លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 2

បើ​អ្នក​ណា​ចង់​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត ហើយ​ចាក់​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង
2 ត្រូវ​ឲ្យ​យក​ទៅ​ឯ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនៈ គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា
3 ឯ​ចំណែក​តង្វាយ​ម្សៅ​ដែល​សល់​នៅ នោះ​គឺ​សម្រាប់​អើរ៉ុន និង​ពួក​កូន​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។
4 ហើយ​បើ​ថ្វាយ​តង្វាយ​ម្សៅ ដែល​ចំអិន​នៅ​ក្នុង​ឡ នោះ​ត្រូវ​ថ្វាយ​ជា​នំ​ឥត​ដំបែ ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​នឹង​ប្រេង ឬ​ជា​នំ​ក្រៀប​ឥត​ដំបែ​លាប​ដោយ​ប្រេង​ក៏​បាន។
5 ឬ​បើ​ថ្វាយ​តង្វាយ​ម្សៅ​ដែល​បាន​ចំអិន​ក្នុង​ពុម្ព នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង
6 ត្រូវ​បេះ​នំ​នោះ​ជា​ដុំៗ ហើយ​ចាក់​ប្រេង​ពី​លើ នេះ​ហើយ​ជា​តង្វាយ​ម្សៅ។
7 បើ​ថ្វាយ​ម្សៅ​ដែល​ចៀន​នឹង​ខ្ទះ នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង
8 ឯ​តង្វាយ​ម្សៅ​ដែល​បាន​ធ្វើ​បែប​យ៉ាង​នេះ នោះ​ត្រូវ​នាំ​យក​ទៅ​ឯ​ព្រះ‌យេហូវ៉ា ត្រូវ​ប្រគល់​ដល់​សង្ឃ​ម្នាក់ ហើយ​ត្រូវ​ឲ្យ​សង្ឃ​នោះ​យក​ទៅ​ឯ​អាសនៈ
9 រួច​ត្រូវ​យក​១​ចំណែក​នៃ​តង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនៈ គឺ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា
10 ឯ​ចំណែក​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សម្រាប់​អើរ៉ុន និង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។
11 រីឯ​តង្វាយ​ម្សៅ​ណា​ដែល​ឯង​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ឲ្យ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទេ
12 របស់​ទាំង​២​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង​វិញ តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនៈ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ
13 ហើយ​អស់​ទាំង​តង្វាយ​ម្សៅ​ដែល​ឯង​ថ្វាយ នោះ​ត្រូវ​បង់​អំបិល ផង ក៏​មិន​ត្រូវ​ឲ្យ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៃ​ឯង ក្នុង​តង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​តង្វាយ​របស់​ឯង។
14 ហើយ​បើ​យក​ផល​ដំបូង​មក​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​គួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​តង្វាយ​ផល​ដំបូង
15 ត្រូវ​ចាក់​ប្រេង ហើយ​ដាក់​កំញាន​ពី​លើ នេះ​ហើយ​ជា​តង្វាយ​ម្សៅ
16 សង្ឃ​ម្នាក់​នឹង​យក​ស្រូវ​បុក​១​ចំណែក និង​ប្រេង​ខ្លះ ហើយ​និង​កំញាន​ទាំង​អស់​ពី​តង្វាយ​នោះ ដុត​ថ្វាយ​ទុក​ជា​ទី​រំឭក នេះ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។