លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 1

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​មក បង្គាប់​លោក​ពី​ក្នុង​ត្រសាល​ជំនុំ
2 ឲ្យ​ទៅ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​កាល​ណា​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចង់​ថ្វាយ​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​យក​តង្វាយ​នោះ​មក​ពី​ហ្វូង​សត្វ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី។
3 បើ​សិន​ជា​តង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
4 នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​តង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ
5 ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនៈ​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ
6 គេ​ត្រូវ​ឲ្យ​អារ​ពន្លាត់​ស្បែក ហើយ​កាប់​តង្វាយ​ទៅ​ជា​ដុំៗ
7 រួច​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​នឹង​យក​ភ្លើង​មក​ដាក់​លើ​អាសនៈ ហើយ​បង្គរ​ឧស​នៅ​លើ
8 រួច​រៀប​ដុំ​សាច់ ហើយ​ក្បាល និង​ខ្លាញ់ ពី​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនៈ
9 តែ​ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ​ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
10 បើ​សិន​ជា​តង្វាយ​របស់​អ្នក​នោះ ជា​ចៀម ឬ​ពពែ ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត‌ខ្ចោះ
11 គេ​ត្រូវ​សម្លាប់​នៅ​ត្រង់​ក្បែរ​ជើង​អាសនៈ ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ឲ្យ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនៈ
12 គេ​ត្រូវ​កាប់​ឲ្យ​ទៅ​ជា​ដុំៗ រួច​ត្រូវ​ឲ្យ​សង្ឃ​រៀប​ទាំង​អស់ ព្រម​ទាំង​ក្បាល និង​ខ្លាញ់ ពី​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនៈ
13 តែ​ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ទាំង​អស់ នៅ​លើ​អាសនៈ ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
14 ឬ​បើ​សិន​ជា​តង្វាយ​ដែល​អ្នក​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ជា​លលក ឬ​ជា​ព្រាប​ជំទើរ
15 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​មក​ដល់​អាសនៈ ក្តិច​បណ្តាច់​ក្បាល ដុត​នៅ​លើ​អាសនៈ តែ​ត្រូវ​សម្រក់​ឈាម​នៅ​ខាង​អាសនៈ​វិញ
16 ហើយ​យក​គែ ព្រម​ទាំង​បោច​ស្លាប បោះ​ទៅ​ខាង​កើត​អាសនៈ ត្រង់​កន្លែង​ចាក់​ផេះ
17 ត្រូវ​ពុះ​ចំ​ពាក់‌កណ្តាល ឲ្យ​មាន​ចំអេង​នៅ​ជាប់​ទាំង​សង​ខាង មិន​ត្រូវ​ផ្តាច់​ចំហៀង​ចេញ​ពី​គ្នា​ទេ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនៈ ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។