លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 4

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ
2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទ​នោះ​ឯង
3 បើ​អ្នក​នោះ​ជា​ពួក​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លោះ​បាប​ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ
4 ត្រូវ​នាំ​គោ​នោះ ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ
5 ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ
6 រួច​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​មុខ​វាំង‌នន​ទី​បរិសុទ្ធ
7 ហើយ​ត្រូវ​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនៈ​គ្រឿង​ក្រអូប ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ចាក់​ឈាម​គោ​នោះ​ទាំង​អស់​នា​ជើង​អាសនៈ​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ
8 ឯ​ខ្លាញ់​គោ​នោះ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង
9 ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង
10 ដូច​ជា​បាន​យក​ចេញ​ពី​គោ​ដែល​ថ្វាយ​ជា​តង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនៈ​តង្វាយ​ដុត
11 ឯ​ស្បែក​គោ​នោះ និង​សាច់​ទាំង​អស់ ព្រម​ទាំង​ក្បាល និង​ជើង អាការៈ​ខាង​ក្នុង ហើយ​និង​លាមក
12 គឺ​តួ​គោ​នោះ​ទាំង​មូល ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​នៅ​ត្រង់​កន្លែង​ស្អាត​ដែល​ចាក់​ផែះ ហើយ​ដុត​នៅ​លើ​ឧស​ត្រង់​កន្លែង​ដែល​ចាក់​ផែះ​នោះ។
13 ឬ​បើ​ជា​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ពួក​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្ត​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ
14 កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ទុក​ជា​តង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល​ជំនុំ
15 ហើយ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ
16 នោះ​ត្រូវ​ឲ្យ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ
17 ហើយ​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម រលាស់​៧​ដង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មុខ​វាំង‌នន
18 រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនៈ ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់​នា​ជើង​អាសនៈ​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ
19 ឯ​ខ្លាញ់​គោ​នោះ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ​ទៅ​ដុត​នៅ​លើ​អាសនៈ
20 ត្រូវ​ឲ្យ​ធ្វើ​នឹង​គោ​នេះ​ដូច​ជា​បាន​ធ្វើ​ចំពោះ​គោ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​គ្នា​ទាំង​២ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ទាំង​អស់​គ្នា នោះ​នឹង​រួច​ចាក​ទោស​ហើយ
21 រួច​ត្រូវ​ឲ្យ​សង្ឃ​នាំ​យក​គោ​នោះ ទៅ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ដូច​ជា​បាន​ដុត​គោ​មុន​ដែរ នេះ​គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ពួក​ជំនុំ។
22 បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ទ្រង់​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ
23 បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​១ ដែល​ឥត​ខ្ចោះ មក​សម្រាប់​ជា​តង្វាយ​របស់​ខ្លួន
24 រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សម្លាប់​នៅ​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ សម្រាប់​ជា​តង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប
25 ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនៈ​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនៈ​តង្វាយ​ដុត​នោះ
26 ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ដុត​នៅ​លើ​អាសនៈ ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ចាក​ទោស​ហើយ។
27 ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ
28 បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​១​ដែល​ឥត​ខ្ចោះ​មក សម្រាប់​ជា​តង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ
29 រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត
30 នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនៈ​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនៈ
31 ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។
32 តែ​បើ​សិន​ជា​អ្នក​នោះ​នាំ​ចៀម​មក​ថ្វាយ សម្រាប់​ជា​តង្វាយ​លោះ​បាប​ខ្លួន​វិញ នោះ​ត្រូវ​យក​ញី​១​ដែល​ឥត​ខ្ចោះ​មក
33 ហើយ​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​នោះ រួច​សម្លាប់​ទុក​ជា​តង្វាយ​លោះ​បាប ត្រង់​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ​សម្រាប់​ជា​តង្វាយ​ដុត
34 ត្រូវ​ឲ្យ​សង្ឃ​ម្នាក់​យក​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនៈ​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនៈ
35 ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ខ្លាញ់​ចេញ​ពី​កូន​ចៀម​នៃ​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនៈ តាម​របៀប​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។