យ៉ូហាន

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21


ជំពូក 7

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​យាង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យាង​ក្នុង​ស្រុក​យូដា​ទេ ពី​ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ទ្រង់
2 រីឯ​បុណ្យ​របស់​សាសន៍​យូដា ដែល​ហៅ​ថា​បុណ្យ​បារាំ​នោះ​ជិត​ដល់​ហើយ
3 ដូច្នេះ ពួក​ប្អូន​ទ្រង់​ទូល​ថា ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​ការ​ដែល​បង​ធ្វើ​ផង
4 ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន នោះ​មិន​ដែល​ធ្វើ​ការ​ដោយ​សម្ងាត់​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ ចូរ​សម្ដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដែរ
5 ដ្បិត​ពួក​ប្អូន​ទ្រង់​មិន​បាន​ជឿ​ដល់​ទ្រង់​ទេ
6 ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា ឯ​ពេល​វេលា​របស់​ឯង​រាល់​គ្នា នោះ​ចេះ​តែ​មាន​ជានិច្ច តែ​ពេល​វេលា​របស់​អញ​មិន​ទាន់​ដល់​នៅ​ឡើយ
7 លោកីយ៍​ពុំ​អាច​នឹង​ស្អប់​ឯង​រាល់​គ្នា​បាន​ទេ តែ​គេ​ស្អប់​អញ​វិញ ពី​ព្រោះ​អញ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់
8 ចូរ​ឯង​រាល់​គ្នា​ឡើង​ទៅ​ឯ​បុណ្យ​នេះ​ចុះ ឯ​អញ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​អញ​មិន​ទាន់​សម្រេច​នៅ​ឡើយ
9 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​គង់​នៅ​ស្រុក​កាលី‌ឡេ​ដដែល។
10 ប៉ុន្តែ កាល​ពួក​ប្អូន​ទ្រង់​ឡើង​ទៅ​ឯ​បុណ្យ​នោះ​ផុត​ហើយ នោះ​ទ្រង់​ក៏​យាង​ទៅ​ដែរ តែ​មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សម្ងាត់​វិញ
11 រីឯ​ពួក​សាសន៍​យូដា គេ​សួរ​រក​ទ្រង់​នៅ​ឯ​ទី​បុណ្យ​ថា តើ​លោក​នៅ​ឯ​ណា
12 ហើយ​ក្នុង​ហ្វូង​មនុស្ស ក៏​ឮ​ខ្សឹប‌ខ្សៀវ​ពី​ដំណើរ​ទ្រង់​ជា​ច្រើន ខ្លះ​ថា លោក​ជា​មនុស្ស​ល្អ ខ្លះ​ទៀត​ថា ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ
13 ប៉ុន្តែ គ្មាន​អ្នក​ឯ​ណា​ហ៊ាន​និយាយ​ពី​ដំណើរ​ទ្រង់ ឲ្យ​បណ្តា‌ជន​ដឹង​ឡើយ ព្រោះ​ខ្លាច​សាសន៍​យូដា។
14 នៅ​ពាក់​កណ្តាល​ពេល​បុណ្យ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឡើង​ទៅ​បង្រៀន​ក្នុង​ព្រះ‌វិហារ
15 ហើយ​ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​ចេះ​គម្ពីរ​ដូច្នេះ ពី​ព្រោះ​គាត់​មិន​ដែល​រៀន‌សូត្រ​សោះ
16 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ
17 បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ
18 អ្នក​ណា​ដែល​និយាយ​ដោយ​អាង​ខ្លួន​ឯង នោះ​ចង់​តែ​លើក​តម្កើង​ដល់​ខ្លួន​ទេ តែ​អ្នក​ដែល​ចង់​លើក​តម្កើង ថ្វាយ​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក នោះ​ទើប​ពិត​វិញ ហើយ​ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ឡើយ
19 ឯ​លោក​ម៉ូសេ តើ​មិន​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ​អី ប៉ុន្តែ ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ
20 ហ្វូង​មនុស្ស​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ឯង​មាន​អារក្ស​ចូល​ទេ តើ​មាន​អ្នក​ណា​រក​សម្លាប់​ឯង
21 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ធ្វើ​ការ​១ ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា
22 លោក​ម៉ូសេ​ក៏​ឲ្យ​ពិធី​កាត់​ស្បែក​មក​អ្នក​រាល់​គ្នា (មិន​មែន​ថា​កើត​ពី​លោក​ម៉ូសេ​ទេ គឺ​ពី​ពួក​អយ្យកោ​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ឲ្យ​មនុស្ស នៅ​ថ្ងៃ​ឈប់​សម្រាក​ផង
23 ដូច្នេះ បើ​មនុស្ស​ទទួល​កាត់​ស្បែក នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​មិន​ឲ្យ​រំលង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​តើ​អ្នក​រាល់​គ្នា​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​ស្រឡះ នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​អី
24 កុំ​ឲ្យ​ជំនុំ‌ជម្រះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជម្រះ​តាម​សេចក្ដី​សុចរិត​វិញ។
25 នោះ​មាន​ពួក​ក្រុង​យេរូ‌សាឡឹម​ខ្លះ​និយាយ​ថា គឺ​អ្នក​នេះ​ទេ​តើ ដែល​គេ​រក​សម្លាប់​នោះ
26 ហើយ​មើល​គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ​អី
27 ឯ​អ្នក​នេះ យើង​ដឹង​ជា​មក​ពី​ណា តែ​ព្រះ‌គ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ
28 ដូច្នេះ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ក៏​បន្លឺ‌ឧទាន​ឡើង​ថា អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា​ផង តែ​ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ឯ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់​ហើយ អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ
29 តែ​ខ្ញុំ​ស្គាល់​ទ្រង់ ពី​ព្រោះ​ខ្ញុំ​មក​ពី​ទ្រង់ គឺ​ទ្រង់​ពិត​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក
30 ដូច្នេះ គេ​រក​ចាប់​ទ្រង់ ប៉ុន្តែ គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​សោះ ពី​ព្រោះ​កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ
31 នៅ​ក្នុង​បណ្តា​មនុស្ស​នោះ មាន​គ្នា​ច្រើន​បាន​ជឿ​ដល់​ទ្រង់ ហើយ​គេ​និយាយ​ថា កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី។
32 ឯ​ពួក​ផារី‌ស៊ី ក៏​ឮ​គេ​ខ្សឹប‌ខ្សៀវ​រឿង​ទាំង​នេះ​ពី​ទ្រង់ រួច​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី គេ​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ទ្រង់
33 ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ រួច​ខ្ញុំ​ទៅ​ឯ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ
34 អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ
35 នោះ​ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី
36 ពាក្យ​ដែល​គាត់​ថា «អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ» ហើយ​ថា «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ» នេះ​តើ​មាន​ន័យ​ដូច​ម្តេច។
37 នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ‌ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ
38 អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សម្ដែង​ហើយ
39 តែ​សេចក្ដី​នេះ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​តម្កើង​ឡើង នៅ​ឡើយ។
40 ដូច្នេះ កាល​បណ្តា​មនុស្ស​បាន​ឮ នោះ​មាន​គ្នា​ច្រើន​និយាយ​ថា លោក​នេះ​ពិត​ប្រាកដ​ជា​ហោរា​នោះ​ហើយ
41 អ្នក​ខ្លះ​ទៀត​ថា នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ ខ្លះ​ទៀត​ថា ចុះ​ព្រះ‌គ្រីស្ទ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ
42 តើ​គម្ពីរ​មិន​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ​អី
43 ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ទ្រង់
44 មាន​ខ្លះ​ចង់​ចាប់​ទ្រង់ តែ​គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​ទេ។
45 នោះ​ពួក​អាជ្ញា​ក៏​ត្រឡប់​ទៅ​ឯ​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី​វិញ លោក​ទាំង​នោះ​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក
46 ពួក​អាជ្ញា​ឆ្លើយ​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ
47 ដូច្នេះ ពួក​ផារី‌ស៊ី​ស្តី​ឲ្យ​ថា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឆោត​ដែរ​ឬ
48 តើ​មាន​អ្នក​ឯ​ណា​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារី‌ស៊ី ដែល​ជឿ​ដល់​អ្នក​នោះ​ឬ​ទេ
49 ឯ​ហ្វូង​មនុស្ស​នេះ ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ គេ​ជា​មនុស្ស​ត្រូវ​បណ្តាសា​វិញ
50 ឯ​លោក​នីកូដេម ជា​អ្នក​ដែល​មក​ឯ​ទ្រង់​ទាំង​យប់ ដែល​ជា​ពួក​ផារី‌ស៊ី​ដែរ លោក​និយាយ​ទៅ​គេ​ថា
51 តើ​ក្រឹត្យ‌វិន័យ​យើង​កាត់​ទោស​ដល់​មនុស្ស​ណា មុន​ដែល​បាន​ឮ​ពាក្យ​ចម្លើយ​ពី​ខ្លួន​អ្នក​នោះ ហើយ​ដឹង​ជា​ធ្វើ​ខុស​យ៉ាង​ណា​ឬ​អី
52 នោះ​គេ​ឆ្លើយ​ទៅ​លោក​ថា តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ ចូរ​ពិចារណា​មើល​ចុះ ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ
53 គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន