លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 27

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ
2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​តាម​ដែល​ឯង​គិត​ថ្លៃ
3 ឯ​មនុស្ស​ប្រុស​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​រហូត​ដល់​៦០​ឆ្នាំ នោះ​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥០​រៀល តាម​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ
4 បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​៣០​រៀល
5 បើ​មនុស្ស​នោះ​មាន​អាយុ​ចាប់​តាំង​ពី​៥​ឆ្នាំ​រហូត​ដល់​២០​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​២០​រៀល ស្រី​១០​រៀល
6 បើ​មាន​អាយុ​ចាប់​តាំង​ពី​១​ខែ​រហូត​ដល់​៥​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥​រៀល ស្រី​៣​រៀល
7 បើ​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស ត្រូវ​គិត​ថ្លៃ​ជា​១៥​រៀល ស្រី​១០​រៀល
8 តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​តម្លៃ​ដែល​ឯង​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ តាម​កម្លាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។
9 បើ​ជា​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​តង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា
10 និង​ផ្លាស់​ប្តូរ​សត្វ​ល្អ និង​សត្វ​អាក្រក់ ឬ​អាក្រក់ និង​ល្អ​មិន​បាន​ឡើយ ឬ​បើ​សិន​ជា​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​២​រូប
11 បើ​ជា​សត្វ​ណា​មិន​ស្អាត ដែល​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ
12 ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​តម្លៃ​ដែល​សត្វ​នោះ​ល្អ ឬ​អាក្រក់ ហើយ​តម្លៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​លោក​ដ៏​ជា​សង្ឃ​គិត​ឲ្យ​ពិត
13 តែ​បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥ លើ​តម្លៃ​ដែល​ឯង​បាន​គិត​នោះ​ទៀត។
14 បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​តម្លៃ​ផ្ទះ​នោះ​ដែល​ល្អ​ឬ​អាក្រក់ ហើយ​តម្លៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត
15 តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ឲ្យ​ថែម​ជា​ប្រាក់​១​ភាគ​ក្នុង​៥​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ។
16 បើ​មនុស្ស​ណា​ចង់​ញែក​ស្រែ ជា​កេរ​របស់​ខ្លួន​១​ចំណែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​ឯង​គិត​តាម​តម្លៃ​ដែល​សាប‌ព្រោះ​បាន បើ​ព្រោះ​ស្រូវ​១០​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​៥០​រៀល
17 បើ​គេ​ថ្វាយ​ស្រែ​របស់​គេ​ចាប់​តាំង​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​តែ​មាន​តម្លៃ​ដូច​ជា​ឯង​គិត​នោះ​ជា​រហូត​ទៅ
18 តែ​បើ​គេ​ថ្វាយ​ស្រែ​គេ​រំលង​ប៉ុន្មាន​ក្រោយ​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​ឲ្យ​សង្ឃ​បន្ថយ​តម្លៃ​ដែល​បាន​គិត​ហើយ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស​១​ទៀត
19 តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ស្រែ ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ពី​តម្លៃ​ដែល​ឯង​បាន​គិត​នោះ រួច​ស្រែ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ
20 បើ​អ្នក​នោះ​មិន​លោះ​ទេ ហើយ​គេ​លក់​ទៅ​ឲ្យ​ម្នាក់​ទៀត នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ
21 គឺ​កាល​ណា​ដល់​ឆ្នាំ​សោមនស្ស ដែល​ស្រែ​នោះ​ត្រូវ​រួច​ចេញ នោះ​នឹង​បាន​ដាច់​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា ដូច​ជា​ស្រែ​ណា​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ​ដែរ ពួក​សង្ឃ​ត្រូវ​បាន​ស្រែ​នោះ​ទុក​ជា​កេរ‌អាករ​វិញ
22 បើ​គេ​ញែក​ស្រែ​ណា​ដែល​គេ​បាន​ទិញ ដែល​មិន​មែន​ជា​កេរ‌អាករ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា
23 នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ​ឲ្យ​អ្នក​នោះ តាម​តម្លៃ​ដែល​បាន​គិត រហូត​ដល់​ឆ្នាំ​សោមនស្ស រួច​នៅ​ថ្ងៃ​នោះ គេ​ត្រូវ​ចេញ​ថ្លៃ​ដែល​បាន​គិត​នោះ ទុក​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា
24 លុះ​ដល់​ឆ្នាំ​សោមនស្ស ស្រែ​នោះ​នឹង​ត្រឡប់​បាន​ទៅ​ម្ចាស់​ដើម​វិញ គឺ​បាន​ទៅ​អ្នក​ដែល​មាន​ស្រែ​នោះ​ជា​កេរ‌អាករ​ពី​ដើម
25 ឯ​តម្លៃ​ទាំង​ប៉ុន្មាន​ដែល​បាន​គិត​សម្រេច នោះ​ត្រូវ​គិត​តាម​ប្រាក់​រៀល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់។
26 ឯ​កូន​ច្បង​ដែល​កើត​ក្នុង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន គឺ​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា​ស្រាប់ ហើយ​គ្មាន​អ្នក​ណា​នឹង​ញែក​ទុក​ជា​បរិសុទ្ធ សម្រាប់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី ដ្បិត​សត្វ​នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ហើយ
27 បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​ត្រូវ​ឲ្យ​គេ​លោះ​តាម​តម្លៃ​ដែល​ឯង​គិត​សម្រេច ហើយ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​ឲ្យ​លក់​ទៅ​តាម​តម្លៃ​ដែល​ឯង​គិត​នោះ។
28 ប៉ុន្តែ ឯ​របស់​ដែល​បាន​ថ្វាយ​ដាច់​ទៅ​ហើយ គឺ​ដែល​អ្នក​ណា​ថ្វាយ​ដាច់​ដល់​ព្រះ‌យេហូវ៉ា ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ទោះ​ជា​មនុស្ស ឬ​សត្វ ឬ​ស្រែ​ចម្ការ​ដែល​ជា​កេរ‌អាករ​ខ្លួន​ក្តី នោះ​នឹង​លក់ ឬ​លោះ​វិញ មិន​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ នោះ​ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សម្រាប់​ព្រះ‌យេហូវ៉ា
29 ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។
30 ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សម្រាប់​ទ្រង់
31 បើ​អ្នក​ណា​ចង់​លោះ​អ្វី​ពី​១​ភាគ​ក្នុង​១០​ដែល​ខ្លួន​ថ្វាយ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត
32 ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​១​ភាគ​ក្នុង​១០ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​តង្វាយ​១​ភាគ​ក្នុង​១០​ទុក​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា
33 មិន​ត្រូវ​ឲ្យ​ពិនិត្យ​មើល​ពី​សត្វ​នោះ​ល្អ ឬ​អាក្រក់​ទេ ក៏​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដែរ តែ​បើ​ចង់​ប្តូរ​វិញ នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ត្រូវ​បាន​បរិសុទ្ធ​ដូច​គ្នា សត្វ​ទាំង​នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ។
34 នេះ​ហើយ​ជា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ត្រង់​ភ្នំ​ស៊ី‌ណាយ សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។:៚