យ៉ូហាន
ជំពូក 12
កាលមុនបុណ្យរំលង៦ថ្ងៃ នោះព្រះយេស៊ូវទ្រង់យាងមកដល់ភូមិបេថានី ជាកន្លែងឡាសារនៅ គឺជាអ្នកដែលទ្រង់បានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ
2 នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយទ្រង់ ហើយនាងម៉ាថាក៏ខ្វល់ខ្វាយបម្រើ ឯឡាសារ គាត់នៅក្នុងពួកអ្នកដែលអង្គុយនៅតុជាមួយនឹងទ្រង់ដែរ
3 នោះនាងម៉ារាយកប្រេងក្រអូបទេព្វិរូសុទ្ធ១នាលិ មានតម្លៃណាស់ មកចាក់លាបព្រះបាទទ្រង់ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ
4 ដូច្នេះ ពួកសិស្សទ្រង់ម្នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលរៀបនឹងបញ្ជូនទ្រង់ ក៏និយាយឡើងថា
5 ម្តេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាតម្លៃ៦០រៀល ដើម្បីចែកឲ្យមនុស្សក្រីក្រវិញ
6 វានិយាយដូច្នោះ មិនមែនដោយព្រោះវាយកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេ គឺដោយព្រោះវាជាចោរ វាកាន់ថង់ប្រាក់ ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផង
7 ព្រះយេស៊ូវមានព្រះបន្ទូលថា កុំឲ្យធ្វើនាងឡើយ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សម្រាប់ដល់ថ្ងៃបញ្ចុះខ្មោចខ្ញុំ
8 ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ។
9 មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ទ្រង់គង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង
10 តែពួកសង្គ្រាជគេជំនុំគ្នានឹងសម្លាប់ទាំងឡាសារដែរ
11 ដ្បិតដោយព្រោះតែគាត់ បានជាមានសាសន៍យូដាជាច្រើន ដកខ្លួនចេញពីពួកគេ ទៅជឿដល់ព្រះយេស៊ូវវិញ។
12 លុះថ្ងៃស្អែកឡើង កាលបណ្តាមនុស្ស ដែលមកឯបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡឹម
13 នោះមានគ្នាសន្ធឹក យកធាងចាកចេញទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ
14 កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្ដីដែលចែងទុកមកថា
15 «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ មើល ស្តេចឯងទ្រង់យាងមក ទាំងគង់លើកូនលា»
16 មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្ដីទាំងនោះទេ តែកាលព្រះយេស៊ូវបានតម្កើងឡើងហើយ នោះគេនឹងឃើញថា មានសេចក្ដីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសម្រេចការទាំងនោះថ្វាយទ្រង់ដែរ
17 រីឯហ្វូងមនុស្ស ដែលនៅជាមួយនឹងទ្រង់ គេក៏ធ្វើបន្ទាល់ពីកាលទ្រង់ហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ
18 គឺដោយហេតុនោះបានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសម្គាល់នោះ
19 ដូច្នេះ ពួកផារីស៊ីនិយាយគ្នាគេថា មើល ពួកយើងមិនឈ្នះទេ ឃើញឬទេ លោកីយ៍ទាំងស្រុងទៅតាមអ្នកនោះហើយ។
20 ក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំ នៅក្នុងវេលាបុណ្យនោះ ក៏មានសាសន៍ក្រេកខ្លះដែរ
21 គេមកឯភីលីព ជាអ្នកនៅភូមិបេតសៃដា ស្រុកកាលីឡេ គេសូមគាត់ថា លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ
22 ភីលីពក៏ទៅប្រាប់អនទ្រេ រួចអនទ្រេ និងភីលីពទៅទូលដល់ព្រះយេស៊ូវ
23 តែទ្រង់មានព្រះបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវតម្កើងឡើង បានមកដល់ហើយ
24 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង
25 អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ
26 បើអ្នកណាបម្រើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបម្រើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបម្រើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។
27 ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ
28 ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមទ្រង់ឡើង នោះស្រាប់តែមានឮសំឡេងពីលើមេឃថា អញបានតម្កើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ
29 ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះ ហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់
30 តែព្រះយេស៊ូវទ្រង់ឆ្លើយថា សំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេ គឺដោយយល់ដល់អ្នករាល់គ្នាវិញ
31 ឥឡូវ លោកីយ៍នេះត្រូវជាប់ទោសហើយ ឥឡូវនេះ ចៅហ្វាយរបស់លោកីយ៍នេះ ក៏ត្រូវបោះចោលចេញ
32 ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ
33 ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះ ដើម្បីនឹងបង្ហាញពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា
34 ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ
35 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្ដីងងឹត នោះមិនដឹងជាទៅឯណាទេ
36 ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។
37 លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសម្គាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ
38 ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសម្រេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្ដីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសម្ដែងមក ឲ្យអ្នកណាឃើញ»
39 គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា
40 «ទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញ ចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា»
41 លោកអេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់
42 ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារីស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ
43 ពីព្រោះគេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ។
44 ព្រះយេស៊ូវទ្រង់បន្លឺឡើងថា អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំ គឺជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
45 ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ
46 ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្ដីងងឹតឡើយ
47 បើអ្នកណាឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេ ដ្បិតខ្ញុំមិនបានមក ដើម្បីនឹងកាត់ទោសដល់លោកីយ៍ទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ
48 អ្នកណាដែលវៀរបង់ចោលខ្ញុំ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសខ្លួនហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯង ពាក្យនោះនឹងកាត់ទោសដល់គេ នៅថ្ងៃចុងបំផុត
49 ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ
50 ខ្ញុំក៏ដឹងថា សេចក្ដីដែលទ្រង់បង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ សេចក្ដីអ្វីដែលខ្ញុំនិយាយ នោះខ្ញុំនិយាយតាមដែលព្រះវរបិតាបានប្រាប់មក។