យ៉ូហាន
ជំពូក 6
លុះក្រោយមក ព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីឡេ គឺជាសមុទ្រទីបេរាស
2 ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសម្គាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ
3 នោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំ គង់ជាមួយនឹងពួកសិស្សនៅទីនោះ
4 រីឯបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ក៏ជិតដល់ហើយ
5 ឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ឃើញមនុស្សកកកុញមកឯទ្រង់ នោះទ្រង់មានព្រះបន្ទូលទៅភីលីពថា យើងនឹងទិញនំបុ័ងពីណាមក ឲ្យមនុស្សទាំងអស់នេះបានបរិភោគ
6 ទ្រង់មានព្រះបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ
7 ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង
8 មានសិស្សទ្រង់ម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស គាត់ទូលទ្រង់ថា
9 នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥ និងត្រីតូច២ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី ដល់មនុស្សច្រើនទាំងម៉្លេះ
10 ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរឲ្យមនុស្សទាំងអស់អង្គុយទៅ រីឯនៅទីនោះ មានស្មៅច្រើន ដូច្នេះ គេក៏នាំគ្នាអង្គុយ មានចំនួនប្រហែលជា៥ពាន់នាក់
11 រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន
12 លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ
13 ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក
14 កាលមនុស្សទាំងប៉ុន្មានបានឃើញទីសម្គាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយ៍មែន
15 ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំ តែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកម្លាំង ដើម្បីនឹងតាំងឡើងជាស្តេច។
16 លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ
17 ក៏ចុះទូកឆ្លងទៅកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ
18 សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង
19 កាលគេបានចែវទៅប្រហែលជា៥ ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្ដីភ័យខ្លាច
20 តែទ្រង់មានព្រះបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ
21 នោះគេក៏ព្រមទទួលទ្រង់មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។
22 ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ
23 (ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ)
24 ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់
25 កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា
26 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសម្គាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ
27 កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក
28 ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ
29 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក
30 នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសម្គាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ
31 ពួកអយ្យកោយើងខ្ញុំបានបរិភោគនំម៉ាន៉ានៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ»
32 ឯព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ង ពីស្ថានសួគ៌នោះមកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ
33 ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង
34 ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។
35 ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ
36 ប៉ុន្តែ ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ
37 អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ
38 ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក
39 ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ
40 នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
41 នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានព្រះបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក
42 គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ
43 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ
44 គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ
45 នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ
46 នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន
47 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច
48 ខ្ញុំជានំបុ័ងជីវិត
49 ពួកអយ្យកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ
50 ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណា ដែលបរិភោគមិនត្រូវស្លាប់ឡើយ
51 ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក
52 ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួន មកយើងបរិភោគបាន។
53 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ
54 អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត
55 ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ
56 អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ
57 អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅដោយសារទ្រង់ដែរ
58 នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកអយ្យកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ
59 ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។
60 ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្ដីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន
61 ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថា ពួកសិស្សរទូរទាំពីសេចក្ដីនោះ បានជាទ្រង់មានព្រះបន្ទូលថា តើសេចក្ដីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី
62 ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ
63 គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ
64 ប៉ុន្តែ មានអ្នករាល់គ្នាខ្លះមិនជឿទេ នេះដ្បិតព្រះយេស៊ូវទ្រង់ជ្រាប តាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនទ្រង់
65 ទ្រង់ក៏មានព្រះបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។
66 តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ
67 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ
68 ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច
69 យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត
70 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួក១២នាក់ទេឬអី តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ
71 នេះគឺទ្រង់មានព្រះបន្ទូលពីយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។