យ៉ូហាន

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21


ជំពូក 11

មាន​មនុស្ស​ម្នាក់ ឈ្មោះ​ឡាសារ មាន​ជំងឺ​ឈឺ គាត់​នៅ​ភូមិ​បេ‌ថានី ជា​ភូមិ​របស់​នាង​ម៉ារា និង​បង​នាង​ឈ្មោះ​ម៉ាថា
2 ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ថ្វាយ​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ទ្រង់
3 បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ
4 កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ថា ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​តម្កើង​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដោយ‌សារ​ជំងឺ​នេះ​ឯង
5 រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់​នាង​ម៉ាថា និង​ប្អូន​ស្រី​នាង ហើយ​និង​ឡាសារ​ផង
6 ដូច្នេះ កាល​ទ្រង់​បាន​ឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​២​ថ្ងៃ​ទៀត
7 ក្រោយ​នោះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ត្រឡប់​ទៅឯ​ស្រុក​យូដា​វិញ
8 ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ
9 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ៍​នេះ
10 តែ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ ពី​ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ
11 ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង
12 ដូច្នេះ ពួក​សិស្ស​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ
13 ឯ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​សម្រាក​ប៉ុណ្ណោះ
14 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ
15 ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ
16 ដូច្នេះ ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម គាត់​និយាយ​ទៅ​ពួក​សិស្ស​ជា​គូ‌កន​គាត់​ថា ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្តូរ​ស្លាប់​ជា​មួយ​នឹង​លោក។
17 កាល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ
18 រីឯ​ភូមិ​បេ‌ថានី នោះ​នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ​ទេ
19 ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់
20 កាល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នោះ​នាង​ក៏​ទៅ​ទទួល​ទ្រង់ តែ​ម៉ារា​អង្គុយ​នៅ​ឯ​ផ្ទះ
21 ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ
22 ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន
23 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើង​ដែរ
24 ម៉ាថា​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ
25 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ
26 ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ
27 នាង​ទូល​ឆ្លើយ​ថា ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ទ្រង់​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ៍​មែន។
28 កាល​នាង​បាន​ពោល​ពាក្យ​ដូច្នោះ​ហើយ នោះ​ក៏​ទៅ​ហៅ​ម៉ារា ប្អូន​នាង មក​ដោយ​សម្ងាត់ ប្រាប់​ថា លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​រក​ឯង
29 កាល​នាង​ម៉ារា​បាន​ឮ​ពាក្យ​នោះ ក៏​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​ឯ​ទ្រង់
30 ឯ​ព្រះ‌យេស៊ូវ ទ្រង់​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ គឺ​ទ្រង់​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប​នោះ
31 កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ កំពុង​តែ​ជួយ​កំសាន្ត​ចិត្ត​នាង​ម៉ារា បាន​ឃើញ​ថា នាង​ក្រោក​ឡើង​ចេញ​ទៅ​ជា​ប្រញាប់​ដូច្នេះ គេ​ក៏​តាម​នាង​ទៅ ដោយ​និយាយ​គ្នា​ថា នាង​គិត​ទៅ​យំ​ឯ​ផ្នូរ​ហើយ។
32 នាង​ម៉ារា​ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះ‌យេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ
33 កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ
34 ហើយ​មាន​ព្រះ‌បន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា គេ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់ សូម​យាង​ទៅ​ទត​មើល
35 ព្រះ‌យេស៊ូវ​ក៏​ទ្រង់​ព្រះ‌កន្សែង
36 ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎
37 ហើយ​ពួក​ខ្លះ​និយាយ​ថា លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ។
38 នោះ​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្ដី​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ​ម្តង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម​១​បិទ​សន្ធប់
39 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​ថ្ម​ចេញ តែ​ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ
40 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ​ទេ​ឬ​អី
41 ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា ឱ​ព្រះ‌វរ‌បិតា​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូល‌បង្គំ
42 ទូល‌បង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូល‌បង្គំ​ជា​ដរាប តែ​ដែល​ទូល‌បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ជុំ‌វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល‌បង្គំ​មក​មែន
43 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក
44 នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់‌ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ។
45 ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់
46 តែ​មាន​ខ្លះ​ទៅ​ជម្រាប​ដល់​ពួក​ផារី‌ស៊ី ពី​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ
47 នោះ​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សម្គាល់​ច្រើន​ណាស់
48 បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង
49 មាន​ក្រុម‌ជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សម្ដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ
50 ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ
51 តែ​លោក​មិន​និយាយ​សេចក្ដី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះ‌យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ
52 ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់​ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ
53 ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សម្លាប់​ទ្រង់​ចេញ
54 ហេតុ​នោះ​បាន​ជា​ព្រះ‌យេស៊ូវ មិន​បាន​យាង​នៅ​ក្នុង​ពួក​សាសន៍​យូដា ឲ្យ​គេ​ឃើញ​ទៀត​ទេ គឺ​ទ្រង់​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រា‌អិម ក៏​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស។
55 រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ
56 ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ សួរ​គ្នា​រក​ព្រះ‌យេស៊ូវ​ថា លោក​នោះ​មិន​មក​ឯ​បុណ្យ​នេះ​ទេ​ឬ​អី តើ​គិត​ដូច​ម្តេច
57 ឯ​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី​បាន​បង្គាប់​មក​ថា បើ​អ្នក​ណា​ដឹង​ជា​ទ្រង់​គង់​នៅ​ឯ​ណា នោះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ទ្រង់។