ឯអេប្រាអិមបានតាំងនៅក្នុងទីគាប់ចិត្ត ដូចជាអញបានឃើញក្រុងទីរ៉ុសដែរ ប៉ុន្តែ អេប្រាអិមនឹងត្រូវនាំកូនខ្លួនចេញមកឲ្យអ្នកដែលកាប់សម្លាប់វិញ
14 ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តែត្រូវប្រទានអ្វី គឺត្រូវឲ្យគេមានផ្ទៃដែលរលូតកូន ហើយដោះរីងស្ងួត
15 អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលអញបានស្អប់គេ អញនឹងបណ្តេញគេចេញពីព្រះវិហាររបស់អញ ដោយព្រោះសេចក្ដីអាក្រក់នៃការដែលគេធ្វើ អញនឹងមិនស្រឡាញ់គេតទៅទៀត ពួកចៅហ្វាយរបស់គេសុទ្ធតែជាមនុស្សបះបោរ
16 អេប្រាអិមត្រូវវាយ ហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ អើ ទោះបើគេបង្កើតកូនបានដែរ គង់តែអញនឹងសម្លាប់កូនសំឡាញ់ ដែលចេញពីផ្ទៃគេមក
17 ព្រះនៃខ្ញុំទ្រង់នឹងបោះគេចោល ពីព្រោះគេមិនបានស្តាប់តាមទ្រង់ នោះគេនឹងបានជាមនុស្សសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍។