លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 12

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​ស្ត្រី​ណា​មាន​ទំងន់ ហើយ​សម្រាល​បាន​កូន​ប្រុស នាង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​គ្រប់​៧​ថ្ងៃ ត្រូវ​រាប់​ជា​មិន​ស្អាត ដូច​ជា​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ 3លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ចេញ 4រួច​នាង​នោះ​ត្រូវ​នៅ​៣៣​ថ្ងៃ​ទៀត ដើម្បី​សម្អាត​ខ្លួន​ពី​ឈាម​ចេញ មិន​ត្រូវ​ពាល់​របស់​បរិសុទ្ធ​ណា​មួយ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ទាល់​តែ​ថ្ងៃ​ដែល​សម្អាត​ខ្លួន​នោះ​បាន​សម្រេច 5បើ​នាង​សម្រាល​ជា​កូន​ស្រី​វិញ នោះ​ត្រូវ​ឲ្យ​នៅ​ជា​មិន​ស្អាត​គ្រប់​២​អាទិត្យ ដូច​ជា​នៅ​ថ្ងៃ​រដូវ​នាង រួច​នាង​ត្រូវ​នៅ​៦៦​ថ្ងៃ​ទៀត ដើម្បី​សម្អាត​ខ្លួន​ពី​ឈាម​ចេញ 6លុះ​កាល​ណា​បាន​សម្រេច​ថ្ងៃ​សម្អាត​ខ្លួន ដោយ​ព្រោះ​សម្រាល​កូន​ប្រុស ឬ​ស្រី​ហើយ នោះ​នាង​ត្រូវ​យក​កូន​ចៀម​១ អាយុ​១ ខួប សម្រាប់​ជា​តង្វាយ​ដុត និង​ព្រាប​ជំទើរ​១ ឬ​លលក​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​មក ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ 7ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន​នាង នោះ​នាង​នឹង​បាន​ស្អាត រួច​ពី​ឈាម​នាង​ទៅ នេះ​ហើយ​ជា​របៀប​ខាង​ឯ​ស្ត្រី​ដែល​សម្រាល​កូន ទោះ​បើ​ជា​កូន​ប្រុស ឬ​ស្រី​ក្តី 8តែ​បើ​នាង​ខ្វះ​ខាត​មិន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ គឺ​១​សម្រាប់​ជា​តង្វាយ​ដុត ហើយ​១​សម្រាប់​ជា​តង្វាយ​លោះ​បាប ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ​ឲ្យ​ធួន​នឹង​នាង រួច​នាង​នឹង​បាន​ស្អាត​វិញ។