លេវីវិន័យ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27


ជំពូក 6

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 បើ​អ្នក​ណា​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​កុហក​ដល់​អ្នក​ជិត​ខាង​ខ្លួន​ពី​របស់​អ្វី​ដែល​គេ​បាន​ផ្ញើ​ទុក ឬ​បញ្ចាំ​នៅ​ដៃ​ខ្លួន ឬ​ដែល​ខ្លួន​បាន​លួច ឬ​ដែល​បាន​សង្កត់‌សង្កិន​ដល់​អ្នក​ជិត​ខាង
3 ឬ​បាន​រើស​របស់​ដែល​គេ​បាត់ ហើយ​កុហក​ថា មិន​ឃើញ ឬ​ស្បថ​កុហក​ក្នុង​សេចក្ដី​ណា​មួយ​នេះ ដែល​មនុស្ស​តែង​ប្រព្រឹត្ត​ទាំង​ធ្វើ​បាប​ដូច្នោះ
4 បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​ឲ្យ​សង​របស់​ដែល​ខ្លួន​បាន​លួច បាន​កំហែង​យក ដែល​គេ​បាន​ផ្ញើ​ទុក​នឹង​ខ្លួន ឬ​របស់​បាត់​ដែល​ខ្លួន​បាន​ឃើញ
5 និង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​១​ភាគ​ក្នុង​៥​ផង ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា​មាន​ទោស ដូច្នោះ​ហើយ
6 រួច​ត្រូវ​យក​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង​របស់​ខ្លួន មក​ប្រគល់​ដល់​សង្ឃ សម្រាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ ទុក​ជា​តង្វាយ​ដោយ​ព្រោះ​ការ​រំលង
7 ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស ចំពោះ​ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទោស​ដោយ​ប្រព្រឹត្ត​នោះ។
8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
9 ចូរ​បង្គាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា នោះ​ជា​របៀប​តង្វាយ​ដុត គឺ​តង្វាយ​នេះ​ត្រូវ​តែ​នៅ​លើ​ជើង‌ក្រាន​នៃ​អាសនៈ​ពេញ​១​យប់​ទាល់​ព្រឹក ហើយ​ភ្លើង​ដែល​នៅ​លើ​អាសនៈ​ក៏​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ដែរ
10 ឯ​សង្ឃ​ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស ហើយ​ស្លៀក​ខោ​ខ្លូត‌ទេស ទៅ​កើប​ផែះ​ដែល​ភ្លើង​បាន​ឆេះ​តង្វាយ​នៅ​លើ​អាសនៈ ហើយ​ដាក់​នៅ​ក្បែរ​អាសនៈ​សិន
11 រួច​ដោះ​សម្លៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ឯ​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កន្លែង​ស្អាត
12 ឯ​ភ្លើង​នៅ​លើ​អាសនៈ នោះ​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ឥត​រលត់​ឡើយ រាល់​តែ​ព្រឹក​ត្រូវ​ឲ្យ​សង្ឃ​ដាក់​ឧស​នៅ​លើ​នោះ រួច​រៀប​តង្វាយ​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​តង្វាយ​មេត្រី​ផង
13 ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជានិច្ច​លើ​អាសនៈ មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។
14 នេះ​ជា​របៀប​តង្វាយ​ម្សៅ គឺ​ពួក​កូន​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនៈ​ប៉ែក​ខាង​មុខ
15 ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ហើយ​និង​កំញាន​ដែល​នៅ​លើ​តង្វាយ​ម្សៅ​នោះ​ដុត​ទាំង​អស់ សម្រាប់​ជា​ក្លិន​ឈ្ងុយ នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក​ដល់​ព្រះ‌យេហូវ៉ា
16 ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​បរិភោគ ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិភោគ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ
17 មិន​ត្រូវ​ចំអិន​ម្សៅ​នោះ​ដោយ​លាយ​នឹង​ដំបែ​ឡើយ អញ​បាន​ឲ្យ​ម្សៅ​នោះ​ទុក​ជា​ចំណែក​របស់​គេ​ពី​តង្វាយ​ដែល​ដុត​ថ្វាយ​អញ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​តង្វាយ​សម្រាប់​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ
18 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិភោគ​តង្វាយ​ម្សៅ​នោះ ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​តង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។
19 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
20 នេះ​ជា​តង្វាយ​ដែល​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​ថ្ងៃ​ដែល​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ត្រូវ​ថ្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង សម្រាប់​តង្វាយ​ម្សៅ ដែល​ថ្វាយ​នៅ​ជានិច្ច ត្រូវ​ថ្វាយ​ពាក់​កណ្តាល​ក្នុង​ពេល​ព្រឹក ហើយ​ពាក់​កណ្តាល​ក្នុង​ពេល​ល្ងាច
21 ត្រូវ​ធ្វើ​តង្វាយ​នោះ​លាយ​នឹង​ប្រេង​ចាក់​ចុះ​ក្នុង​ពុម្ព កាល​ណា​ឆ្អិន​ហើយ នោះ​ត្រូវ​យក​មក​បំបែក​ជា​ដុំៗ ថ្វាយ​ជា​តង្វាយ​ម្សៅ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា
22 ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ឯង ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ នេះ​ជា​ច្បាប់​សម្រាប់​អស់‌កល្ប‌ជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​តង្វាយ​នោះ ត្រូវ​ដុត​ទៅ​ទាំង​អស់​វិញ
23 គ្រប់​ទាំង​តង្វាយ​ម្សៅ​ដែល​ពួក​សង្ឃ​ថ្វាយ នោះ​ត្រូវ​តែ​ដុត​ទាំង​អស់ មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ។
24 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
25 ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​តង្វាយ​ដែល​សម្រាប់​លោះ​បាប គឺ​ត្រូវ​តែ​សម្លាប់​តង្វាយ​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ តង្វាយ​នោះ​ជា​បរិសុទ្ធ​បំផុត
26 ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិភោគ​តង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ
27 អ្វីៗ​ដែល​ប៉ះ​ពាល់​នឹង​សាច់​នោះ ក៏​ត្រូវ​បរិសុទ្ធ​ដែរ ហើយ​បើ​កាល​ណា​ឈាម​តង្វាយ​នោះ​ខ្ទាត​ទៅ​លើ​អាវ​ណា ត្រូវ​លាង​អាវ​ដែល​ប្រឡាក់​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ
28 តែ​ថ្លាង​ណា​ដែល​ប្រើ​ស្ងោរ​សាច់​នោះ ត្រូវ​តែ​បំបែក​ចោល ឬ​បើ​ជា​ឆ្នាំង​លង្ហិន​វិញ នោះ​ត្រូវ​តែ​ដុស​លាង​សម្អាត​ក្នុង​ទឹក​ចេញ
29 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ​ត្រូវ​បរិភោគ​តង្វាយ​នោះ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត
30 តែ​ឯ​តង្វាយ​លោះ​បាប ដែល​បាន​យក​ឈាម​ទៅ​ក្នុង​ត្រសាល​ជំនុំ ឲ្យ​បាន​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ត្រូវ​តែ​ដុត​នឹង​ភ្លើង​វិញ។