លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 26

មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សម្រាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ
2 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សម្រាក​របស់​អញ ហើយ​កោត‌ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា។
3 បើ​ឯង​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្ត​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម
4 នោះ​អញ​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ហើយ​ដី​នឹង​ចម្រើន​ផល ឯ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចម្ការ នោះ​នឹង​បង្កើត​ផ្លែ​ដែរ
5 ការ​បញ្ជាន់​ស្រូវ​របស់​ឯង​រាល់​គ្នា​នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត ឯង​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ជា​បរិបូរ ហើយ​និង​នៅ​ក្នុង​ស្រុក​ឯង​ដោយ​សុខ‌សាន្ត
6 អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​មក​បំភ័យ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​សត្វ​សាហាវ​បាត់​ពី​ស្រុក​ចេញ​អស់ ហើយ​ដាវ​ក៏​មិន​ដែល​មក​ក្នុង​ស្រុក​ឯង​ដែរ
7 ឯង​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​ឯង
8 ពួក​ឯង​តែ​៥​នឹង​ដេញ​គេ​ដល់​ទៅ​១០០​នាក់ ហើយ​ពួក​ឯង​១០០​នឹង​ដេញ​គេ​ដល់​ទៅ​១​ម៉ឺន​នាក់​ក៏​បាន​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​នឹង​ដួល​ដោយ​ដាវ នៅ​មុខ​ឯង
9 អញ​នឹង​ជួយ​ទំនុក‌បម្រុង​ឯង​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា​ដែរ
10 ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ
11 អញ​នឹង​តាំង​ទី​លំនៅ​របស់​អញ​នៅ​កណ្តាល​ឯង​រាល់​គ្នា ឥត​ដែល​មាន​សេចក្ដី​ខ្ពើម​ដល់​ឯង​រាល់​គ្នា​ឡើយ
12 អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ
13 អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ​ទៀត អញ​បាន​បំបាក់​កាំ​នឹម​របស់​ឯង​រាល់​គ្នា​ចេញ ហើយ​បាន​នាំ​ឲ្យ​ដើរ​ដោយ​ត្រង់​ខ្លួន​ឡើង​វិញ។
14 តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​នេះ
15 ដោយ​មើល‌ងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ​ចេញ​វិញ
16 នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​និង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ
17 អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួត‌ត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។
18 បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង
19 អញ​នឹង​បំបាត់​សេចក្ដី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន
20 នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កម្លាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។
21 បើ​ឯង​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​អញ​នឹង​នាំ​ឲ្យ​ឯង​មាន​សេចក្ដី​វេទនា​៧​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​ឯង
22 អញ​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្តាល​ពួក​ឯង សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​ឯង​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​ឯង​ផង និង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​ឯង​ទៅ​ជា​សូន្យ​ស្ងាត់។
23 បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ
24 នោះ​អញ​នឹង​ដើរ​ទាស់​នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​និង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង
25 អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្ដី​សង‌សឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា​នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ
26 កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។
27 បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត
28 នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​និង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង
29 ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង
30 អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា
31 អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​និង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ
32 អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្ដី​ងឿង‌ឆ្ងល់
33 ឯ​ឯង​រាល់​គ្នា អញ​នឹង​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​និង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។
34 ស្រុក​នោះ​នឹង​បាន​សម្រាក ក្នុង​រវាង​ប៉ុន្មាន​ដែល​កំពុង​នៅ​ស្ងាត់‌ឈឹង ហើយ​ឯង​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​ឯង​ដូច្នេះ គឺ​ស្រុក​ឯង​នឹង​បាន​ត្រេក‌អរ​ឡើង​ដោយ​មាន​ពេល​ឈប់​សម្រាក​វិញ
35 ក្នុង​ប៉ុន្មាន​ឆ្នាំ​ដែល​ស្រុក​នៅ​ស្ងាត់​ឈឹង នោះ​នឹង​បាន​សម្រាក​ទៅ គឺ​នឹង​បំពេញ​ការ​សម្រាក ដែល​ខាន​មាន​ពី​កាល​គួរ​ឈប់​សម្រាក ក្នុង​គ្រា​ដែល​ឯង​រាល់​គ្នា​នៅ​ស្រុក​នោះ​នៅ​ឡើយ
36 ឯ​ពួក​ឯង​ដែល​សល់​នៅ នោះ​អញ​នឹង​បណ្តាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ​ផង ក៏​នឹង​ដួល ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ឡើយ
37 គេ​នឹង​ជំពប់​ដួល​ប្រគរ​គ្នា ដូច​ជា​ស្លាប់​ដោយ​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​ផង ហើយ​ឯង​រាល់​គ្នា​នឹង​គ្មាន​កម្លាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​ឯង​សោះ
38 ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ នៅ​អស់​ទាំង​នគរ ហើយ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ឯង​ទៅ
39 ឯ​ពួក​ឯង​រាល់​គ្នា ដែល​សល់​នៅ នោះ​នឹង​ស្រងេះ‌ស្រងោច នៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​នា​ស្រុក​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​និង​ស្រងេះ‌ស្រងោច​ទៅ ដោយ​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​ដែរ។
40 នោះ​គេ​នឹង​លន់‌តួ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​គេ​ដែរ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​អញ ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​អញ​ផង
41 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​អញ​ដើរ​ទាស់​ទទឹង​នឹង​គេ​ដែរ ហើយ​បាន​នាំ​គេ​ទៅ​នៅ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ដូច្នេះ បើ​ចិត្ត​ដែល​មិន​ទាន់​កាត់​ស្បែក​របស់​គេ​បាន​ទទួល​ចាល‌ចាញ់ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​គេ
42 នោះ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​យ៉ាកុប និង​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​អ៊ីសាក ហើយ​និង​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​អ័ប្រា‌ហាំ អញ​ក៏​នឹង​នឹក​ចាំ​ពី​ស្រុក​នោះ​ដែរ
43 ឯ​ស្រុក​នោះ​នឹង​ត្រូវ​គេ​ចោល​ទទេ ហើយ​និង​បាន​អរ​ចំពោះ​ឆ្នាំ​ឈប់​សម្រាក កំពុង​ដែល​នៅ​ស្ងាត់ ឥត​មាន​គេ​នៅៗ​ឡើយ ហើយ​គេ​នឹង​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន គឺ​ពី​ព្រោះ​គេ​បាន​មើល‌ងាយ​ដល់​សេចក្ដី​បញ្ញត្ត​របស់​អញ ហើយ​ចិត្ត​គេ​បាន​ខ្ពើម​ដល់​អស់​ទាំង​ច្បាប់​អញ​ដែរ
44 ប៉ុន្តែ ទោះ​បើ​ការ​នោះ​យ៉ាង​ដូច្នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បោះ​បង់​ចោល​គេ ក្នុង​កាល​ដែល​គេ​នៅ​ស្រុក​របស់​ខ្មាំង​សត្រូវ​នោះ​ឡើយ ក៏​មិន​ខ្ពើម​គេ​ដល់​ទៅ​បំផ្លាញ​ចេញ​អស់​រលីង ឬ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​នោះ​ដែរ ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​គេ
45 តែ​ដោយ​យល់​ដល់​គេ នោះ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ពួក​អយ្យកោ ដែល​អញ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ចំពោះ​ភ្នែក​នៃ​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​គេ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។
46 នេះ​ហើយ​ជា​ច្បាប់ ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រង់​ភ្នំ​ស៊ី‌ណាយ ដោយ‌សារ​ម៉ូសេ។