យ៉ូហាន

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21


ជំពូក 18

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រុន បាន​នាំ​ទាំង​ពួក​សិស្ស​ទៅ​ផង ហើយ​ទ្រង់ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​ច្បារ​១​ដែល​នៅ​ទី​នោះ
2 ឯ​យូដាស ដែល​ជា​អ្នក​បញ្ជូន​ទ្រង់ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​ព្រះ‌យេស៊ូវ និង​ពួក​សិស្ស តែង​ប្រជុំ​នៅ​ទី​នោះ​ជា​ញឹក‌ញយ
3 ដូច្នេះ កាល​យូដាស​បាន​ទទួល​ពួក​ទាហាន និង​ពួក​អាជ្ញា​ខ្លះ ពី​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​គ្រឿង​សស្ត្រា‌វុធ​ផង
4 ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ការ​ទាំង​អស់ ដែល​ត្រូវ​មក​ដល់​ទ្រង់ បាន​ជា​ទ្រង់​យាង​ចេញ​ទៅ​សួរ​គេ​ថា តើ​មក​រក​អ្នក​ណា
5 គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ
6 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ នោះ​គេ​ក៏​ថយ​ក្រោយ ដួល​ផ្ងារ​ទាំង​អស់​គ្នា
7 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា តើ​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត
8 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ នោះ​ចូរ​បើក​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ
9 នោះ​គឺ​ដើម្បី​ឲ្យ​បាន​សម្រេច​ពាក្យ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​សូម្បី​ម្នាក់ ក៏​មិន​បាត់‌ផង
10 រីឯ​ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សម្ដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ​ម៉ាល‌កុស
11 នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ‌វរ‌បិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី។
12 នោះ​ពួក​ទាហាន និង​មេ‌ទ័ព ហើយ​ពួក​អាជ្ញា​របស់​សាសន៍​យូដា ក៏​ចាប់​ព្រះ‌យេស៊ូវ​ចង
13 រួច​នាំ​ទៅ​ឯ​លោក​អាណ ជា​មុន​ដំបូង ដ្បិត​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សម្ដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ
14 គឺ​លោក​កៃផា​នេះ​ឯង ដែល​ទូន្មាន​ដល់​ពួក​សាសន៍​យូដា​ថា មាន​ប្រយោជន៍​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន
15 ឯ​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះ‌យេស៊ូវ​ទៅ សម្ដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌លាន​សម្ដេច​សង្ឃ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ
16 ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សម្ដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក
17 នោះ​បាវ​ស្រី​ដែល​ចាំ​ទ្វារ​និយាយ​ទៅ​ពេត្រុស​ថា អ្នក​ឯង​ជា​សិស្ស​របស់​មនុស្ស​នោះ​ដែរ​ឬ គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​មែន​ទេ
18 ពួក​បាវ និង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ។
19 នោះ​សម្ដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស និង​សេចក្ដី​ដែល​ទ្រង់​បង្រៀន
20 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ
21 ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ដែរ
22 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សម្ដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ
23 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្ដី​អាក្រក់​នោះ​ចុះ តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ
24 នោះ​លោក​អាណ​ឲ្យ​គេ​នាំ​ទ្រង់​ទាំង​ជាប់​ចំណង ទៅ​ឯ​លោក​កៃផា ជា​សម្ដេច​សង្ឃ​វិញ។
25 ឯ​ស៊ីម៉ូន-ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង ដូច្នេះ គេ​សួរ​គាត់​ថា អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​មែន​ទេ
26 មាន​ពួក​បាវ​សម្ដេច​សង្ឃ​ម្នាក់ គឺ​ជា​សាច់‌ញាតិ​នឹង​អ្នក​ដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក​នោះ ក៏​និយាយ​ថា តើ​អញ​មិន​បាន​ឃើញ​ឯង​នៅ​ក្នុង​ច្បារ​ជា​មួយ​នឹង​អ្នក​នោះ​ទេ​ឬ​អី
27 ពេត្រុស​ក៏​ប្រកែក​ម្តង​ទៀត ស្រាប់​តែ​មាន់​រងាវ​ឡើង។
28 គេ​នាំ​ព្រះ‌យេស៊ូវ ពី​លោក​កៃផា ទៅ​ក្នុង​សាលា​ជំនុំ ពេល​នោះ ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​សាលា​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង និង​បរិភោគ​បុណ្យ​រំលង​មិន​បាន
29 ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​ឯ​គេ សួរ​ថា តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​មនុស្ស​នេះ​ពី​រឿង​អ្វី
30 គេ​ឆ្លើយ​ទៅ​លោក​ថា បើ​វា​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិន​បាន​បញ្ជូន​វា​មក​ទេ
31 ដូច្នេះ លោក​ពីឡាត់​មាន​ប្រសាសន៍​ថា ចូរ​យក​ទៅ​ជំនុំ‌ជម្រះ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ តែ​ពួក​សាសន៍​យូដា​ជម្រាប​លោក​ថា យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​សម្លាប់​អ្នក​ណា​ទេ
32 គេ​និយាយ​ដូច្នោះ ដើម្បី​ឲ្យ​បាន​សម្រេច​ពាក្យ ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល និង​បង្ហាញ​ពី​ទ្រង់​ត្រូវសុគត​បែប​យ៉ាង​ណា
33 នោះ​លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​ដណ្តឹង​សួរ​ថា តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​ឬ​អី
34 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជម្រាប​លោក​ពី​ខ្ញុំ
35 លោក​ពីឡាត់​ឆ្លើយ​ថា តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ​អី គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ ចុះ​អ្នក​បាន​ធ្វើ​អ្វី
36 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ៍​នេះ នោះ​ពួក​អ្នក​បម្រើ​ខ្ញុំ គេ​នឹង​បាន​ត‌យុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ
37 លោក​ពីឡាត់​ក៏​សួរ​ទ្រង់​ថា ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ​សម្រាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្ដី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ
38 លោក​ពីឡាត់​ទូល​សួរ​ទ្រង់​ថា តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្ដី​ពិត​នោះ។ កាល​បាន​ទូល​ដូច្នោះ​រួច​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​សាសន៍​យូដា​ម្តង​ទៀត ក៏​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ
39 អ្នក​រាល់​គ្នា​មាន​ទម្លាប់​ធ្លាប់​ឲ្យ​ខ្ញុំ​លែង​ម្នាក់ ដល់​អ្នក​រាល់​គ្នា នៅ​វេលា​បុណ្យ​រំលង ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​នៃ​សាសន៍​យូដា​ឬ​អី
40 គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា​ម្តង​ទៀត​ថា កុំ​លែង​អ្នក​នោះ​ឡើយ សូម​លែង​បារ៉ា‌បាស​វិញ រីឯ​បារ៉ា‌បាស វា​ជា​ចោរ​ប្លន់។